National
រុស្ស៊ី ប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើអប់រំ កសិកម្ម ថាមពល និងការពារជាតិ

រុស្ស៊ី ប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើអប់រំ កសិកម្ម ថាមពល និងការពារជាតិ
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា លោក អាណាតូលី បូរ៉ូវីក បានអះអាងថា រុស្ស៊ី និងកម្ពុជា នៅតែបន្តពង្រឹងទំនាក់ទំនងទ្វេភាគីលើវិស័យសំខាន់ៗ រួមមាន ការអប់រំ វប្បធម៌ កសិកម្ម ថាមពល ការពារជាតិ ពាណិជ្ជកម្ម និងវិនិយោគ ខណៈប្រទេសទាំងពីរទើបប្រារព្ធខួប ៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត។
ការលើកឡើងនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលគោលនយោបាយការបរទេសរុស្ស៊ី នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។ លោកបញ្ជាក់ថា រុស្ស៊ីបានត្រៀមខ្លួនពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា រួមទាំងការផ្គត់ផ្គង់ជី រ៉ែ ផលិតផលការពាររុក្ខជាតិ ថ្នាំពេទ្យសត្វ និងវ៉ាក់សាំងសត្វ ដើម្បីគាំទ្រវិស័យកសិកម្ម។
លោក អាណាតូលី បូរ៉ូវីក បានឱ្យដឹងថា ការអភិវឌ្ឍធនធានមនុស្សនៅតែជាសសរស្តម្ភសំខាន់នៃទំនាក់ទំនងប្រទេសទាំងពីរ ដោយក្នុងរយៈពេលជាង ៧ទសវត្សរ៍ មានពលរដ្ឋកម្ពុជាជាង ៨,០០០នាក់ បានបញ្ចប់ការសិក្សានៅប្រទេសរុស្ស៊ី។ បច្ចុប្បន្ន មាននិស្សិតកម្ពុជាប្រមាណ ១៦០នាក់ កំពុងសិក្សានៅសាកលវិទ្យាល័យរុស្ស៊ី ខណៈអាហារូបករណ៍ចំនួន ៦៣ ត្រូវបានផ្តល់ជូនសម្រាប់ឆ្នាំសិក្សាបច្ចុប្បន្ន។
លើវិស័យការពារជាតិ លោកបញ្ជាក់ថា រុស្ស៊ីចាត់ទុកកម្ពុជាជាដៃគូសំខាន់ តាមរយៈការបណ្តុះបណ្តាលនាយទាហានកម្ពុជា ដើម្បីពង្រឹងសមត្ថភាពយោធា។ ជាមួយគ្នានេះ រុស្ស៊ីក៏បានត្រៀមខ្លួនផ្តល់កិច្ចសហប្រតិបត្តិការលើវិស័យថាមពលផងដែរ ប្រសិនបើមានសំណើពីភាគីកម្ពុជា។
ពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ លោកឯកអគ្គរដ្ឋទូតរុស្ស៊ី បានអះអាងថា រុស្ស៊ីកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ និងជឿជាក់ថា សន្តិភាពយូរអង្វែងអាចសម្រេចបានតាមរយៈការស្តារទំនុកចិត្តរវាងភាគីទាំងពីរ។
លោកក៏បានបញ្ជាក់ដែរថា បញ្ហាព្រំដែនមិនប៉ះពាល់ដល់ផែនការវិនិយោគរបស់រុស្ស៊ីនៅកម្ពុជានោះទេ ខណៈរុស្ស៊ីនៅតែបន្តផ្តោតលើការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយកម្ពុជាក្នុងរយៈពេលវែង។
ប្រភព៖ https://www.facebook.com/share/v/1JYpFBbJav/
រាយការណ៍ដោយ៖ The Khmer Today


