International
អាមេរិកបើកការវាយប្រហារតាមអាកាសលើភាគខាងត្បូងអ៊ីរ៉ង់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង ៤នាក់រងរបួស

អាមេរិកបើកការវាយប្រហារតាមអាកាសលើភាគខាងត្បូងអ៊ីរ៉ង់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង ៤នាក់រងរបួស
[ទីក្រុងតេអេរ៉ង់] — ស្ថានភាពជម្លោះយោធារវាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ បានឈានដល់ដំណាក់កាលកាន់តែស្រួចស្រាល់ បន្ទាប់ពីកងទ័ពអាកាសសហរដ្ឋអាមេរិកបានបើកប្រតិបត្តិការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរទៅលើគោលដៅជាច្រើនកន្លែង នៅក្នុងខេត្ត Khuzestan និងតំបន់ភាគខាងត្បូងនៃប្រទេសអ៊ីរ៉ង់ កាលពីព្រឹកព្រលឹមថ្ងៃនេះ។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ (IRNA) ដែលស្រង់សម្តីលោក Valiollah Hayati អភិបាលរងទទួលបន្ទុកកិច្ចការសន្តិសុខ និងការអនុវត្តច្បាប់នៃខេត្ត Khuzestan បានឱ្យដឹងថា ការវាយប្រហារដោយគ្រាប់រ៉ុកកែត ឬមីស៊ីលរបស់សហរដ្ឋអាមេរិក បានធ្លាក់ចំស្ថានីយបូមទឹកកសិកម្មមួយកន្លែង ស្ថិតក្នុងស្រុក Mahshahr។ ហេតុការណ៍នេះបានបណ្តាលឱ្យសន្តិសុខយាមស្ថានីយម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង និងបង្កឱ្យមនុស្ស ៤ នាក់ផ្សេងទៀតរងរបួស។
បច្ចុប្បន្ន ក្រុមសង្គ្រោះបន្ទាន់ និងក្រុមគ្រូពេទ្យកំពុងដុតដៃដុតជើងក្នុងការផ្តល់ជំនួយវេជ្ជសាស្ត្រ និងតាមដានស្ថានភាពអ្នករងរបួសទាំងនោះយ៉ាងយកចិត្តទុកដាក់។
ការវាយប្រហារតាមអាកាសដ៏ទ្រង់ទ្រាយធំពីសំណាក់សហរដ្ឋអាមេរិកនាពេលនេះ ធ្វើឡើងចំពេលដែលការប្រឈមមុខដាក់គ្នាផ្នែកយោធានៅតំបន់ច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz កំពុងតែមានភាពតានតឹងខ្លាំង។ ខណៈដែលមិនទាន់មានការបញ្ជាក់ជាផ្លូវការណាមួយពីរដ្ឋបាលក្រុងវ៉ាស៊ីនតោនជុំវិញទំហំនៃការខូចខាតសរុប ភាគីអ៊ីរ៉ង់បានអះអាងថា ប្រតិបត្តិការទម្លាក់គ្រាប់បែកនេះបានរីករាលដាលពាសពេញខេត្តភាគខាងត្បូង និងបានប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផងដែរ។
អ្នកតាមដានស្ថានការណ៍អន្តរជាតិបារម្ភថា ការវាយប្រហារនេះអាចនឹងរុញច្រានឱ្យមានការវាយបកសងសឹកពីសំណាក់កងកម្លាំងអ៊ីរ៉ង់ ដែលធ្វើឱ្យស្ថានការណ៍សន្តិសុខនៅតំបន់មជ្ឈិមបូព៌ាកាន់តែធ្លាក់ចុះដុនដាបខ្លាំងជាងមុន៕
ប្រភព៖ Baha breaking news
https://breakingthenews.net/Article/At-least-1-dead-4-injured-in-US-strikes-on-Iran's-Khuzestan/66680626
Aljazeera
https://www.aljazeera.com/news/liveblog/2026/7/13/iran-war-live-us-bombs-iranian-cities-again-as-hormuz-standoff-intensifies?update=4764882
រាយការណ៍ដោយ៖ The Khmer Today


