International
លោក ដូណាល់ ត្រាំ បន្តរិះគន់អេស្ប៉ាញ និងសម្ព័ន្ធមិត្តណាតូជាច្រើន ថាមិនសហការក្នុងសង្គ្រាមអ៊ីរ៉ង់

លោក ដូណាល់ ត្រាំ បន្តរិះគន់អេស្ប៉ាញ និងសម្ព័ន្ធមិត្តណាតូជាច្រើន ថាមិនសហការក្នុងសង្គ្រាមអ៊ីរ៉ង់
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបន្តបង្ហាញការមិនពេញចិត្តចំពោះបណ្តាប្រទេសសម្ព័ន្ធមិត្តក្នុងអង្គការណាតូ (NATO) ដែលមិនបានផ្តល់សិទ្ធិឱ្យអាមេរិកប្រើប្រាស់មូលដ្ឋានយោធា ឬផ្តល់ការគាំទ្រផ្នែកផ្សេងៗ ក្នុងអំឡុងពេលប្រតិបត្តិការយោធាប្រឆាំងអ៊ីរ៉ង់។
ក្នុងជំនួបនៅការិយាល័យ Oval Office ជាមួយអគ្គលេខាធិការអង្គការណាតូ លោក ម៉ាក រូតេ (Mark Rutte) លោក ត្រាំ បានលើកឡើងឈ្មោះប្រទេសអាល្លឺម៉ង់ អ៊ីតាលី ចក្រភពអង់គ្លេស និងបារាំង ថាមិនបានផ្តល់កិច្ចសហការតាមការរំពឹងទុក ប៉ុន្តែលោកបានរិះគន់ប្រទេសអេស្ប៉ាញខ្លាំងជាងគេ។
លោក ត្រាំ បានថ្លែងថា អេស្ប៉ាញជាប្រទេសដែល "គួរឱ្យខកចិត្ត" ហើយបានចោទប្រកាន់ថា ប្រទេសមួយចំនួនក្នុងណាតូចង់ទទួលបានការការពារពីសហរដ្ឋអាមេរិក ដោយមិនចង់ចំណាយថវិកាការពារជាតិឱ្យសមស្របនឹងកាតព្វកិច្ចរបស់ខ្លួន។
ការលើកឡើងនេះកើតមាន ខណៈលោក ម៉ាក រូតេ កំពុងបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុប ជុំវិញការចំណាយលើវិស័យការពារជាតិ និងជំហររបស់អឺរ៉ុបចំពោះសង្គ្រាមអ៊ីរ៉ង់ មុនកិច្ចប្រជុំកំពូលណាតូដែលគ្រោងធ្វើឡើងនៅប្រទេសតួកគីក្នុងពេលឆាប់ៗនេះ។
បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ឈានដល់កិច្ចព្រមព្រៀងបឋមដើម្បីបញ្ចប់ការប្រយុទ្ធ ក្រសួងការពារជាតិអាមេរិកបានបន្តបង្ហាញទស្សនៈថា អង្គការណាតូបានក្លាយជាបន្ទុកថវិកាសម្រាប់ទីក្រុងវ៉ាស៊ីនតោន។ កាលពីខែឧសភា កន្លងទៅ សហរដ្ឋអាមេរិកក៏បានប្រកាសកាត់បន្ថយកងទ័ពប្រមាណ ៥,០០០នាក់ ពីប្រទេសអាល្លឺម៉ង់ និងកំពុងពិនិត្យឡើងវិញរយៈពេល ៦ខែ អំពីការដាក់ពង្រាយកងកម្លាំង និងសម្ភារៈយោធានៅទ្វីបអឺរ៉ុបទាំងមូល។
ក្នុងជំនួបនោះ លោក រូតេ បានព្យាយាមបង្ហាញថា បណ្តាប្រទេសអឺរ៉ុបបានបង្កើនការចំណាយលើវិស័យការពារជាតិយ៉ាងច្រើន ដោយលោកថែមទាំងបង្ហាញផ្ទាំងស្ថិតិជាច្រើននៅការិយាល័យ Oval Office ដែលបង្ហាញពីការកើនឡើងនៃការវិនិយោគផ្នែកយោធារបស់អឺរ៉ុប និងការវិនិយោគនៅសហរដ្ឋអាមេរិក។
