National
មេទ័ពកម្ពុជា ប្ដឹងអគ្គសេនាធិការកងទ័ពហ្វីលីពីន ពាក់ព័ន្ធសកម្មភាពក្រុម AOT ថៃ ឆ្លងចូលតំបន់ប្រាសាទខ្នារគ្មានការអនុញ្ញាត

មេទ័ពកម្ពុជា ប្ដឹងអគ្គសេនាធិការកងទ័ពហ្វីលីពីន ពាក់ព័ន្ធសកម្មភាពក្រុម AOT ថៃ ឆ្លងចូលតំបន់ប្រាសាទខ្នារគ្មានការអនុញ្ញាត
ភ្នំពេញ៖ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានផ្ញើលិខិតជាផ្លូវការទៅកាន់ នាយឧត្តមសេនីយ៍ រ៉ូមេអូ អេស. ប្រោនណឺ ជូនៀរ (Romeo S. Brawner Jr.) អគ្គសេនាធិការកងទ័ពហ្វីលីពីន ដោយសម្តែងការតវ៉ា និងក្តីបារម្ភជាខ្លាំង ពាក់ព័ន្ធនឹងសកម្មភាពរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំប្រទេសថៃ ដែលអមដោយកម្លាំងប្រដាប់អាវុធថៃ បានឆ្លងចូលក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា នៅតំបន់ប្រាសាទខ្នារ ដោយគ្មានការជូនដំណឹង ឬការអនុញ្ញាតពីភាគីកម្ពុជា។
យោងតាមលិខិតចុះថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៦ នៅតំបន់ជិតប្រាសាទខ្នារ។ លិខិតបញ្ជាក់ថា សមាជិកក្រុម AOT ប្រចាំប្រទេសថៃ និងកម្លាំងប្រដាប់អាវុធថៃ បានឆ្លងចូលក្នុងតំបន់ដែលកម្ពុជាអះអាងថាស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ខ្លួន ហើយបានបន្តធ្វើសកម្មភាពដាំកូនឈើ ដោយមិនមានការសម្របសម្រួល ឬជូនដំណឹងជាមុនដល់ភាគីកម្ពុជាឡើយ។
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានគូសបញ្ជាក់ថា កម្ពុជាតែងតែអនុវត្តតាមលក្ខខណ្ឌយោង (Terms of Reference - TOR) របស់ក្រុម AOT យ៉ាងម៉ឺងម៉ាត់ ដោយជូនដំណឹង និងសហការជាមួយភាគីថៃរាល់ពេលមានសកម្មភាពសង្កេតការណ៍។ កម្ពុជាក៏បានបញ្ជាក់ជាបន្តបន្ទាប់ថា តំបន់ខាងលើស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ប៉ុន្តែក្រុម AOT ប្រចាំប្រទេសថៃនៅតែចូលក្នុងតំបន់ដោយគ្មានការយល់ព្រមពីភាគីកម្ពុជា។
លិខិតបានបញ្ជាក់ថា សកម្មភាពខាងលើមិនស្របនឹងគោលការណ៍អព្យាក្រឹតភាព ការកសាងទំនុកចិត្ត និងការគោរពគ្នាទៅវិញទៅមក ដែលជាមូលដ្ឋាននៃយន្តការក្រុម AOT ហើយអាចប៉ះពាល់ដល់បរិយាកាសទំនុកចិត្ត និងកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីរវាងកម្ពុជា និងថៃ។
តាមរយៈលិខិតនេះ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានស្នើឱ្យអគ្គសេនាធិការកងទ័ពហ្វីលីពីន ក្នុងនាមជាប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន ពិនិត្យឡើងវិញលើហេតុការណ៍ខាងលើ និងធានាឱ្យសមាជិកក្រុម AOT ទាំងអស់គោរពយ៉ាងម៉ឺងម៉ាត់តាមលក្ខខណ្ឌយោង (TOR) និងរក្សាអព្យាក្រឹតភាពក្នុងការបំពេញបេសកកម្ម។
ទន្ទឹមនឹងនេះ កងយោធពលខេមរភូមិន្ទបានអះអាងថា នឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកងទ័ពហ្វីលីពីន និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងជំរុញការដោះស្រាយបញ្ហានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ តាមរយៈកិច្ចសន្ទនា និងវិធានការដោយសន្តិវិធី៕
ប្រភព៖Vincent
https://www.facebook.com/share/194EPvdUxc/
រាយការណ៍ដោយ៖ The Khmer Today



