International

July 16, 2026 at 10:59 AM
Melea_Sovannary

វៀតណាមបង្ក្រាបបណ្តាញល្បែងស៊ីសងអនឡាញ ដែលមានសមាជិកជាង ៣ម៉ឺននាក់កំពុងលេងយ៉ាងសកម្ម

វៀតណាមបង្ក្រាបបណ្តាញល្បែងស៊ីសងអនឡាញ ដែលមានសមាជិកជាង ៣ម៉ឺននាក់កំពុងលេងយ៉ាងសកម្ម

វៀតណាមបង្ក្រាបបណ្តាញល្បែងស៊ីសងអនឡាញ ដែលមានសមាជិកជាង ៣ម៉ឺននាក់កំពុងលេងយ៉ាងសកម្ម

Bac Ninh: កងកម្លាំងនគរបាលខេត្ត Bac Ninh សហការជាមួយនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាជាន់ខ្ពស់ នៃក្រសួងនគរបាលវៀតណាម បានបើកប្រតិបត្តិការរួមគ្នាបង្ក្រាបដោយជោគជ័យនូវបណ្តាញចាត់តាំងល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិតឆ្លងដែនដ៏ធំមួយ ដំណើរការក្រោមប្រព័ន្ធ "Fi88" និង "KingGroup"។ តាមការស៊ើបអង្កេត ជនសង្ស័យជាមេខ្លោង និងអ្នកចាត់តាំងផ្ទាល់ចំនួន ១២ នាក់ ដឹកនាំដោយបុរសឈ្មោះ Dinh Duc Phung ត្រូវបានចាប់ខ្លួន ជាមួយទិន្នន័យសមាជិកចូលរួមលេងយ៉ាងសកម្មជាង ៣០,០០០ នាក់ និងទំហំទឹកប្រាក់ចរាចរណ៍រហូតដល់រាប់ពាន់លានដុង។

យុទ្ធនាការបង្ក្រាបដ៏ធំនេះ បានលាតត្រដាងនូវល្បិចកល និងការផ្លាស់ប្តូរយុទ្ធសាស្ត្រថ្មីរបស់ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ តាមរយៈការរឹតបន្តឹង និងការបង្ក្រាបយ៉ាងចាស់ដៃទៅលើទីតាំងឆបោកអនឡាញ (Online Scam) ពីសំណាក់អាជ្ញាធរកម្ពុជានាពេលកន្លងមក ក្រុមឧក្រិដ្ឋជនឆ្លងដែនទាំងនេះបានចាប់ផ្តើម «បែកហ្វូង» និងស្វែងរកទឹកដីថ្មី ដោយផ្លាស់ប្តូរទម្រង់ប្រតិបត្តិការពីការបោកប្រាស់ទាំងស្រុង មកជាការបង្កើត "ប្រព័ន្ធអេកូឡូស៊ីល្បែងអនឡាញ" ដែលមានលក្ខណៈទាក់ទាញចិត្តសាស្ត្រឱ្យជនរងគ្រោះចូលលេងដោយស្ម័គ្រចិត្តវិញ។

ចំណុចគួរឱ្យកត់សម្គាល់នៅក្នុងសំណុំរឿងនេះ គឺក្រុមមេខ្លោងបានបោះបង់ចោលយុទ្ធសាស្ត្រចាស់ ក្នុងការបង្កើតការិយាល័យប្រមូលផ្តុំធំៗនៅបរទេស (ដូចជាហ្វីលីពីន ឬកម្ពុជា) ដែលងាយនឹងត្រូវសមត្ថកិច្ចឡោមព័ទ្ធ។ ផ្ទុយទៅវិញ ពួកគេបានប្តូរមកប្រើប្រាស់ប្រព័ន្ធបញ្ជាការដាច់ដោយឡែក ប៉ុន្តែតភ្ជាប់គ្នា (Decentralized Network) ដោយជួលម៉ាស៊ីនមេ (Servers) និម្មិតទុកនៅបរទេស ហើយបំបែកក្រុមការងារស្នូលជាក្រុមតូចៗ ឱ្យទៅជួលផ្ទះ ឬខុនដូស្នាក់នៅរាយប៉ាយតាមបណ្តាខេត្ត-ក្រុងធំៗទូទាំងប្រទេសវៀតណាម ដើម្បីបន្លំខ្លួនជាអ្នកធ្វើការពីផ្ទះធម្មតា។

ដើម្បីទាក់ទាញ និងរក្សាទុកចំនួនសមាជិកឱ្យបានកាន់តែច្រើន ក្រុមនេះបានបង្កើតបណ្តាញផ្សព្វផ្សាយខុសច្បាប់យ៉ាងស្មុគស្មាញ រាប់ចាប់ពីគេហទំព័រកាស៊ីណូ វេទិកាផ្សាយផ្ទាល់ការប្រកួតបាល់ទាត់ រហូតដល់ការផ្សាយពាណិជ្ជកម្មកាត់តលើបណ្តាញសង្គម។ ទម្រង់នៃការលេងក៏ត្រូវបានធ្វើបច្ចុប្បន្នភាព ដោយប្តូរពីការកត់ជំពាក់លុយ មកជាការបញ្ចូលលុយមុនតាមរយៈគណនីធនាគារកណ្តាល (គណនីបន្លំ) ព្រមទាំងមានការរួមបញ្ចូលល្បែងស៊ីសងជាច្រើនប្រភេទលើវេទិកាតែមួយ ដើម្បីអូសបន្លាយពេលអ្នកលេង និងស្វែងរកប្រាក់ចំណេញឱ្យបានអតិបរមា។

ជោគជ័យនៃប្រតិបត្តិការនេះ មិនត្រឹមតែបង្ហាញពីសមត្ថភាពខ្ពស់របស់កងកម្លាំងនគរបាលជាតិវៀតណាម ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសញ្ញាអាសន្នបញ្ជាក់ថា ឧក្រិដ្ឋកម្មអនឡាញមិនមែនជាបញ្ហាដាច់ដោយឡែករបស់ប្រទេសណាមួយឡើយ។ និន្នាការនៃការប្រែប្រួល និងការផ្លាស់ទីលំនៅរបស់ក្រុមឧក្រិដ្ឋជន ពីទម្រង់ Scam នៅប្រទេសមួយ ទៅជាទម្រង់ល្បែងស៊ីសងនៅប្រទេសមួយទៀត គឺដាច់ខាតទាមទារឱ្យមានកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខបច្ចេកវិទ្យាយ៉ាងស្អិតរមួត និងទាន់ពេលវេលារវាងបណ្តាប្រទេសក្នុងតំបន់អាស៊ានទាំងមូល៕

ប្រភព៖ CAND

https://cand.vn/triet-pha-duong-day-danh-bac-fi88-va-kinggroup-voi-hon-30-nghin-thanh-vien-post816898.html

VTV24 https://www.facebook.com/share/v/1DHUXiPZzo/

Bắc Ninh

https://baobacninhtv.vn/cong-an-bac-ninh-triet-pha-duong-day-co-bac-truc-tuyen-xuyen-quoc-gia-co-hon-30-000-thanh-vien-tham-gia-postid450068.bbg

រាយការណ៍ដោយ៖ The Khmer Today

Images-Content-0643
Images-Content-0643
End image 1
End image 2
End image 3