International
មនុស្ស ៦ នាក់បាត់បង់ជីវិតពាក់ព័ន្ធជម្លោះសិទ្ធិចិញ្ចឹមកូន នៅមជ្ឈមណ្ឌលថែទាំម្តាយ និងកុមារ ប្រទេសអាល្លឺម៉ង់

មនុស្ស ៦ នាក់បាត់បង់ជីវិតពាក់ព័ន្ធជម្លោះសិទ្ធិចិញ្ចឹមកូន នៅមជ្ឈមណ្ឌលថែទាំម្តាយ និងកុមារ ប្រទេសអាល្លឺម៉ង់
អាល្លឺម៉ង់៖ មនុស្ស ៦នាក់បានស្លាប់ និងមនុស្សមួយចំនួនទៀតរងរបួស បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់បើកការបាញ់ប្រហារនៅមជ្ឈមណ្ឌលថែទាំម្តាយ និងកុមារ ក្នុងក្រុងស្តាដេ (Stade) ភាគខាងជើងប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃចន្ទ ទី២៩ ខែមិថុនា។ ប៉ូលិសបានឃាត់ខ្លួនមនុស្ស ៣នាក់ រួមទាំងជនសង្ស័យផងដែរ និងអះអាងថា មិនមានការគំរាមកំហែងបន្ថែមដល់សាធារណជនទៀតឡើយ។
អាជ្ញាធរបានឱ្យដឹងថា ជនរងគ្រោះទាំង ៦នាក់ រួមមានស្ត្រី ៤នាក់ និងបុរស ២នាក់ សុទ្ធសឹងជាបុគ្គលិកបម្រើការងារនៅមជ្ឈមណ្ឌលខាងលើ។ ក្នុងពេលកើតហេតុ ទារិកាអាយុ ៣ខែ និងម្តាយរបស់នាងក៏ស្ថិតនៅក្នុងការិយាល័យដែរ ប៉ុន្តែអ្នកទាំងពីរមិនទទួលរងរបួសឡើយ។
បើតាមការស៊ើបអង្កេតបឋម ជនសង្ស័យជាបុរសអាយុ ៤៥ឆ្នាំ មានសញ្ជាតិទួរគី កើតនៅប្រទេសអាល្លឺម៉ង់ និងរស់នៅទីក្រុងហាណូវ័រ។ រូបគេបានមកជួបមន្ត្រីនៅមជ្ឈមណ្ឌល ដើម្បីពិភាក្សាអំពីសិទ្ធិចិញ្ចឹមកូនស្រីអាយុ ៣ខែ មុនពេលបើកការបាញ់ប្រហារ។ រដ្ឋមន្ត្រីមហាផ្ទៃរដ្ឋ ឡូវើ សាក់សូនី (Lower Saxony) លោកស្រី ដានីអេឡា បេរ៉ិនស៍ (Daniela Behrens) បានបញ្ជាក់ថា ករណីនេះកើតឡើងដោយសារជម្លោះក្នុងគ្រួសារ មិនពាក់ព័ន្ធនឹងមូលហេតុនយោបាយ ឬសេដ្ឋកិច្ចឡើយ។
មេប៉ូលិសតំបន់ លូនេបួក (Lueneburg) លោកស្រី កាថ្រីន ស្គូល (Kathrin Schuol) បានឱ្យដឹងថា ជនសង្ស័យធ្លាប់ត្រូវបានប៉ូលិសកត់ត្រាពាក់ព័ន្ធការគំរាមកំហែង ប៉ុន្តែមិនត្រូវបានចាត់ទុកថា ជាមនុស្សមានទំនោរប្រើអំពើហិង្សាធ្ងន់ធ្ងរនោះទេ ហើយក៏មិនមានអាជ្ញាប័ណ្ណកាន់កាប់អាវុធផងដែរ។ ក្រោយធ្វើសកម្មភាព រូបគេបានព្យាយាមរត់គេចខ្លួនតាមរថយន្តដែលបើកបរដោយស្ត្រីម្នាក់ មុនត្រូវប៉ូលិសស្ទាក់ចាប់បាន។
ក្រោយកើតហេតុ កម្លាំងប៉ូលិស និងក្រុមសង្គ្រោះបន្ទាន់ជាច្រើនបានចុះទៅកាន់ទីតាំង ដើម្បីគ្រប់គ្រងស្ថានការណ៍។ អាជ្ញាធរក៏បានរៀបចំឱ្យឪពុកម្តាយមកទទួលកូនៗដែលកំពុងស្ថិតនៅមណ្ឌលថែទាំកុមារ និងសាលាបឋមសិក្សាក្បែរកន្លែងកើតហេតុ ដើម្បីធានាសុវត្ថិភាព។
ក្រុងស្តាដេ មានទីតាំងស្ថិតនៅចម្ងាយប្រមាណ ៣០គីឡូម៉ែត្រ ភាគខាងលិចទីក្រុងហាំប៊ួក និងមានប្រជាជនប្រមាណ ៥ម៉ឺននាក់។ អាជ្ញាធរអាល្លឺម៉ង់កំពុងបន្តការស៊ើបអង្កេត ដើម្បីស្វែងរកព័ត៌មានលម្អិតជុំវិញហេតុការណ៍បាញ់ប្រហារដ៏រន្ធត់នេះ។
ប្រភព៖ BBC
https://www.bbc.com/news/articles/c17yzzw1vkjo
DENEWS
https://www.dw.com/en/germany-at-least-6-killed-in-shooting-in-stade/a-77754951
រាយការណ៍ដោយ៖ The Khmer Today



