National
ក្រោយជួបជនភៀសសឹក អ្នកសង្កេតការណ៍អាស៊ាន ជំរុញឱ្យមានការវាស់វែងព្រំដែនឱ្យបានឆាប់

ភ្នំពេញ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ពន្លឿនការវាស់វែង និងបោះបង្គោលព្រំដែនឱ្យបានឆាប់រហ័ស បន្ទាប់ពីបានចុះពិនិត្យស្ថានភាពរស់នៅ និងសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរចំនួន ៦៤៥គ្រួសារ ដែលកំពុងផ្លាស់ទីលំនៅបណ្តោះអាសន្នដោយសារស្ថានភាពតាមបណ្តោយព្រំដែន។
បេសកកម្មនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការសម្របសម្រួលពីភាគីកម្ពុជា។ គណៈប្រតិភូអ្នកសង្កេតការណ៍អាស៊ាន ដឹកនាំដោយប្រធានបេសកកម្មមកពីសាធារណរដ្ឋហ្វីលីពីន បានធ្វើដំណើរទៅកាន់ភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ដើម្បីវាយតម្លៃស្ថានភាពជាក់ស្តែង និងស្តាប់ក្តីកង្វល់របស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ការចុះពិនិត្យនេះបានបង្ហាញថា ប្រជាពលរដ្ឋភាគច្រើននៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយទេ។ ក្នុងន័យនេះ ក្រុមអ្នកសង្កេតការណ៍អាស៊ានបានគូសបញ្ជាក់ពីសារៈសំខាន់នៃការចាប់ផ្តើមដំណើរការវាស់វែងខណ្ឌសីមាព្រំដែនដោយ JBC ឱ្យបានឆាប់ ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីបង្កើតលក្ខខណ្ឌឱ្យប្រជាពលរដ្ឋអាចវិលត្រឡប់ទៅរស់នៅក្នុងលំនៅដ្ឋានរបស់ខ្លួនដោយសុវត្ថិភាព និងមានកិត្តិយស។
សេចក្តីប្រកាសព័ត៌មានដដែល បានឱ្យដឹងថា មូលហេតុដែលជនភៀសសឹកមិនទាន់អាចត្រឡប់ទៅផ្ទះវិញ គឺដោយសារកងកម្លាំងយោធាថៃនៅតែមានវត្តមាននៅតំបន់មួយចំនួន ដែលភាគីកម្ពុជាអះអាងថា ស្ថិតក្នុងទឹកដីរបស់ខ្លួន។ កម្ពុជាបានលើកឡើងថា មានការរាយបន្លាលួស ដាក់ទូកុងតឺន័រ និងការបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋនៅតំបន់រងផលប៉ះពាល់ ដែលធ្វើឱ្យការវាស់វែងព្រំដែនដោយ JBC ក្លាយជាកិច្ចការបន្ទាន់។
កម្ពុជាបានបញ្ជាក់ថា ការពន្លឿនការងាររបស់ JBC គឺស្របតាមស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលផ្តោតលើការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងផ្អែកលើឯកសារច្បាប់ដែលប្រទេសទាំងពីរបានទទួលស្គាល់។
ជាមួយគ្នានេះ កម្ពុជាបានអះអាងជាថ្មីថា នឹងបន្តការពារខ្សែព្រំដែនអន្តរជាតិរបស់ខ្លួនដោយផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ អនុសញ្ញា និងសន្ធិសញ្ញាពាក់ព័ន្ធ ព្រមទាំងផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនផ្លូវការ ដោយបញ្ជាក់ថា មិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតឡើងដោយការប្រើប្រាស់កម្លាំងយោធានោះឡើយ៕
ប្រភព៖ ក្រសួងការពារជាតិ
https://web.facebook.com/share/p/1C7hqNBD6b/
រាយការណ៍ដោយ ៖ The Khmer Today



