Economic
ធនាគារ អាយប៊ែង ចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយមន្ទីរសំរាកព្យាបាល អ៊ែរ ផ្លឹស ដើម្បីផ្តល់ជូនអត្ថប្រយោជន៍ពិសេស ដល់អតិថិជនទាំងអស់របស់ធនាគារ

ធនាគារ អាយប៊ែង ចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយមន្ទីរសំរាកព្យាបាល អ៊ែរ ផ្លឹស ដើម្បីផ្តល់ជូនអត្ថប្រយោជន៍ពិសេស ដល់អតិថិជនទាំងអស់របស់ធនាគារ
រាជធានីភ្នំពេញ, ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ — ធនាគារ អាយប៊ែង (ខេមបូឌា) ម.ក ដែលជាធនាគារឈានមុខគេមួយ ដែលផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដ៏ទំនើប បានធ្វើការប្រកាសចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាផ្លូវការ ជាមួយមន្ទីរសំរាកព្យាបាល អ៊ែរ ផ្លឹស (AIR Plus Clinic)។ កិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងក្នុងគោលបំណងពង្រីកវិសាលភាពនៃការថែទាំសុខភាព និងផ្តល់ជូននូវសេវាកម្មវេជ្ជសាស្ត្រដ៏មានទំនុកចិត្ត ប្រកបដោយឯកសិទ្ធិពិសេស ជូនដល់អតិថិជនរបស់ធនាគារ។
ពិធីចុះហត្ថលេខានេះត្រូវបានរៀបចំឡើងក្រោមវត្តមានរបស់គណៈគ្រប់គ្រងជាន់ខ្ពស់ និងភ្ញៀវកិត្តិយសនៃស្ថាប័នទាំងពីរ ដើម្បីរួមគ្នាបង្កើននូវភាពងាយស្រួល ក្នុងការទទួលបានសេវាសុខាភិបាល ដែលប្រកបដោយគុណភាព សុវត្ថិភាព និងមានផាសុកភាពខ្ពស់។
ក្រោមកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រនេះ អតិថិជនរបស់ធនាគារ អាយប៊ែង នឹងទទួលបាននូវឯកសិទ្ធិថែទាំសុខភាពពិសេស ជាមួយការបញ្ចុះតម្លៃរហូតដល់ ២០% ទៅលើសេវាកម្មពិនិត្យសុខភាព និងព្យាបាលផ្សេងៗ ពីមន្ទីរសំរាកព្យាបាល អ៊ែរ ផ្លឹស ក្នុងគោលបំណងចូលរួមចំណែកគាំទ្រដល់សុខុមាលភាព ក៏ដូចជាឆ្លើយតបទៅនឹងតម្រូវការរស់នៅប្រចាំថ្ងៃរបស់អតិថិជនផងដែរ។
លោកបណ្ឌិត ហុង សុខឡេង អគ្គនាយក នៃធនាគារ អាយប៊ែង (ខេមបូឌា) ម.ក បានមានប្រសាសន៍ថា៖ «នៅធនាគារ អាយប៊ែង យើងមិនត្រឹមតែផ្តោតលើការរីកចម្រើនផ្នែកហិរញ្ញវត្ថុ និងការផ្តល់សេវាកម្មបច្ចេកវិទ្យាដ៏ទំនើប ឆ្លាតវៃជូនអតិថិជនប៉ុណ្ណោះទេ តែយើងក៏ព្យាយាមស្វែងរកនូវឱកាសថ្មីៗ ដែលអាចជួយឱ្យអតិថិជនរបស់យើង ទទួលបានបទពិសោធន៍ និងគុណតម្លៃ កាន់តែប្រសើរ។ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយមន្ទីរសំរាកព្យាបាល អ៊ែរ ផ្លឹស នេះក៏ជាសក្ខីភាពមួយ ដែលបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើង ក្នុងការផ្តល់ជូននូវគុណតម្លៃបន្ថែមទៅដល់សុខុមាលភាព និងតម្រូវការរស់នៅប្រចាំថ្ងៃរបស់អតិថិជនយើង»។
