International
រញ្ជួយដីដ៏កក្រើកនៅវេណេស៊ុយអេឡា សម្លាប់មនុស្សប្រមាណ ២៣៥នាក់ និងរបួសជាង ៤,៣០០នាក់

រញ្ជួយដីដ៏កក្រើកនៅវេណេស៊ុយអេឡា សម្លាប់មនុស្សប្រមាណ ២៣៥នាក់ និងរបួសជាង ៤,៣០០នាក់
ឡា ហ្គៃរ៉ា៖ មនុស្សប្រមាណ ២៣៥នាក់ បានបាត់បង់ជីវិត និងយ៉ាងហោចណាស់ ៤,៣០០នាក់ បានរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងពីរលើក ដែលមានកម្រិត ៧,២ និង ៧,៥ រ៉ិចទ័រ បានវាយប្រហារភាគខាងជើងប្រទេសវេណេស៊ុយអេឡា កាលពីល្ងាចថ្ងៃទី២៥ ខែមិថុនា ខណៈប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅតែបន្តយ៉ាងសស្រាក់សស្រាំ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលវេណេស៊ុយអេឡា លោក កាឡូស អាល់វ៉ារ៉ាដូ (Carlos Alvarado) បានឱ្យដឹងថា ជនរងគ្រោះជាច្រើនបានស្លាប់មុនពេលបញ្ជូនដល់មន្ទីរពេទ្យ ឬបានដាច់ខ្យល់ស្លាប់ភ្លាមៗនៅពេលមកដល់។ អាជ្ញាធរបានព្រមានថា ចំនួនអ្នកស្លាប់ និងអ្នករងរបួសអាចនឹងបន្តកើនឡើង ដោយសារមនុស្សរាប់ពាន់នាក់នៅបាត់ខ្លួន ខណៈអគារជាច្រើនបានដួលរលំ និងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
ក្រុមអ្នកជួយសង្គ្រោះ និងប្រជាពលរដ្ឋបាននាំគ្នាជីកកកាយគំនរបាក់បែក ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត។ ទូរទស្សន៍រដ្ឋបានផ្សាយរូបភាពនៃការជួយសង្គ្រោះស្ត្រីម្នាក់ ដែលជាប់ក្រោមផ្ទាំងបេតុង ដោយអាចមើលឃើញតែជើងរបស់នាងប៉ុណ្ណោះ មុនពេលត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព។ ទោះជាយ៉ាងណា ប្រជាពលរដ្ឋមួយចំនួនបានត្អូញត្អែរថា ក្រុមសង្គ្រោះរបស់រដ្ឋ និងគ្រឿងចក្រធុនធ្ងន់នៅមិនទាន់ទៅដល់តំបន់រងគ្រោះជាច្រើននៅឡើយ។
ស្ត្រីម្នាក់ឈ្មោះ ដាយ៉ាណា ដេលហ្គាដូ ដែលកំពុងស្វែងរកកូនប្រុសអាយុ ៨ឆ្នាំរបស់ខ្លួន បានអំពាវនាវឱ្យអាជ្ញាធរបញ្ជូនគ្រឿងចក្រមកជួយសង្គ្រោះ ខណៈអ្នកជិតខាងកំពុងប្រើកម្លាំងដៃជីកកកាយគំនរបាក់បែក។ ទន្ទឹមនឹងនេះ ទិដ្ឋភាពដ៏សោកសៅក៏បានកើតឡើងផងដែរ ដោយម្ដាយម្នាក់បានយំសោកបោកខ្លួន បន្ទាប់ពីសាកសពកូនអាយុ ៣ឆ្នាំ និង ១០ឆ្នាំរបស់ខ្លួន ត្រូវបានយកចេញពីគំនរបាក់បែក ខណៈក្រុមគ្រួសារជាច្រើនផ្សេងទៀតនៅតែបន្តស្វែងរកសាច់ញាតិដែលបាត់ខ្លួន។
ជាការឆ្លើយតបនឹងគ្រោះមហន្តរាយនេះ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានប្រកាសបន្ធូរបន្ថយទណ្ឌកម្មមួយចំនួនលើប្រទេសវេណេស៊ុយអេឡា រហូតដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ដើម្បីអនុញ្ញាតឱ្យមានប្រតិបត្តិការហិរញ្ញវត្ថុពាក់ព័ន្ធនឹងការផ្តល់ជំនួយសង្គ្រោះគ្រោះរញ្ជួយដី។ ការរញ្ជួយដីលើកនេះ ត្រូវបានចាត់ទុកថាជាគ្រោះរញ្ជួយដីដ៏ខ្លាំងបំផុតមួយ ដែលបានកើតឡើងនៅវេណេស៊ុយអេឡាក្នុងរយៈពេលជាងមួយសតវត្សរ៍ ហើយអាចមានជនរងគ្រោះកើនឡើងបន្ថែមទៀត។
ប្រភព ៖ AP News
https://apnews.com/article/venezuela-earthquake-caracas-rodriguez-aid-0a62e6fc9feb5202a750c4fbb11a6aec
រាយការណ៍ដោយ៖ The Khmer Today



