Society

May 30, 2026 at 9:03 PM
Devann

ធនាគារ អាយប៊ែង (ខេមបូឌា) ម.ក អបអរសាទរទិវាកុមារអន្តរជាតិ ដោយស្នាមញញឹម និងភាពកក់ក្តៅ នៅមណ្ឌលកុមារកំព្រាមែកឈើ ក្នុងខណ្ឌកំបូលរាជធានីភ្នំពេញ

ធនាគារ អាយប៊ែង (ខេមបូឌា) ម.ក អបអរសាទរទិវាកុមារអន្តរជាតិ ដោយស្នាមញញឹម និងភាពកក់ក្តៅ នៅមណ្ឌលកុមារកំព្រាមែកឈើ ក្នុងខណ្ឌកំបូលរាជធានីភ្នំពេញ

[រាជធានីភ្នំពេញ, ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦] — ធនាគារ អាយប៊ែង (ខេមបូឌា) ម.ក បានរៀបចំកម្មវិធីសង្គមមួយ ក្រោមប្រធានបទ “អាយប៊ែង ដើម្បីស្នាមញញឹមកុមារនៅកម្ពុជា” នៅមណ្ឌលកុមារកំព្រាមែកឈើ ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីចូលរួមអបអរសាទរក្នុងឱកាស ទិវាកុមារអន្តរជាតិ ១ មិថុនា ។ កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងគាំទ្រ ផ្តល់ភាពកក់ក្តៅ និងជាកម្លាំងចិត្តដល់កុមារ និងយុវជន នៅមណ្ឌលកុមារកំព្រាមែកឈើ។

រូបភាព៖ លោកបណ្ឌិត ហុង សុខឡេង អគ្គនាយក នៃធនាគារ អាយប៊ែង (ខេមបូឌា) ម.ក
រូបភាព៖ លោកបណ្ឌិត ហុង សុខឡេង អគ្គនាយក នៃធនាគារ អាយប៊ែង (ខេមបូឌា) ម.ក

រាប់ចេញពីថ្នាក់ដឹកនាំ រហូតដល់សហការីនៃបុគ្គលិករបស់ធនាគារ អាយប៊ែង ទាំងអស់ ទឹកចិត្តគោរពស្រឡាញ់កុមារៗ និងយុវជន គឺមានជាដរាប។ ក្នុងនោះផងដែរ ដើម្បីទ្រទ្រង់ ការប្រើប្រាស់ប្រចាំថ្ងៃ និងជួយសម្រាលបន្ទុករបស់មណ្ឌល ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ធនាគារ អាយប៊ែង បានរួមសាមគ្គីគ្នា ចូលរួមឧបត្ថម្ភថវិកាចំនួន ១២លានរៀល អង្ករចំនួន ២.៣តោន សំលៀកបំពាក់ សម្ភារ សិក្សា គ្រឿងឧបភោគបរិភោគ និងគ្រឿងបរិក្ខារជាច្រើនទៀត ជូនដល់ប្អូនៗ និងក្មួយៗ ដែលកំពុងសិក្សា និងស្នាក់នៅក្នុងមណ្ឌល ប្រមាណជា ១៩០នាក់។

ថ្លែងក្នុងកម្មវិធីសប្បុរសធម៌នេះ លោកបណ្ឌិត ហុង សុខឡេង អគ្គនាយក នៃធនាគារ អាយប៊ែង (ខេមបូឌា) ម.ក បានមានប្រសាសន៍ថា៖ “នៅធនាគារ អាយប៊ែង ទស្សនវិជ្ជាស្នូលរបស់យើង គឺផ្តោតលើមនុស្សជាចម្បង។ យើងជឿជាក់ថា នវានុវត្តន៍ ផ្នែកហិរញ្ញវត្ថុ ត្រូវតែដើរទន្ទឹមគ្នាជាមួយ នឹងការយល់ចិត្ត និងការទទួលខុសត្រូវខ្ពស់ចំពោះសង្គម។” លោកបន្តថា៖ “កុមារ ជាគ្រឹះចម្បងបំផុត សម្រាប់រុញភាពរីកចម្រើនរបស់ប្រទេសទាំងមូល”។ តាមរយៈកម្មវិធី “អាយប៊ែង ដើម្បីស្នាមញញឹមកុមារនៅកម្ពុជា” នេះ យើងមិនត្រឹមតែចង់ជួយសម្រាលបន្ទុកផ្នែកសម្ភារ និងជីវភាពប្រចាំថ្ងៃមួយគ្រាប៉ុណ្ណោះឡើយ ប៉ុន្តែយើងក៏មានបំណង បណ្តុះក្តី សង្ឃឹម ស្នាមញញឹម ការយកចិត្តទុកដាក់លើសុខភាព និងចំណេះដឹងល្អៗ ដែលចាំបាច់ ដើម្បីជួយផ្នែកស្មារតីដល់ប្អូនៗ និងក្មួយៗ ក្នុងការកំណត់អនាគតរបស់ពួកគេដោយទំនុកចិត្ត។”