លោកវេជ្ជបណ្ឌិត វ៉ា ម៉េង នាយកប្រតិបត្តិនៃ មន្ទីរសំរាកព្យាបាល អ៊ែរ ផ្លឹស មានប្រសាសន៍ថា៖ «យើងមានកិត្តិយសក្នុងការបង្កើតភាពជាដៃគូជាផ្លូវការរវាងធនាគារ អាយប៊ែង និង មន្ទីរសំរាកព្យាបាល អ៊ែរ ផ្លឹស តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ។ កិច្ចសហការនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់យើង ក្នុងការលើកកម្ពស់លទ្ធភាពទទួលបានសេវាថែទាំសុខភាពកាន់តែប្រសើរ ផ្តល់នូវគុណតម្លៃ និងសុខុមាលភាពកាន់តែច្រើនដល់សហគមន៍។ ការថែទាំផ្លូវដង្ហើមប្រកដដោយប្រសិទ្ធភាពខ្ពស់ ការវះកាត់សួត សេវាសុខភាពផ្លូវចិត្ត និងសេវាថែទាំសុខភាពផ្សេងទៀត រួមទាំងការអប់រំអំពីសុខភាពសម្រាប់ប្រជាពលរដ្ឋកម្ពុជារបស់យើង យើងជឿជាក់ថាកិច្ចសហការនេះនឹងបង្កើតសមតិផលដ៏មានអត្ថន័យ និងពង្រឹងការផ្សារភ្ជាប់គ្នារវាងសេវាហិរញ្ញវត្ថុ និងសេវាថែទាំសុខភាពនៅកម្ពុជា»។
តាមរយៈកិច្ចសហប្រតិបត្តិការដ៏មានសារៈសំខាន់នេះ អតិថិជនទាំងអស់របស់ធនាគារ អាយប៊ែង នឹងទទួលបាននូវអត្ថប្រយោជន៍ និងការយកចិត្តទុកដាក់ជាពិសេស ពីមន្ទីរសំរាកព្យាបាល អ៊ែរ ផ្លឹស ដោយផ្តោតសំខាន់លើការផ្តល់ជូនសេវាថែទាំសុខភាពផ្ទាល់ ពីក្រុមគ្រូពេទ្យដែលមានឯកទេសច្បាស់លាស់ និងបទពិសោធន៍យូរឆ្នាំ។ លើសពីនេះ អតិថិជនធនាគារ អាយប៊ែង នឹងទទួលបានឯកសិទ្ធិពិសេស ជាមួយការបញ្ចុះតម្លៃពិសេស ទៅលើកញ្ចប់ពិនិត្យសុខភាព ឬសេវាព្យាបាលផ្សេងៗ ស្របតាមលក្ខខណ្ឌដែលបានកំណត់។ អតិថិជនក៏អាចរីករាយជាមួយការទទួលបានសេវាកម្មរហ័សទាន់ចិត្ត ដែលអាចជួយសន្សំសំចៃពេលវេលា និងទទួលបានបទពិសោធន៍ដ៏ល្អឥតខ្ចោះបំផុត។
អំពី ធនាគារ អាយប៊ែង (ខេមបូឌា) ម.ក
ធនាគារ អាយប៊ែង (ខេមបូឌា) ម.ក ជាធនាគារពាណិជ្ជ ដែលទទួលបានអាជ្ញាបណ្ណស្របច្បាប់ពីធនាគារជាតិនៃកម្ពុជា និងបានចាប់ផ្តើមប្រតិបត្តិការតាំងពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨។ ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់សុខុមាលភាពហិរញ្ញវត្ថុ ធនាគារត្រូវបានដឹកនាំដោយគុណតម្លៃស្នូល "i" ចំនួន ៥ រួមមាន ការយល់ដឹង, នវានុវត្តន៍, ស្តង់ដាអន្តរជាតិ, បរិយាបន្ន និងសេវាបុគ្គល។
