National
ក្រុមហ៊ុនអាកាសចរណ៍ពីឌូបៃ ចាប់អារម្មណ៍ភ្ជាប់ជើងហោះហើរមកកម្ពុជា ដើម្បីជំរុញវិស័យទេសចរណ៍

ក្រុមហ៊ុនអាកាសចរណ៍ពីឌូបៃ ចាប់អារម្មណ៍ភ្ជាប់ជើងហោះហើរមកកម្ពុជា ដើម្បីជំរុញវិស័យទេសចរណ៍
ភ្នំពេញ៖ ក្រុមហ៊ុន ហាឌីដ អ៊ីនធើណេសិនណល សឺវីស (Hadid International Services - HADID) ដែលជាក្រុមហ៊ុនឈានមុខផ្នែកសេវាគាំទ្រអាកាសចរណ៍អន្តរជាតិ មានទីស្នាក់ការកណ្តាលនៅទីក្រុងឌូបៃ ប្រទេសសហព័ន្ធអារ៉ាប់រួម បានបង្ហាញការចាប់អារម្មណ៍ក្នុងការពិចារណាភ្ជាប់ជើងហោះហើរមកកាន់ប្រទេសកម្ពុជា ស្របពេលក្រុមហ៊ុនក៏មានបំណងចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិផងដែរ។
ការចាប់អារម្មណ៍នេះ ត្រូវបានលើកឡើងក្នុងជំនួបរវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី អៃដា អ៊ីស្មាអ៊ីល (Aida Ismail) តំណាងក្រុមហ៊ុន និងជានាយិកាប្រចាំតំបន់ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦។ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើការផ្សព្វផ្សាយវិស័យទេសចរណ៍ ការពង្រឹងការតភ្ជាប់ផ្លូវអាកាស និងការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនពីតំបន់មជ្ឈិមបូព៌ាមកកម្ពុជា។
ក្នុងជំនួបនេះ លោកស្រី អៃដា អ៊ីស្មាអ៊ីល បានបង្ហាញពីផែនការរបស់ក្រុមហ៊ុនក្នុងការផ្សព្វផ្សាយកម្ពុជា តាមរយៈបណ្តាញដៃគូអន្តរជាតិ ការរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយ ការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ និងការបោះពុម្ពសៀវភៅណែនាំអំពីកម្ពុជា ដែលនឹងត្រូវបកប្រែជាង ៣០ ទៅ ៥០ ភាសា។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏កំពុងសិក្សាលទ្ធភាពពង្រីកសេវាកម្មអាកាសចរណ៍នៅកម្ពុជា រួមមានសេវាជួលយន្តហោះឯកជន (Jet Charter) និងសេវាដឹកជញ្ជូនអ្នកជំងឺតាមផ្លូវអាកាស (MEDEVAC) ផងដែរ។
ជាការឆ្លើយតប លោករដ្ឋមន្ត្រី ហួត ហាក់ បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន និងបានស្នើឱ្យពិនិត្យលទ្ធភាពរៀបចំដំណើរកម្សាន្តសិក្សា (FAM Trip) សម្រាប់ភ្នាក់ងារទេសចរណ៍ វិនិយោគិន និងប្រព័ន្ធផ្សព្វផ្សាយពីសហព័ន្ធអារ៉ាប់រួម និងបណ្តាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា។ លោកក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនសិក្សាលទ្ធភាពបង្កើតជើងហោះហើរត្រង់ ឬជើងហោះហើរឯកជនបន្ថែមមកកាន់រាជធានីភ្នំពេញ និងខេត្តសៀមរាប ដើម្បីពង្រឹងការតភ្ជាប់ផ្លូវអាកាសរវាងប្រទេសទាំងពីរ។
អ្នកជំនាញក្នុងវិស័យទេសចរណ៍យល់ឃើញថា ប្រសិនបើមានជើងហោះហើរតភ្ជាប់ពីទីក្រុងឌូបៃមកកម្ពុជានាពេលអនាគត វានឹងក្លាយជាកត្តាជំរុញដ៏សំខាន់សម្រាប់វិស័យទេសចរណ៍ ព្រោះទីក្រុងឌូបៃជាមជ្ឈមណ្ឌលអាកាសចរណ៍ដ៏ធំមួយរបស់ពិភពលោក ដែលតភ្ជាប់អ្នកដំណើរមកពីមជ្ឈិមបូព៌ា អឺរ៉ុប អាហ្វ្រិក និងតំបន់ផ្សេងៗ។ ការតភ្ជាប់ផ្លូវអាកាសកាន់តែងាយស្រួល នឹងជួយទាក់ទាញភ្ញៀវទេសចរដែលមានសមត្ថភាពចំណាយខ្ពស់ បង្កើនឱកាសវិនិយោគ ពង្រីកការធ្វើពាណិជ្ជកម្ម និងលើកកម្ពស់កម្ពុជាឱ្យក្លាយជាគោលដៅទេសចរណ៍កាន់តែមានការប្រកួតប្រជែងនៅលើឆាកអន្តរជាតិ។
គួរបញ្ជាក់ថា ក្រុមហ៊ុន ហាឌីដ អ៊ីនធើណេសិនណល សឺវីស (HADID) មានបទពិសោធន៍ជាង ៤០ឆ្នាំ ក្នុងការផ្តល់សេវាគាំទ្រអាកាសចរណ៍អន្តរជាតិ និងប្រតិបត្តិការនៅតំបន់អាស៊ី អឺរ៉ុប អាហ្វ្រិក មជ្ឈិមបូព៌ា និងតំបន់ជាច្រើនទៀតជុំវិញពិភពលោក។ ទោះជាយ៉ាងណា គម្រោងភ្ជាប់ជើងហោះហើរមកកម្ពុជានៅពេលនេះ កំពុងស្ថិតក្នុងដំណាក់កាលសិក្សា និងពិចារណានៅឡើយ។
ប្រភព៖ ក្រសួងទេសចរណ៍
https://www.facebook.com/share/p/1JvQ829xau/
រាយការណ៍ដោយ៖ The Khmer Today



