National
អាជ្ញាធរជាតិអប្សរា ដឹកជញ្ជូនថ្មរាប់សិបដុំ ត្រៀមជួសជុលកាំជណ្តើរផ្នែកខាងលិចនៃប្រាសាទនាគព័ន្ធ

អាជ្ញាធរជាតិអប្សរា ដឹកជញ្ជូនថ្មរាប់សិបដុំ ត្រៀមជួសជុលកាំជណ្តើរផ្នែកខាងលិចនៃប្រាសាទនាគព័ន្ធ
សៀមរាប៖ អាជ្ញាធរជាតិអប្សរា កំពុងបន្តប្រតិបត្តិការដឹកជញ្ជូនថ្មបាយក្រៀម និងថ្មភក់ ដែលមានទម្ងន់ក្នុងមួយដុំចន្លោះពី ៥០០ ដល់ ៦០០ គីឡូក្រាម ដើម្បីត្រៀមជួសជុលកាំជណ្តើរផ្នែកខាងលិចនៃប្រាសាទនាគព័ន្ធ ក្នុងដំណាក់កាលទី២ ដែលបានរងការខូចខាតអស់រយៈពេលយូរ។
លោក អ៊ិត ស្រេង បុគ្គលិកបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រុមកម្មករចំនួន ១២នាក់ កំពុងទទួលបន្ទុកការងារដឹកជញ្ជូនថ្មពីដីគោកទៅកាន់ការដ្ឋានជួសជុលប្រាសាទនាគព័ន្ធ។
តាមការបញ្ជាក់ ការដឹកជញ្ជូនត្រូវអនុវត្តជាពីរដំណាក់កាល។ ដំណាក់កាលទី១ ប្រើប្រាស់ទូកចំនួនពីរគ្រឿងចងភ្ជាប់គ្នា ដឹកថ្មពីដីគោកឆ្លងកាត់ទឹកបារាយណ៍ចម្ងាយប្រមាណ ៤០០ម៉ែត្រ ដោយក្នុងមួយជើង ទូកអាចផ្ទុកទម្ងន់បានប្រមាណ ១តោន។ បន្ទាប់មក ក្រុមការងារប្រើឧបករណ៍លើកថ្មឡើងលើគោក និងរៀបចំសម្រាប់ដឹកបន្ត។
ចំណែកដំណាក់កាលទី២ ថ្មត្រូវបានដាក់លើរទេះរុញ ហើយអូសដោយកម្លាំងមនុស្សទៅកាន់ការដ្ឋាន ដែលមានចម្ងាយប្រមាណ ៣០០ម៉ែត្រ ពីកំពង់ទឹក។ ការងារនេះទាមទារការសហការគ្នា ភាពអត់ធ្មត់ និងជំនាញបច្ចេកទេសខ្ពស់ ដើម្បីធានាថាថ្មមិនរងការខូចខាតអំឡុងពេលដឹកជញ្ជូន។
លោក អ៊ិត ស្រេង បានបន្ថែមថា ក្នុងមួយថ្ងៃ ក្រុមការងារអាចដឹកជញ្ជូនថ្មបានប្រមាណ ៨ដុំ។ ប្រតិបត្តិការនេះបានចាប់ផ្តើមតាំងពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៦ ហើយរហូតមកដល់ពេលនេះ បានដឹកជញ្ជូនថ្មសរុប ៥០ដុំ រួចហើយ។ គម្រោងនេះត្រូវបានគេរំពឹងថា នឹងចំណាយពេលជាង ២ខែ ដើម្បីដឹកជញ្ជូនថ្មឱ្យបានគ្រប់ចំនួនសម្រាប់ការងារជួសជុល។
បុគ្គលិកគ្រប់គ្រងការដ្ឋានបានឱ្យដឹងថា ថ្មដែលត្រូវប្រើប្រាស់ក្នុងការអភិរក្សមានទម្ងន់ចាប់ពីរាប់រយគីឡូក្រាម រហូតដល់រាប់តោន។ ដូច្នេះ រាល់ការដឹកជញ្ជូន និងការលើកដាក់ ត្រូវអនុវត្តដោយប្រុងប្រយ័ត្ន និងអនុលោមតាមបច្ចេកទេសអភិរក្ស ដើម្បីរក្សាបាននូវគុណភាព និងតម្លៃដើមនៃសំណង់បុរាណ។
ប្រភព៖ អាជ្ញាធរជាតិអប្សរា
https://www.facebook.com/share/p/1BNUCf1zHw/?mibextid=wwXIfr
រាយការណ៍ដោយ ៖ The Khmer Today