ក្នុងឱកាសដ៏ពិសេសនោះ ថ្នាក់ដឹកនាំ និងបុគ្គលិកធនាគារ អាយប៊ែង ក៏បានរៀបចំចម្អិន និងបរិភោគអាហារសាមគ្គីថ្ងៃត្រង់រួមគ្នា ជាមួយនឹងប្អូនៗ និងក្មួយៗយ៉ាងស្និទ្ធស្នាល ប្រកបដោយភាពកក់ក្ដៅ និងក្តីរីករាយជាទីបំផុត។ បន្ថែមពីលើការនាំយកនូវអំណោយនេះផងដែរ ក្រុមការងារធនាគារ អាយប៊ែង ក៏បានចូលរួមចំណែកក្នុងការបណ្តុះបណ្តាល តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗ ក្នុងវគ្គណែនាំបង្រៀនខ្លីៗអំពី “គ្រឹះហិរញ្ញវត្ថុ ការថែរក្សាសុខភាពអនាម័យសម្រាប់ការរស់នៅប្រចាំថ្ងៃ និងការការពារបរិស្ថាន ដើម្បីជាទុនក្នុងការអភិវឌ្ឍខ្លួន និងការសិក្សារបស់ពួកគេទៅថ្ងៃអនាគតផងដែរ”។

អំពី ធនាគារ អាយប៊ែង (ខេមបូឌា) ម.ក

ធនាគារ អាយប៊ែង (ខេមបូឌា) ម.ក ជាធនាគារពាណិជ្ជ ដែលទទួលបានអាជ្ញាបណ្ណស្របច្បាប់ពីធនាគារជាតិនៃកម្ពុជា និងបានចាប់ផ្តើមប្រតិបត្តិការតាំងពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨។ ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់សុខុមាលភាពហិរញ្ញវត្ថុ ធនាគារត្រូវបានដឹកនាំដោយគុណតម្លៃស្នូល "i" ចំនួន ៥ រួមមាន ការយល់ដឹង, នវានុវត្តន៍, ស្តង់ដាអន្តរជាតិ, បរិយាបន្ន និងសេវាបុគ្គល។

ធនាគារ អាយប៊ែង ផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុយ៉ាងសម្បូរបែប សម្រាប់បុគ្គល និងអាជីវកម្មរួមមាន គណនីសន្សំ និងគណនីប្រាក់បញ្ញើមានកាលកំណត់, ដំណោះស្រាយហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យម និងសាជីវកម្ម ព្រមទាំងសេវាកម្មទូទាត់ប្រាក់ តាមរយៈបណ្ណ Mastercard ផងដែរ។ រាល់សេវាកម្មទាំងអស់ត្រូវបានផ្តល់ជូនយ៉ាងងាយស្រួល តាមរយៈប្រព័ន្ធអេកូឡូស៊ីឌីជីថលដ៏មានសុវត្ថិភាព នៃកម្មវិធីទូរសព្ទ iBank KH អមដោយបណ្តាញសាខាយុទ្ធសាស្ត្រចំនួន ៦ រួមមាន ទីស្នាក់កាលកណ្ដាល (មហាវិថីព្រះនរោត្តម) សាខាចំការមន សាខាដូនពេញ សាខាទួលគោក សាខាពោធិ៍សែនជ័យ និងសាខាខេត្តព្រះសីហនុ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ https://ibank.com.kh/

រូបភាព៖ ក្រុមការងារ iBank និងប្អូនៗនៅមណ្ឌលកំព្រាមែកឈើ
រូបភាព៖ ក្រុមការងារ iBank និងប្អូនៗនៅមណ្ឌលកំព្រាមែកឈើ
រូបភាព៖ ថ្នាក់ដឹកនាំ iBank និង ថ្នាក់ដឹកនាំមណ្ឌលមែកឈើ
រូបភាព៖ ថ្នាក់ដឹកនាំ iBank និង ថ្នាក់ដឹកនាំមណ្ឌលមែកឈើ
រូបភាព៖ ក្រុមការងារ iBank និង កុមារៗ នៅមណ្ឌលមែកឈើ
រូបភាព៖ ក្រុមការងារ iBank និង កុមារៗ នៅមណ្ឌលមែកឈើ