National
ក្រុមហ៊ុនធានារ៉ាប់រងធំជាងគេនៅចិន គាំទ្រកម្ពុជាក្នុងការលើកលែងទិដ្ឋាការដល់ប្រជាជនចិន

ក្រុមហ៊ុនធានារ៉ាប់រងធំជាងគេនៅចិន គាំទ្រកម្ពុជាក្នុងការលើកលែងទិដ្ឋាការដល់ប្រជាជនចិន
ប៉េកាំង៖ ក្រុមហ៊ុន Ping An ដែលជាក្រុមហ៊ុនធានារ៉ាប់រងធំជាងគេបង្អស់របស់ប្រទេសចិន បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយលើកលែងទិដ្ឋាការរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ប្រជាពលរដ្ឋចិន។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានបង្ហាញបំណងយ៉ាងមុតមាំក្នុងការសហការជាមួយក្រសួងទេសចរណ៍កម្ពុជា ដើម្បីផ្តល់សេវាធានារ៉ាប់រងប្រកបដោយគុណភាពខ្ពស់ ក្នុងគោលបំណងបង្កើនទំនុកចិត្ត និងសុវត្ថិភាពជូនដល់ភ្ញៀវទេសចរចិន និងអន្តរជាតិ។
ការប្រកាសគាំទ្រនេះ បានធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងដំណើរទស្សនកិច្ចការងារនៅប្រទេសចិន។ ឯកឧត្តមរដ្ឋមន្ត្រី បានជួបពិភាក្សាការងារយ៉ាងស៊ីជម្រៅជាមួយ លោក Shi Hequn នាយកប្រតិបត្តិក្រុមហ៊ុន Ping An Property & Casualty Insurance នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅរដ្ឋធានីប៉េកាំង ដោយបានលើកឡើងពីបច្ចុប្បន្នភាព និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា។
ជាលទ្ធផលនៃជំនួបដ៏មានផ្លែផ្កានេះ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រួមគ្នា តាមរយៈការដាក់ចេញនូវផែនការវិនិយោគលើប្រព័ន្ធធានាសុវត្ថិភាពភ្ញៀវទេសចរ។ លើសពីនេះ ភាគីទាំងពីរនឹងរួមគ្នាបង្កើតប្រព័ន្ធធានារ៉ាប់រងរួមគ្នាកម្ពុជា-ចិន សម្រាប់គាំពារភ្ញៀវទេសចរចិន និងអន្តរជាតិដែលធ្វើដំណើរមកកម្សាន្តនៅប្រទេសកម្ពុជា។
ទន្ទឹមនឹងការគាំទ្រលើការលើកលែងទិដ្ឋាការ ក្រុមហ៊ុន Ping An ក៏នឹងធ្វើការសិក្សាពីលទ្ធភាពវិនិយោគបង្កើតខ្សែទស្សនកិច្ចទេសចរណ៍លំដាប់ខ្ពស់ (Exclusive Luxury Tour) ផងដែរ។ គម្រោងនេះ ធ្វើឡើងដើម្បីទាក់ទាញ និងបង្កើតទំនុកចិត្តដល់ភ្ញៀវទេសចរ ព្រមទាំងវិនិយោគិនចិនលំដាប់ខ្ពស់ ដែលមានបំណងចង់មកធ្វើទស្សនកិច្ច និងស្វែងយល់ពីឱកាសវិនិយោគនានានៅកម្ពុជា ដោយភាគីទាំងពីរបានចាត់តាំងមន្ត្រីបង្គោល (Focal Point) រួចរាល់ហើយដើម្បីអនុវត្តការងារនេះ។
គួររំលឹកផងដែរថា ក្រុមហ៊ុន Ping An Property & Casualty Insurance គឺជាក្រុមហ៊ុនធានារ៉ាប់រងយក្សរបស់ចិន ដែលឈរនៅចំណាត់ថ្នាក់លេខ១ លើពិភពលោកទាំងផ្នែកទំហំទ្រព្យសកម្ម និងផ្នែកប្រាក់ចំណូល។ បច្ចុប្បន្ន ក្រុមហ៊ុនមានអតិថិជនទូទៅប្រមាណ ២៥១ លាននាក់ និងអតិថិជនជាក្រុមហ៊ុនជាង ៤ លានក្រុមហ៊ុន ដែលការចូលរួមសហការនេះ នឹងក្លាយជាកាតាលីករដ៏សំខាន់ក្នុងការជំរុញកំណើនភ្ញៀវទេសចរចិនមកកាន់កម្ពុជាឡើងវិញ៕
ប្រភព៖ ក្រសួងទេសចរណ៍
https://www.facebook.com/share/1BVoHQRnaG/?mibextid=wwXIfr
រាយការណ៍ដោយ៖ The Khmer Today



