National

June 30, 2026 at 11:05 AM
Melea_Sovannary

មហាជនបង្ហាញក្ដីអាណិតអាសូរ! ស្ត្រីអនាម័យម្នាក់ ត្រូវម្ចាស់ផ្ទះចាប់បង្ខាំង និងគំរាមធ្វើបាប ខណៈផ្ទុះការជជែកវែកញែកលើបណ្ដាញសង្គម

មហាជនបង្ហាញក្ដីអាណិតអាសូរ! ស្ត្រីអនាម័យម្នាក់ ត្រូវម្ចាស់ផ្ទះចាប់បង្ខាំង និងគំរាមធ្វើបាប ខណៈផ្ទុះការជជែកវែកញែកលើបណ្ដាញសង្គម

មហាជនបង្ហាញក្ដីអាណិតអាសូរ! ស្ត្រីអនាម័យម្នាក់ ត្រូវម្ចាស់ផ្ទះចាប់បង្ខាំង និងគំរាមធ្វើបាប ខណៈផ្ទុះការជជែកវែកញែកលើបណ្ដាញសង្គម

បន្ទាយមានជ័យ៖ ករណីស្ត្រីអនាម័យវ័យ ៥៩ឆ្នាំម្នាក់ ត្រូវម្ចាស់ផ្ទះចាប់បង្ខាំង និងប្រើអំពើហិង្សាយ៉ាងធ្ងន់ធ្ងរ បានក្លាយជាប្រធានបទក្តៅនៅលើបណ្ដាញសង្គម បន្ទាប់ពីវីដេអូបង្ហាញសកម្មភាពវាយធ្វើបាបត្រូវបានចែករំលែកយ៉ាងទូលំទូលាយ។

នៅក្នុងវីដេអូ ស្ត្រីរងគ្រោះឈ្មោះ អ៊ុត ខុន បានត្រឹមតែលើកដៃសុំអង្វរ និងបត់ជើងទទួលការវាយធ្វើបាប ដោយមិនបានតបតវិញឡើយ។ ទិដ្ឋភាពនេះបានធ្វើឱ្យមហាជនជាច្រើនបង្ហាញការអាណិតអាសូរ និងរិះគន់យ៉ាងខ្លាំងចំពោះការប្រើអំពើហិង្សាលើស្ត្រីវ័យចំណាស់។

បើតាមសមត្ថកិច្ច កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់ខ្លួនម្ចាស់ហាង «កាកាសាឡន» ឈ្មោះ គុំ លីកា ហៅ កាកា អាយុ ៣០ឆ្នាំ ក្រោយទទួលពាក្យបណ្ដឹងពីស្ត្រីរងគ្រោះ ពាក់ព័ន្ធការប្រើអំពើហិង្សា ការគំរាមកំហែង និងការបង្ខាំងមិនឱ្យចេញពីផ្ទះ។

ស្ត្រីរងគ្រោះ ជាស្ត្រីមេម៉ាយ គ្មានកូន និងគ្មានផ្ទះសម្បែង បានធ្វើការជាអ្នកអនាម័យ និងស្នាក់នៅជាមួយម្ចាស់ផ្ទះអស់រយៈពេលជាង ៣ឆ្នាំ។

តាមការស្រាវជ្រាវរបស់សមត្ថកិច្ច មូលហេតុដែលនាំឱ្យកើតមានអំពើហិង្សានេះ គឺដោយសារស្ត្រីរងគ្រោះបានយកទូរសព្ទដៃចំនួន ៣គ្រឿង ដែលធ្លាក់ចេញពីសម្ភាររបស់ម្ចាស់ផ្ទះ ទៅលក់បានប្រាក់ ២០ម៉ឺនរៀល។ ក្រោយដឹងរឿង ម្ចាស់ផ្ទះបានប្រើកំណាត់ឈើវាយបណ្ដាលឱ្យរងរបួសជាច្រើនកន្លែង និងយកកាំបិតប៉័ងតោគំរាមកាត់ម្រាមជើង ព្រមទាំងបង្ខាំងមិនឱ្យចេញពីផ្ទះទៀតផង។