ទោះជាយ៉ាងណា ការលើកឡើងរបស់លោក រូតេ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News បានបង្កឱ្យមានភាពចម្រូងចម្រាសថ្មី បន្ទាប់ពីលោកអះអាងថា យន្តហោះយោធាអាមេរិកជាង ៥០០ជើង បានហោះចេញពីមូលដ្ឋានយោធានៅប្រទេសអ៊ីតាលី ដើម្បីចូលរួមក្នុងប្រតិបត្តិការប្រឆាំងអ៊ីរ៉ង់។
ការអះអាងនេះត្រូវបានក្រសួងការពារជាតិអ៊ីតាលីច្រានចោលភ្លាមៗ ដោយបញ្ជាក់ថា ប្រទេសអ៊ីតាលីបានអនុញ្ញាតត្រឹមសកម្មភាពបច្ចេកទេស និងភស្តុភារប៉ុណ្ណោះ មិនមែនជាប្រតិបត្តិការវាយប្រហារឡើយ ហើយរាល់ការប្រើប្រាស់មូលដ្ឋានយោធា ត្រូវសម្រេចជាករណីៗទៅ ស្របតាមរដ្ឋធម្មនុញ្ញ កិច្ចព្រមព្រៀងអន្តរជាតិ និងការណែនាំរបស់សភា។
រដ្ឋាភិបាលអ៊ីតាលីក៏បានរំឭកថា កាលពីខែមីនា កន្លងទៅ ខ្លួនបានបដិសេធសំណើរបស់សហរដ្ឋអាមេរិក ក្នុងការប្រើប្រាស់មូលដ្ឋានទ័ពអាកាស Sigonella លើកោះស៊ីស៊ីលី សម្រាប់ប្រតិបត្តិការពាក់ព័ន្ធនឹងសង្គ្រាមអ៊ីរ៉ង់ ដោយចាត់ទុកថា សកម្មភាពនោះមិនស្ថិតក្នុងក្របខណ្ឌ "បច្ចេកទេស និងភស្តុភារ" ដែលបានកំណត់ក្នុងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរនោះទេ។
ភាពតានតឹងរវាងលោក ត្រាំ និងនាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី ជ័រជា មេឡូនី (Giorgia Meloni) ក៏បានកើនឡើងផងដែរ បន្ទាប់ពីអ៊ីតាលីបដិសេធមិនអនុញ្ញាតឱ្យប្រើប្រាស់មូលដ្ឋានយោធារបស់ខ្លួនក្នុងសង្គ្រាមមជ្ឈិមបូព៌ា។
ទោះបីមេដឹកនាំទាំងពីរបានជួបគ្នានៅកិច្ចប្រជុំ G7 កាលពីសប្តាហ៍មុនក៏ដោយ លោក ត្រាំ នៅតែបន្តរិះគន់លោកស្រី មេឡូនី និងអះអាងថា លោកស្រីបានស្នើសុំថតរូប Selfie ជាមួយលោក ខណៈនាយករដ្ឋមន្ត្រីអ៊ីតាលីបានឆ្លើយតបថា ប្រទេសអ៊ីតាលីជារដ្ឋអធិបតេយ្យ ហើយមិនដែល "អង្វរ" នរណាម្នាក់ឡើយ។
ប្រភព និងរូបភាព៖ EL PAIS 50
https://english.elpais.com/international/2026-06-25/trump-criticizes-spain-and-other-nato-allies-for-lack-of-cooperation-in-iran-war.html
រាយការណ៍ដោយ៖ The Khmer Today


