National
ក្រសួងវប្បធម៌ ប្រកាសរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៥ ឆ្នាំ២០២៦

ក្រសួងវប្បធម៌ ប្រកាសរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៥ ឆ្នាំ២០២៦
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសរៀបចំ មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៥ ឆ្នាំ២០២៦ ក្រោមពាក្យស្លោក «ភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅកាន់ភាពយន្តខ្នាតវែង» ក្នុងគោលបំណងលើកទឹកចិត្តយុវផលិតករឱ្យអភិវឌ្ឍសមត្ថភាព បញ្ចេញគំនិតច្នៃប្រឌិត និងរួមចំណែកលើកស្ទួយឧស្សាហកម្មភាពយន្តជាតិ។
ការប្រកួតផ្តោតលើខ្លឹមសារចម្បងចំនួន២ គឺ វប្បធម៌ និងការអភិវឌ្ឍសង្គម ព្រមទាំង ភាពច្នៃប្រឌិត និងការបង្កើតថ្មី។ ស្នាដៃដែលដាក់ចូលរួមត្រូវផលិតដោយអ្នកនិពន្ធ និងអ្នកដឹកនាំរឿងជាជនជាតិខ្មែរ ផលិតក្រោយខែមករា ឆ្នាំ២០២៤ មានរយៈពេលមិនលើសពី៣០នាទី និងមានចំណងជើងរងជាភាសាអង់គ្លេស។ ចំពោះការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ត្រូវមិនលើសពី៣០ភាគរយនៃសាច់រឿងទាំងមូល។
ក្រសួងនឹងទទួលពាក្យចូលរួមរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ខណៈលទ្ធផលជ្រើសរើសស្នាដៃជុំដំបូងនឹងប្រកាសនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។ មហោស្រពនឹងប្រារព្ធពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ។
ជ័យលាភីនឹងទទួលបានពានរង្វាន់មាស ប្រាក់ សំរឹទ្ធ និងពានរង្វាន់ពិសេសរបស់គណៈមេប្រយោគ អមដោយថវិកាលើកទឹកចិត្ត។
ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
https://www.facebook.com/share/p/1F9D3srMVW/
អត្ថបទដោយ៖ សារព័ត៌មាន The Khmer Today



