National
ផ្លូវជាតិលេខ៧ កាន់តែងាយស្រួល! ពីស្គន់-កំពង់ចាម សម្ពោធឱ្យប្រើប្រាស់ ក្រោយវិនិយោគជាង ១១៧លានដុល្លារ

ផ្លូវជាតិលេខ៧ កាន់តែងាយស្រួល! ពីស្គន់-កំពង់ចាម សម្ពោធឱ្យប្រើប្រាស់ ក្រោយវិនិយោគជាង ១១៧លានដុល្លារ
ភ្នំពេញ៖ ផ្លូវជាតិលេខ៧ កំណាត់ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម មានប្រវែង ៤៥,៤៨៩គីឡូម៉ែត្រ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបញ្ចប់ការសាងសង់ដោយចំណាយថវិកាសរុបជាង ១១៧លានដុល្លារអាមេរិក។
គម្រោងនេះ ត្រូវបានអនុវត្តក្នុងគោលបំណងឆ្លើយតបនឹងការកើនឡើងនៃលំហូរចរាចរណ៍ និងការដឹកជញ្ជូន ព្រមទាំងគាំទ្រកំណើនសេដ្ឋកិច្ច និងការតភ្ជាប់រវាងរាជធានីភ្នំពេញ ខេត្តកំពង់ចាម និងបណ្តាខេត្តភាគឦសាន។ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវដែលបានធ្វើទំនើបកម្មនេះ នឹងជួយកាត់បន្ថយពេលវេលាធ្វើដំណើរ បង្កើនសុវត្ថិភាព និងលើកកម្ពស់ប្រសិទ្ធភាពដឹកជញ្ជូនទំនិញ។
កំណាត់ផ្លូវនេះ ត្រូវបានពង្រីកពី ២គន្លង ទៅជា ៤គន្លង ដោយក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ៩សង់ទីម៉ែត្រ និងបំពាក់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមមានស្ពានថ្មីចំនួន៧កន្លែង ការពង្រីកស្ពានចាស់១កន្លែង លូគ្រប់ប្រភេទចំនួន៣៣០កន្លែង កាមេរ៉ាត្រួតពិនិត្យល្បឿនរថយន្ត ស្ថានីយថ្លឹងរថយន្តដឹកជញ្ជូនលើសទម្ងន់ប្រព័ន្ធវៃឆ្លាត (AI and Weigh-in-Motion) ព្រមទាំងស្លាកសញ្ញា និងគំនូសចរាចរណ៍ស្របតាមស្តង់ដារបច្ចេកទេស។
គម្រោងនេះ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាក្វាងចូវវ៉ានអាន ដោយប្រើរយៈពេលសាងសង់៤០ខែ។ ថវិកាជាង ១១៧លានដុល្លារអាមេរិក សម្រាប់គម្រោងនេះ គឺជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៧ ដែលបានធ្វើទំនើបកម្មនេះ ត្រូវបានរំពឹងថានឹងជួយជំរុញពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅតាមបណ្តោយផ្លូវ និងតំបន់ភាគឦសានរបស់កម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។
ប្រភព៖ក្រសួងព័ត៌មាន
https://www.information.gov.kh/articles/197317
រាយការណ៍ដោយ៖ The Khmer Today