ធនាគារ អាយប៊ែង ផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុយ៉ាងសម្បូរបែប សម្រាប់បុគ្គល និងអាជីវកម្មរួមមាន គណនីសន្សំ និងគណនីប្រាក់បញ្ញើមានកាលកំណត់, ដំណោះស្រាយហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យម និងសាជីវកម្ម ព្រមទាំងសេវាកម្មទូទាត់ប្រាក់ តាមរយៈបណ្ណ Mastercard ផងដែរ។ រាល់សេវាកម្មទាំងអស់ត្រូវបានផ្តល់ជូនយ៉ាងងាយស្រួល តាមរយៈប្រព័ន្ធអេកូឡូស៊ីឌីជីថលដ៏មានសុវត្ថិភាព នៃកម្មវិធីទូរសព្ទ iBank KH អមដោយបណ្តាញសាខាយុទ្ធសាស្ត្រចំនួន ៦ រួមមាន ទីស្នាក់កាលកណ្ដាល (មហាវិថីព្រះនរោត្តម) សាខាចំការមន សាខាដូនពេញ សាខាទួលគោក សាខាពោធិ៍សែនជ័យ និងសាខាខេត្តព្រះសីហនុ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
អំពី ធនាគារ អាយប៊ែង (ខេមបូឌា) ម.ក: +855 23 901 338
អំពី មន្ទីរសំរាកព្យាបាល អ៊ែរ ផ្លឹស
មន្ទីរសំរាកព្យាបាល អ៊ែរ ផ្លឹស ជាមន្ទីរសំរាកព្យាបាល ដែលទទួលបានអាជ្ញាបណ្ណស្របច្បាប់ពីក្រសួងសុខាភិបាល និងក្រសួងពាណិជ្ជកម្មកម្ពុជា និងបានចាប់ផ្តើមប្រតិបត្តិការតាំងពីថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២២ ។ ជាមួយនឹងចក្ខុវិល័យ និងបេសកម្ម គឺដើម្បីលើកកម្ពស់់សុខុមាលភាពប្រជាជនកម្ពុជា ជាពិសេសលើ សុខភាពផ្លូវដង្ហើម ។ មន្ទីរសំរាកព្យាបាល អ៊ែរ ផ្លឹស ត្រូវបានដឹកនាំដោយគុណតម្លៃស្នូល ចំនួន ៦ គឺ គុណភាព សុចរិតភាព ភាពជាដៃគូ ផ្តោតលើអ្នកជំងឺជាចម្បង បច្ចេកវិទ្យា និងទាន់ពេលវេលា ។
មន្ទីរសំរាកព្យាបាល អ៊ែរ ផ្លឹស ផ្តល់ជូននូវសេវាសុខភាពយ៉ាងសម្បូរបែប សម្រាប់ប្រជាជនកម្ពុជា រួមមាន ឯកទេសសួត និងផ្លូវដង្ហើម ឯកទេសថ្លើម ក្រពះ ពោះវៀន និងឬសដូងបាត ឯកទេសវិកលវិទ្យា (សុខភាពផ្លូវចិត្ត) ឯកទេសសណ្តំ ប្រពោធនកម្ម និងសង្រ្គោះបន្ទាន់ ឯកទេសក្រពេញអ័រម៉ូន និងទឹកនោមផ្អែម ឯកទេសបេះដូង ឯកទេសប្រព័ន្ធទឹកម៉ូត្រ (តម្រងនោម) ឯកទេសជំងឺរ៉ាំរៃ និងវេជ្ជសាស្ត្រផ្ទៃក្នុង ឯកទេសស្តារនីតិសម្បទា និងព្យាបាលដោយចលនា ឯកទេសវះកាត់ សួត និងទ្រូង ឯកទេសវះកាត់ទូទៅ ឯកទេសវះកាត់ឬសដូងបាត និងបូសអន្ទង់ ឯកទេសត្រចៀក ច្រមុះ និងបំពង់ក ឯកទេសសន្លាក់ ឯកទេសប្រព័ន្ធប្រសាទ ឯកទេសជំងឺកុមារទូទៅ ជាមជ្ឃមណ្ឌលពិនិត្យសុខភាព និងវ៉ាក់សាំង សេវាថែទាំអ្នកជំងឺតាមផ្ទះ។ រាល់សេវាសុខភាពទាំងអស់ត្រូវបានផ្តល់ជូនប្រជាជនកម្ពុជាគ្រប់រូប ប្រកបដោយគុណភាព និងតម្លាភាព ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
មន្ទីរសំរាកព្យាបាល អ៊ែរ ផ្លឹស: +855 98 933 533, +855 92 633 533, +855 71 6333 455

