International

June 29, 2026 at 10:58 AM
Melea_Sovannary

បុរសជនជាតិអូស្ត្រាលីម្នាក់ ត្រូវរងការចោទប្រកាន់ពីបទមនុស្សឃាត ក្រោយរកឃើញសាកសពក្មេងស្រីនៅក្នុងវ៉ាលី នៅប្រទេសថៃ

បុរសជនជាតិអូស្ត្រាលីម្នាក់ ត្រូវរងការចោទប្រកាន់ពីបទមនុស្សឃាត ក្រោយរកឃើញសាកសពក្មេងស្រីនៅក្នុងវ៉ាលី នៅប្រទេសថៃ

បុរសជនជាតិអូស្ត្រាលីម្នាក់ ត្រូវរងការចោទប្រកាន់ពីបទមនុស្សឃាត ក្រោយរកឃើញសាកសពក្មេងស្រីនៅក្នុងវ៉ាលី នៅប្រទេសថៃ

ប៉ាតាយ៉ា, ថៃ៖ បុរសជនជាតិអូស្ត្រាលីម្នាក់ ត្រូវបានសមត្ថកិច្ចថៃធ្វើការចោទប្រកាន់ជាផ្លូវការពីបទមនុស្សឃាត នាពេលថ្មីៗនេះ ក្រោយពីគេបានរកឃើញសាកសពក្មេងស្រីអាយុ ១៧ ឆ្នាំម្នាក់ ត្រូវគេញាត់ចូលក្នុងវ៉ាលី ប្លុងចោលនៅក្នុងទីក្រុងប៉ាតាយ៉ា ប្រទេសថៃ។

យោងតាមការបញ្ជាក់ពីនគរបាលក្រុងប៉ាតាយ៉ា បានឱ្យដឹងថា សាកសពរបស់ជនរងគ្រោះ ដែលមានឈ្មោះថា ធនចាណុក ដុនហមឡា (Tunchanok Donhomla) ត្រូវបានរកឃើញក្នុងស្ថានភាព «ញាត់ណែនក្នុងវ៉ាលី» ដែលគេយកទៅបោះចោលនៅក្បែរផ្លូវរថភ្លើងមួយកន្លែង កាលពីព្រលឹមស្រាងៗថ្ងៃសៅរ៍។

ភ្លាមៗនោះ ភាគីនគរបាលថៃបានឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ សាយម៉ុន ភីធឺ ខាមែន (Simon Peter Carman) នៅឯព្រលានយន្តហោះអន្តរជាតិសុវណ្ណភូមិ ក្នុងទីក្រុងបាងកក ក្នុងអំឡុងពេលដែលរូបគេកំពុង «ត្រៀមខ្លួនរត់ភៀសខ្លួនចេញពីប្រទេស»។ ទោះជាយ៉ាងណា ជនសង្ស័យបានបដិសេធរាល់ការចោទប្រកាន់ទាំងឡាយ។

នៅក្នុងសារមួយផ្ញើទៅកាន់ក្រុមគ្រួសារជនរងគ្រោះក្រោយការចាប់ខ្លួន លោក ខាមែន បាននិយាយថា៖ «ខ្ញុំមានអារម្មណ៍មិនល្អទេចំពោះអ្វីដែលបានកើតឡើងលើកូនស្រីរបស់អ្នក។ វាជារឿងដែលហួសពីការគ្រប់គ្រងរបស់ខ្ញុំ»។

តាមប្រភពដដែលបានឱ្យដឹងថា យុវតីវ័យ ១៧ ឆ្នាំរូបនេះ ត្រូវបានក្រុមគ្រួសាររាយការណ៍ថាបាត់ខ្លួន កាលពីវេលាម៉ោង ៥:០០ ល្ងាច ថ្ងៃសុក្រ។