ក្រោយមានឱកាសរត់គេចខ្លួន ស្ត្រីរងគ្រោះបានទៅសម្រាកព្យាបាលរបួសនៅផ្ទះប្អូនស្រី មុននឹងដាក់ពាក្យបណ្ដឹងទៅកាន់កងរាជអាវុធហត្ថ។ ក្រោយការឃាត់ខ្លួន ជនសង្ស័យក៏បានសារភាពថា ពិតជាបានប្រើអំពើហិង្សាលើស្ត្រីរងគ្រោះមែន ដោយសារខឹងរឿងយកទូរសព្ទទៅលក់។

ក្រោយព័ត៌មាន និងវីដេអូផ្ទុះការចាប់អារម្មណ៍ មហាជនបានបញ្ចេញទស្សនៈខុសៗគ្នា។ មតិមួយភាគធំបានសម្ដែងការអាណិតអាសូរចំពោះស្ត្រីអនាម័យ ដោយលើកឡើងថា ទោះបីមានកំហុសយ៉ាងណាក៏ដោយ ក៏មិនគួរត្រូវបានវាយធ្វើបាប ឬបង្ខាំងដោយប្រើអំពើហិង្សានោះទេ ព្រោះការដោះស្រាយគួរតែធ្វើតាមផ្លូវច្បាប់។

ជាមួយគ្នានេះ ក៏មានសប្បុរសជនមួយចំនួនបានចាប់អារម្មណ៍ និងសម្រេចផ្ដល់ថវិកាឧបត្ថម្ភដល់ស្ត្រីរងគ្រោះ ដោយសារអាណិតចំពោះស្ថានភាពជីវភាព និងរបួសដែលបានទទួល។

ទន្ទឹមនឹងនេះ មហាជនមួយចំនួនផ្សេងទៀតបានលើកឡើងថា ការលួចយកទ្រព្យសម្បត្តិរបស់អ្នកដទៃ គឺជាទង្វើផ្ទុយនឹងច្បាប់ និងមិនគួរត្រូវបានមើលរំលងឡើយ។ ពួកគេយល់ថា ការផ្ដល់ជំនួយក្នុងពេលនេះអាចនាំឱ្យមានការយល់ច្រឡំថា សង្គមកំពុងលើកទឹកចិត្តអ្នកប្រព្រឹត្តកំហុស។ អ្នកខ្លះក៏បានលើកឧទាហរណ៍ថា នៅមានជនពិការ កុមារកំព្រា មនុស្សចាស់ជរា និងអ្នកខ្វះខាតជាច្រើនទៀត ដែលរស់នៅក្នុងភាពលំបាក ប៉ុន្តែមិនបានប្រព្រឹត្តអំពើលួចទ្រព្យសម្បត្តិអ្នកដទៃនោះទេ។

យ៉ាងណាក៏ដោយ មតិជាច្រើនបានឯកភាពគ្នាថា ការលួច និងការប្រើអំពើហិង្សា សុទ្ធតែជាទង្វើផ្ទុយនឹងច្បាប់ ហើយអ្នកប្រព្រឹត្តទាំងសងខាងគួរតែទទួលខុសត្រូវតាមនីតិវិធីច្បាប់រៀងៗខ្លួន ជាជាងដោះស្រាយដោយការប្រើកម្លាំង ឬអំពើហិង្សា។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីបន្តនីតិវិធីច្បាប់។

ប្រភព៖https://www.facebook.com/share/1ELKPiTMbZ/?mibextid=wwXIfr

https://www.facebook.com/share/r/1FBGSkPnmS/?mibextid=wwXIfr

អត្ថបទដោយ៖ សារព័ត៌មាន The Khmer Today

វម្ចាស់ផ្ទះចាប់បង្ខាំង និងគំរាមធ្វើបាប ស្ត្រីអនាម័យម្នាក់
វម្ចាស់ផ្ទះចាប់បង្ខាំង និងគំរាមធ្វើបាប ស្ត្រីអនាម័យម្នាក់
រូបភាពពី : សារព័ត៌មាន Sp Tv news
រូបភាពពី : សារព័ត៌មាន Sp Tv news
រូបភាពពី : សារព័ត៌មាន Sp Tv news
រូបភាពពី : សារព័ត៌មាន Sp Tv news
រូបភាពពី : សារព័ត៌មាន Sp Tv news
រូបភាពពី : សារព័ត៌មាន Sp Tv news