National
សម្ដេចធិបតី ជួបធុរជនចិន ៩រូប ក្នុង១ថ្ងៃ ជំរុញការវិនិយោគនៅកម្ពុជា

សម្ដេចធិបតី ជួបធុរជនចិន ៩រូប ក្នុង១ថ្ងៃ ជំរុញការវិនិយោគនៅកម្ពុជា
ភ្នំពេញ៖ ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការវិនិយោគ តាមរយៈការជួបពិភាក្សាជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនធំៗរបស់ចិន។
នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ សម្ដេចធិបតី និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិប៉េកាំង ដោយមានការទទួលស្វាគមន៍ពីលោកជំទាវ Hua Chunying អនុរដ្ឋមន្ត្រីការបរទេសចិន។
តាមកម្មវិធីនៃដំណើរទស្សនកិច្ច សម្ដេចធិបតីនឹងអញ្ជើញចូលរួមពិធីបើកសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ (World Artificial Intelligence Conference 2026) នៅទីក្រុងសៀងហៃ នាថ្ងៃទី១៧ ខែកក្កដា ក្រោមប្រធានបទ «ភាពជាដៃគូក្នុងក្របខ័ណ្ឌបញ្ញាសិប្បនិម្មិត ដើម្បីអនាគតកាន់តែត្រចះត្រចង់»។
ក្រៅពីនេះ សម្ដេចនាយករដ្ឋមន្ត្រីក៏នឹងជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន និងជួបទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន ព្រមទាំងទទួលជួបតំណាងក្រុមហ៊ុនវិនិយោគ និងសាជីវកម្មឈានមុខរបស់ចិនជាច្រើនផងដែរ។
ជាក់ស្ដែង ត្រឹមរយៈពេលមួយថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ សម្ដេចធិបតីបានជួបធុរជនចិនចំនួន ៩រូប មកពីក្រុមហ៊ុនធំៗលើវិស័យរ៉ែ សំណង់ ហេដ្ឋារចនាសម្ព័ន្ធ ថាមពល គ្រឿងអេឡិចត្រូនិក កសិ-ឧស្សាហកម្ម ផលិតកម្ម និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) រួមមាន៖
- លោក Wang Shilei ប្រធានក្រុមហ៊ុន CHINALCO (Aluminum Corporation of China) ដែលជាក្រុមហ៊ុនផលិតអាលុយមីញ៉ូម និងអភិវឌ្ឍន៍ឧស្សាហកម្មរ៉ែឈានមុខរបស់ចិន។
- លោក Dai Hegen ប្រធានក្រុមប្រឹក្សាភិបាល China Railway Construction Corporation (CRCC) ក្រុមហ៊ុនយក្សផ្នែកសំណង់ និងហេដ្ឋារចនាសម្ព័ន្ធ។
- លោក Qiao Xubin ប្រធានក្រុមហ៊ុន China Energy International ដែលមានឯកទេសលើថាមពល និងគម្រោងហេដ្ឋារចនាសម្ព័ន្ធ។
- លោក Fang Yanshui ប្រធានក្រុមហ៊ុន China Machinery Engineering Corporation (CMEC) ដែលធ្វើអាជីវកម្មលើវិស័យវិស្វកម្ម សំណង់ និងពាណិជ្ជកម្មអន្តរជាតិ។
- លោក Diao Yunfeng អនុប្រធាន Haier Group សាជីវកម្មផលិតគ្រឿងអេឡិចត្រូនិក និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះដ៏ធំបំផុតមួយរបស់ពិភពលោក។
- លោក Wu Yujie តំណាងក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone ដែលកំពុងវិនិយោគលើវិស័យកសិ-ឧស្សាហកម្មនៅកម្ពុជា។
- លោក Zheng Mingzhou នាយកក្រុមហ៊ុន Yuanda Group។
- លោក Fu Laifa នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd. ដែលមានឯកទេសផលិតសម្ភារអនាម័យ និងវត្ថុធាតុដើមសម្រាប់ផលិតផលសុខាភិបាល។
- លោក Zhang Wei ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិ Beijing Star AI Co., Ltd. ដែលផ្តោតលើការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) សម្រាប់វិស័យពាណិជ្ជកម្ម ឧស្សាហកម្ម និងការធ្វើបរិវត្តកម្មឌីជីថល។
ជំនួបទាំងនេះបង្ហាញពីការបន្តពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងការវិនិយោគរវាងកម្ពុជា និងចិន ព្រមទាំងបើកឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យអាទិភាព ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ថាមពល កសិ-ឧស្សាហកម្ម បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត។
ប្រភពពី៖ គេហទំព័រផ្លូវការ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត
https://www.facebook.com/Dr.Hunmanetofcambodia
រាយការណ៍ដោយ៖ The Khmer Today



