National
ទេសចរណ៍ក្នុងស្រុកកាន់តែសំខាន់! ក្រសួងទេសចរណ៍ដាក់ចេញទិសដៅថ្មីសម្រាប់អភិវឌ្ឍន៍

ទេសចរណ៍ក្នុងស្រុកកាន់តែសំខាន់! ក្រសួងទេសចរណ៍ដាក់ចេញទិសដៅថ្មីសម្រាប់អភិវឌ្ឍន៍
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានបញ្ជាក់ពីសារៈសំខាន់នៃការជំរុញទេសចរណ៍ក្នុងស្រុក ក្នុងនាមជាកម្លាំងចម្បងមួយសម្រាប់ទ្រទ្រង់ និងពង្រឹងភាពធន់នៃវិស័យទេសចរណ៍កម្ពុជា តាមរយៈការដាក់ចេញទិសដៅអភិវឌ្ឍន៍ថ្មីសម្រាប់អនាគត។
ការលើកឡើងនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វាយតម្លៃបញ្ចប់អាណត្តិនៃការអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០២១-២០២៥ និងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគោលការណ៍ណែនាំស្តីពីការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍រាជធានី-ខេត្ត និងការវាយតម្លៃសមិទ្ធកម្ម។
សិក្ខាសាលានេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ អាជ្ញាធររាជធានី-ខេត្ត វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ សរុបប្រមាណ ៣០០នាក់ ដើម្បីពិភាក្សា និងពង្រឹងការអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍នៅថ្នាក់មូលដ្ឋាន។
ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលកិច្ចសហការរវាងក្រសួងទេសចរណ៍ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានរួមគ្នាជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តមក៏បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំរាជធានី-ខេត្ត និងមន្ទីរទេសចរណ៍ទាំង២៥ ឱ្យបន្តពង្រឹងការអនុវត្តការងារដោយសកម្ម និងមានទំនួលខុសត្រូវខ្ពស់។
ក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់ បានណែនាំឱ្យបន្តយកចិត្តទុកដាក់លើការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍រាជធានី-ខេត្ត ពង្រឹងការផ្សព្វផ្សាយគោលដៅទេសចរណ៍ កំណត់ម៉ាកសញ្ញា (Branding) ការបង្កើតការនិទានរឿង (Storytelling) និងការកំណត់ម្ហូបអាហារអត្តសញ្ញាណប្រចាំតំបន់ (Signature Dish) ដើម្បីបង្កើនភាពទាក់ទាញ និងការប្រកួតប្រជែង។
ជាមួយគ្នានេះ ក្រសួងទេសចរណ៍ក៏បានប្រកាសដាក់ឱ្យអនុវត្តចលនាប្រឡងប្រណាំង «មន្ទីរទេសចរណ៍ឆ្នើម» សម្រាប់អាណត្តិអភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ២០២៦-២០៣០ ដើម្បីលើកកម្ពស់គុណភាពការងារ និងប្រសិទ្ធភាពក្នុងវិស័យទេសចរណ៍ទូទាំងប្រទេស។
ក្រសួងទេសចរណ៍បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីប្រែក្លាយគោលនយោបាយ និងទិសដៅអភិវឌ្ឍន៍ថ្មីនេះ ទៅជាសកម្មភាពជាក់ស្តែង សំដៅអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែមានគុណភាព ប្រកួតប្រជែង និងចីរភាព។
ប្រភព៖ ក្រសួងទេសចរណ៍
https://www.facebook.com/share/1DVaaqgWuY/?mibextid=wwXIfr
រាយការណ៍ដោយ ៖ The Khmer Today



