International
អ្នកស្លាប់កើនដល់ ៤២នាក់ ក្រោយក្រុមសកម្មប្រយុទ្ធបើកការវាយប្រហារជាបន្តបន្ទាប់នៅប៉ាគីស្ថាន

អ្នកស្លាប់កើនដល់ ៤២នាក់ ក្រោយក្រុមសកម្មប្រយុទ្ធបើកការវាយប្រហារជាបន្តបន្ទាប់នៅប៉ាគីស្ថាន
អ៊ីស្លាម៉ាបាដ៖ ចំនួនអ្នកស្លាប់ពីការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធចំនួនបី នៅខេត្តបាឡូជីស្ថាន ភាគនិរតីប្រទេសប៉ាគីស្ថាន បានកើនដល់ ៤២នាក់ ក្នុងរយៈពេលបួនថ្ងៃ រួមមានជនស៊ីវិល ប៉ូលីស និងទាហាន។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យយោធាប៉ាគីស្ថាន លោក Ahmed Sharif Chaudhry តាមទូរទស្សន៍រដ្ឋ។
លោកបានឲ្យដឹងថា ក្រុមយោធាប៉ាគីស្ថានបានសម្លាប់ពួកសកម្មប្រយុទ្ធវិញចំនួន ៥៤នាក់ ក្នុងប្រតិបត្តិការឆ្លើយតប ហើយរដ្ឋាភិបាលនឹងបន្តតាមប្រមាញ់អ្នកពាក់ព័ន្ធទាំងអស់។
លោកក៏បានចោទប្រកាន់ឥណ្ឌាថា មានការគាំទ្រដល់ក្រុមសកម្មប្រយុទ្ធដែលពាក់ព័ន្ធនឹងអំពើហិង្សានេះផងដែរ។ ការវាយប្រហារធ្ងន់ធ្ងរមួយបានកើតឡើងនៅប៉ុស្តិ៍ត្រួតពិនិត្យដែលការពារគម្រោងទំនប់វារីអគ្គិសនី Mangi ដោយខ្មាន់កាំភ្លើងបានសម្លាប់មន្ត្រីប៉ូលីសចំនួន ៩នាក់ និងបន្សល់ទុកមនុស្សមួយចំនួនទៀតបាត់ខ្លួន។
ខេត្តបាឡូជីស្ថាន គឺជាតំបន់ដែលប្រឈមនឹងអំពើហិង្សាជាបន្តបន្ទាប់ពីក្រុមបំបែកខ្លួនជនជាតិភាគតិចបាឡូច។
កាលពីខែឧសភា មនុស្ស ២៤នាក់ ត្រូវបានសម្លាប់ក្នុងការផ្ទុះមួយដែលកំណត់គោលដៅរថភ្លើងដឹកមន្ត្រីយោធានៅទីក្រុង Quetta។ ប៉ាគីស្ថានក៏បានបង្កើនប្រតិបត្តិការយោធាប្រឆាំងក្រុមសកម្មប្រយុទ្ធក្នុងតំបន់នេះ ដោយកាលពីខែកុម្ភៈ កងកម្លាំងសន្តិសុខបានសម្លាប់ពួកបំបែកខ្លួនជិត ២០០នាក់ បន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់ដែលបានសម្លាប់ជនស៊ីវិល និងមន្ត្រីសន្តិសុខជាង ៥០នាក់។
ប្រភព៖CNA
https://www.channelnewsasia.com/world/pakistan-militant-attacks-balochistan-kill-42-6242081
រាយការណ៍ដោយ៖ The Khmer Today


