International
ចិនស្វាគមន៍ពូទីនយ៉ាងកក់ក្តៅ ប៉ុន្តែមិនទាន់ព្រមព្រៀងគ្នាលើគម្រោងលក់ឧស្ម័នធម្មជាតិតាមបំពង់បង្ហូរប្រេង

ចិនស្វាគមន៍ពូទីនយ៉ាងកក់ក្តៅ ប៉ុន្តែមិនទាន់ព្រមព្រៀងគ្នាលើគម្រោងលក់ឧស្ម័នធម្មជាតិតាមបំពង់បង្ហូរប្រេង
ប៉េកាំង៖ ប្រធានាធិបតីរុស្ស៊ី បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីប្រធានាធិបតីចិន ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំង ដោយភាគីទាំងពីរបានបង្ហាញពីទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ ប៉ុន្តែ ទោះបីបរិយាកាសមានភាពស្និទ្ធស្នាលយ៉ាងណាក៏ដោយ ក៏មិនទាន់មានកិច្ចព្រមព្រៀងចុងក្រោយលើគម្រោងបំពង់បង្ហូរឧស្ម័ន Power of Siberia 2 នោះទេ។
ក្នុងពិធីទទួលផ្លូវការ នៅវិមាន Great Hall of the People ក្រុមតន្ត្រីយោធាចិន បានប្រគំបទចម្រៀងរុស្ស៊ីដ៏ល្បី “Moscow Nights” ខណៈលោក ពូទីន និងលោក ស៊ី ជិនពីង ដើរលើកម្រាលព្រំក្រហមជាមួយគ្នា។ មេដឹកនាំទាំងពីរ បានហៅគ្នាទៅវិញទៅមកថា “មិត្តជាទីស្រឡាញ់” និង “មិត្តចាស់” ដោយបង្ហាញពីទំនាក់ទំនងផ្ទាល់ខ្លួនដ៏ជិតស្និទ្ធ បន្ទាប់ពីបានជួបគ្នាជាង ៤០លើកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។
ក្នុងសេចក្តីថ្លែងការណ៍សាធារណៈ ភាគីទាំងពីរ បានលើកឡើងពី “កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ” “ភាពជាដៃគូ” “ការគោរពគ្នាទៅវិញទៅមក” និង “ទំនុកចិត្ត” រវាងប្រទេសទាំងពីរ។ ពួកគេក៏បានរិះគន់គោលនយោបាយនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក និងគម្រោងប្រព័ន្ធការពារមីស៊ីល Golden Dome របស់ ផងដែរ។
ទោះជាយ៉ាងណា នៅពីក្រោយបរិយាកាសស្និទ្ធស្នាលនេះ ក៏នៅតែមានភាពខុសគ្នាផ្នែកផលប្រយោជន៍ជាតិ។ រុស្ស៊ី កំពុងជំរុញគម្រោងបំពង់បង្ហូរឧស្ម័ន Power of Siberia 2 ដែលនឹងដឹកជញ្ជូនឧស្ម័នពីតំបន់ស៊ីបេរីភាគខាងលិច ទៅភាគខាងជើងប្រទេសចិន តាមរយៈប្រទេសម៉ុងហ្គោលី ដើម្បីជំនួសទីផ្សារអឺរ៉ុបដែលរុស្ស៊ីបានបាត់បង់។
បើទោះបីកាលពីឆ្នាំមុន ភាគីទាំងពីរ បានចុះអនុស្សរណៈយោគយល់គ្នាលើគម្រោងនេះក៏ដោយ ប៉ុន្តែចិន ហាក់មិនប្រញាប់ក្នុងការបញ្ចប់កិច្ចព្រមព្រៀងនោះទេ។ កត្តាតម្លៃ និងការព្រួយបារម្ភអំពីការពឹងផ្អែកខ្លាំងពេកលើថាមពលហ្វូស៊ីលរបស់រុស្ស៊ី ត្រូវបានគេមើលឃើញថា ជាមូលហេតុសំខាន់។
វិមានក្រឹមឡាំង បានអះអាងថា ភាគីទាំងពីរ បានឈានដល់ “ការយល់ដឹងទូទៅលើប៉ារ៉ាម៉ែត្រ” នៃគម្រោង ប៉ុន្តែមិនទាន់មានកិច្ចព្រមព្រៀងចុងក្រោយនៅឡើយទេ។
អ្នកវិភាគមើលឃើញថា ទំនាក់ទំនងរវាងចិន និងរុស្ស៊ី គឺផ្អែកលើផលប្រយោជន៍ភូមិសាស្ត្រនយោបាយច្រើនជាងមិត្តភាពផ្ទាល់ខ្លួន។ សារព័ត៌មានរដ្ឋរុស្ស៊ីមួយ ក៏បានទទួលស្គាល់ថា “ជំហររបស់រុស្ស៊ី និងចិន មិនតែងតែដូចគ្នាទេ ហើយផលប្រយោជន៍របស់ពួកគេ ក៏មិនតែងតែស្របគ្នាដែរ”។
បញ្ហានេះ កើតឡើងស្របពេលទំនាក់ទំនងរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក ក៏មិនមានភាពប្រសើរឡើងដូចការរំពឹងទុកក្រោយជំនួបរវាងលោក ពូទីន និងលោក ត្រាំ នៅទីក្រុង Anchorage កាលពីឆ្នាំមុន។ មន្ត្រីរុស្ស៊ីធ្លាប់លើកឡើងពី “ស្មារតី Anchorage” ក្នុងក្តីសង្ឃឹមថា ភាគីទាំងពីរ អាចរកដំណោះស្រាយបញ្ចប់សង្គ្រាមអ៊ុយក្រែនបាន ប៉ុន្តែសង្គ្រាមនៅតែបន្តរហូតមកដល់ពេលនេះ។
ប្រភព៖ https://bbc.com/news/articles/c8r8me3nlllo
រាយការណ៍ដោយ ៖ The Khmer Today



