National
ពលរដ្ឋថ្មដាបារម្ភពីជីវភាព ក្រោយមិនអាចត្រឡប់ទៅលំនៅឋានរបស់ខ្លួន

ពលរដ្ឋថ្មដាបារម្ភពីជីវភាព ក្រោយមិនអាចត្រឡប់ទៅលំនៅឋានរបស់ខ្លួន
ប្រជាពលរដ្ឋនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានអះអាងថា ពួកគាត់បានបាត់បង់លំនៅឋាន និងដីចម្ការ បន្ទាប់ពីមានភាពតានតឹងនៅតំបន់ព្រំដែន និងបានអំពាវនាវឱ្យមានដំណោះស្រាយតាមច្បាប់អន្តរជាតិ។
ការលើកឡើងនេះ ធ្វើឡើងក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះទៅពិនិត្យស្ថានភាពនៅទីតាំងដាក់ទូរកុងតឺន័រ ក្នុងឃុំថ្មដា កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។
ប្រជាពលរដ្ឋបានអះអាងថា យោធាថៃបានប្រើប្រាស់សកម្មភាពផ្សេងៗ ដូចជា ការបាចដែកគោល ម្សៅហុយ និងបាញ់ផ្សែង នៅតំបន់ក្បែរទីតាំងដាក់ទូរកុងតឺន័រ ដែលពួកគេចាត់ទុកថាស្ថិតក្នុងទឹកដីកម្ពុជា។
លោកស្រី យុង រ៉ែម បានឱ្យដឹងថា បន្ទាប់ពីមានការផ្លាស់ប្តូរស្ថានភាពនៅតំបន់នោះ គ្រួសាររបស់លោកស្រីមិនអាចត្រឡប់ទៅរស់នៅផ្ទះ និងប្រកបរបរលើដីរបស់ខ្លួនបានដូចមុនឡើយ ហើយកំពុងរស់នៅក្នុងភាពមិនប្រាកដប្រជា។
តាមរបាយការណ៍របស់រដ្ឋបាលខេត្តពោធិ៍សាត់ កម្ពុជាអះអាងថា ការដាក់ទូរកុងតឺន័រ និងរាយលួសបន្លា នៅតំបន់ច្រក៥៦ ចាប់តាំងពីដើមឆ្នាំ២០២៦ បានប៉ះពាល់ដល់ផ្ទៃដីប្រមាណ ៧០ហិកតា រួមមានលំនៅឋាន ដីចម្ការ និងទីតាំងមួយចំនួនផ្សេងទៀត។
រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា ខ្លួននឹងបន្តដោះស្រាយបញ្ហានេះតាមផ្លូវការទូត និងច្បាប់អន្តរជាតិ ដោយអំពាវនាវឱ្យគោរពបូរណភាពទឹកដី និងកិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីរក្សាសន្តិភាពតាមបណ្តោយព្រំដែន។
ប្រភពពី៖ ក្រសួងព័ត៌មាន
https://www.facebook.com/share/p/18xrNqJhap/
រាយការណ៍ដោយ៖ The Khmer Today



