National
កម្ពុជាចាប់ដៃបារាំងជំរុញ «ការលុបបំបាត់ទោសជាសកលលើការស្រឡាញ់ភេទដូចគ្នា» ក្នុងមហាសន្និបាតសិទ្ធិមនុស្ស

កម្ពុជាចាប់ដៃបារាំងជំរុញ «ការលុបបំបាត់ទោសជាសកលលើការស្រឡាញ់ភេទដូចគ្នា» ក្នុងមហាសន្និបាតសិទ្ធិមនុស្ស
ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជាបានប្រកាសពីជំហរផ្លូវការក្នុងការចូលរួមជាមួយប្រទេសបារាំង ដើម្បីគាំទ្រដល់សេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពី «ការធ្វើឱ្យលែងមានទោសជាសកលនៃការស្រឡាញ់ភេទដូចគ្នា (Towards Universal Decriminalization of Homosexuality)»។ ការបោះជំហានដ៏សំខាន់នេះ ត្រូវបានរំពឹងថានឹងត្រូវអនុម័តជាផ្លូវការនៅក្នុងសម័យប្រជុំលើកទី៦២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN Human Rights Council) នាពេលខាងមុខ។
គំនិតផ្តួចផ្តើមនេះត្រូវបានលើកឡើងយ៉ាងច្បាស់ នៅក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយលោកជំទាវ Matilda Bogner អ្នកតំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ម្សិលមិញនេះ។
នៅក្នុងជំនួបនោះ ឯកឧត្តម កែវ រ៉េមី បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកទូលាយ និងលើកកម្ពស់សិទ្ធិសេរីភាព ក៏ដូចជាការការពារដល់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា (LGBTQ+) ឱ្យស្របតាមស្តង់ដារអន្តរជាតិ។ បន្ថែមលើនេះ កម្ពុជាក៏កំពុងពិចារណាលើការផ្តល់សច្ចាប័នចំពោះពិធីសារទី២ នៃកតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលផ្តោតលើការលុបបំបាត់ទោសប្រហារជីវិតផងដែរ។
ជាការឆ្លើយតប លោកជំទាវ Matilda Bogner តំណាងឱ្យ OHCHR បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះចំណាត់ការជាវិជ្ជមានរបស់កម្ពុជា។ លោកជំទាវបានកោតសរសើរដែលរាជរដ្ឋាភិបាលកម្ពុជាតែងតែបង្ហាញការយកចិត្តទុកដាក់ បើកចិត្តទូលាយ និងបន្តលើកកម្ពស់សិទ្ធិ ក៏ដូចជាការការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងសង្គមយ៉ាងសកម្ម។
ការចូលរួមរបស់កម្ពុជាជាមួយបារាំងលើឆាកអន្តរជាតិនាពេលនេះ មិនត្រឹមតែបង្ហាញពីការរីកចម្រើននៃវិស័យសិទ្ធិមនុស្សនៅក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសញ្ញាណវិជ្ជមានមួយដែលបង្ហាញថា កម្ពុជាជាប្រទេសឈានមុខគេមួយនៅក្នុងតំបន់អាស៊ាន ដែលផ្តល់តម្លៃខ្ពស់ដល់សមភាព និងការមិនរើសអើងចំពោះភាពចម្រុះនៃយេនឌ័រ៕
ប្រភព៖ គណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា
https://www.facebook.com/share/p/1BUQdfZKze/
រាយការណ៍ដោយ ៖ The Khmer Today