នៅក្នុងសេចក្តីថ្លែងការណ៍លើបណ្តាញសង្គម ស្ថាប័ននគរបាលបានគូសបញ្ជាក់ថា ផ្អែកតាមការពិនិត្យរូបភាពពីកាមេរ៉ាសុវត្ថិភាព (CCTV) បានបង្ហាញឱ្យឃើញថា លោក ខាមែន បានដើរចូលទៅក្នុងខុនដូមួយកន្លែងជាមួយជនរងគ្រោះ កាលពីវេលាម៉ោង ៣:៣៤ ទៀបភ្លឺ ថ្ងៃព្រហស្បតិ៍។ លុះដល់យប់ជ្រៅថ្ងៃដដែលនោះ រូបគេក៏បានដើរចេញមកក្រៅវិញតែម្នាក់ឯង ដោយមានយួរ «វ៉ាលីទំហំធំមួយ»។ រូបភាពកាមេរ៉ាក៏បានបង្ហាញទៀតថា គេបានលើកវ៉ាលីនោះដាក់លើម៉ូតូ រួចបើកសំដៅទៅរកខ្សែផ្លូវរថភ្លើង។

សមត្ថកិច្ចបានដេញជើង និងឈានទៅដល់ការឃាត់ខ្លួន លោក ខាមែន នៅឯព្រលានយន្តហោះក្នុងទីក្រុងបាងកក ដែលមានចម្ងាយប្រមាណ ១៥០ គីឡូម៉ែត្រ ភាគខាងជើងក្រុងប៉ាតាយ៉ា កាលពីវេលាម៉ោង ១:១៥ នាទីរំលងអធ្រាត្រថ្ងៃសៅរ៍។ ប្រមាណ ១៥ នាទីក្រោយមក សាកសពអាក្រាតកាយរបស់ក្មេងស្រីរងគ្រោះ ក៏ត្រូវបានរកឃើញនៅក្នុងវ៉ាលីនោះតែម្តង។

លោក ខាមែន បានបដិសេធរាល់ការចោទប្រកាន់ពីបទមនុស្សឃាត រួមទាំងបទចោទប្រកាន់ផ្សេងទៀតដូចជា ការផ្លាស់ទីលំនៅ ឬលាក់បាំងសាកសព និងការនាំយកអនីតិជនទៅក្នុងគោលបំណងផ្លូវភេទទុកជាមុន ដោយរូបគេបានអះអាងថា វាជា «ការការពារខ្លួន»។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា លោក ខាមែន បានប្រាប់នគរបាលថា ខ្លួនបានព្រមព្រៀងបង់ប្រាក់ចំនួន ១,០០០ បាត (ប្រហែល ៣០ ដុល្លារអាមេរិក) ទៅឱ្យក្មេងស្រីរងគ្រោះសម្រាប់សេវាផ្លូវភេទ។ ប៉ុន្តែ នៅពេលត្រឡប់មកដល់បន្ទប់ស្នាក់នៅ ពួកគេក៏មានជម្លោះពាក្យសម្តីនឹងគ្នា ដោយសាររូបគេឱ្យលុយនាងតែ ៥០០ បាតប៉ុណ្ណោះ។

យ៉ាងណាមិញ នគរបាលថៃបានប្រាប់សារព័ត៌មានអូស្ត្រាលី (ABC) ថា លោក ខាមែន ក៏បានអះអាងដែរថា ក្មេងស្រីនោះបាន «បាត់ខ្លួនពីបន្ទប់» ដោយខ្លួនឯង ក្នុងអំឡុងពេលដែលរូបគេកំពុងដេកលក់។

នៅក្នុងវីដេអូឃ្លីបមួយដែលត្រូវបានថតកំឡុងពេលសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យរូបនេះបានផ្ញើសារទៅកាន់គ្រួសារសពថា៖ «ខ្ញុំពិតជាមានអារម្មណ៍មិនល្អឡើយចំពោះរឿងរ៉ាវដែលបានកើតឡើងចំពោះកូនស្រីរបស់អ្នក វាហួសពីការគ្រប់គ្រងរបស់ខ្ញុំ។ ខ្ញុំដឹងថាអ្នកពិតជាសោកសៅ និងខូចចិត្តខ្លាំងណាស់... ខ្ញុំក៏ដូចគ្នាដែរ»។ លោកបានបន្ថែមចុងក្រោយថា៖ «សូមប្រាប់ក្មេងស្រីដទៃទៀត... ឱ្យមានការប្រុងប្រយ័ត្នផង»៕

ប្រភព៖ BBC News

https://www.bbc.com/news/articles/cd0my5zy821o

រាយការណ៍ដោយ៖ The Khmer Today

Images-Content-0311
Images-Content-0311
ក្មេងស្រីនៅក្នុងវ៉ាលី នៅប្រទេសថៃ
ក្មេងស្រីនៅក្នុងវ៉ាលី នៅប្រទេសថៃ