International
សិង្ហបុរី ចាប់ដៃជប៉ុន បង្កើតភាពជាដៃគូសហការលើបច្ចេកវិទ្យាអវកាសជាលើកដំបូង

សិង្ហបុរី ចាប់ដៃជប៉ុន បង្កើតភាពជាដៃគូសហការលើបច្ចេកវិទ្យាអវកាសជាលើកដំបូង
សិង្ហបុរី៖ ប្រទេសសិង្ហបុរី និងប្រទេសជប៉ុន បានបង្កើតភាពជាដៃគូសហការលើវិស័យបច្ចេកវិទ្យាអវកាសជាលើកដំបូង បន្ទាប់ពីទីភ្នាក់ងារអវកាសនៃប្រទេសទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់អវកាសក្នុងគោលបំណងសន្តិភាព។
កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ នេះ គឺជាកិច្ចព្រមព្រៀងទ្វេភាគីលើកដំបូងរបស់ទីភ្នាក់ងារអវកាសជាតិសិង្ហបុរី (NSAS) ជាមួយទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA)។ ភាពជាដៃគូនេះ នឹងផ្តោតលើការផ្លាស់ប្តូរព័ត៌មាន ចែករំលែកជំនាញបច្ចេកទេស និងជំរុញការស្រាវជ្រាវក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអវកាស។
កិច្ចសហការនេះក៏នឹងជួយពន្លឿនការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ រួមទាំងប្រព័ន្ធទំនាក់ទំនងផ្កាយរណបបែបក្វាន់ទុំ (Quantum Satellite Communications) ដែលត្រូវបានចាត់ទុកថាជាបច្ចេកវិទ្យាសំខាន់សម្រាប់ការទំនាក់ទំនងប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់នាពេលអនាគត។
ក្នុងឱកាសសន្និសីទ Spacetide 2026 នៅទីក្រុងតូក្យូ សិង្ហបុរីក៏បានក្លាយជាប្រទេសដៃគូទី៣ បន្ទាប់ពីចក្រភពអង់គ្លេស និងបារាំង ដែលចូលរួមក្នុងក្របខណ្ឌគាំទ្រអាជីវកម្មរបស់ JAXA ដើម្បីសម្របសម្រួលកិច្ចសហការរវាងក្រុមហ៊ុនឯកជននៃប្រទេសទាំងពីរ និងជំរុញការវិនិយោគក្នុងឧស្សាហកម្មអវកាស។
លើសពីកិច្ចព្រមព្រៀងថ្នាក់រដ្ឋាភិបាល សកលវិទ្យាល័យបច្ចេកវិទ្យា ណានយ៉ាង (NTU) របស់សិង្ហបុរី ក៏បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុន Fusic ដើម្បីអភិវឌ្ឍការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងការគ្រប់គ្រងផ្កាយរណប និងដោះស្រាយបញ្ហាបច្ចេកទេសឱ្យកាន់តែមានប្រសិទ្ធភាព។
អ្នកស្រី ងៀម ឡេណា (Ngiam Le Na) ប្រធានប្រតិបត្តិនៃទីភ្នាក់ងារអវកាសជាតិសិង្ហបុរី (NSAS) បានលើកឡើងថា ភាពជាដៃគូជាមួយជប៉ុន គឺជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងប្រព័ន្ធអេកូឡូស៊ីអវកាសរបស់សិង្ហបុរី តាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ និងការជំរុញនវានុវត្តន៍បច្ចេកវិទ្យា។
ដោយឡែក លោកបណ្ឌិត ហ៊ីរ៉ូស៊ី យ៉ាម៉ាកាវ៉ា (Hiroshi Yamakawa) ប្រធានទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ ត្រូវបានចុះហត្ថលេខាក្នុងឱកាសដែលសិង្ហបុរី និងជប៉ុន អបអរសាទរខួប៦០ឆ្នាំនៃទំនាក់ទំនងការទូត ហើយនឹងក្លាយជាមូលដ្ឋានសម្រាប់ពង្រីកភាពជាដៃគូអវកាស និងរួមចំណែកដោះស្រាយបញ្ហាសកលតាមរយៈវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
ប្រភព៖ CNA
https://globalnation.inquirer.net/330000/japan-singapore-take-bilateral-ties-into-orbit-with-new-space-pact
រាយការណ៍ដោយ ៖ The Khmer Today



