National
ចិនកោតសរសើរមន្ត្រីជំនាញកម្ពុជាទាំង២រូប ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលកោសល្យវិច័យគ្រឿងញៀនដោយជោគជ័យ

ចិនកោតសរសើរមន្ត្រីជំនាញកម្ពុជាទាំង២រូប ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលកោសល្យវិច័យគ្រឿងញៀនដោយជោគជ័យ
ខេត្តជឺជាំង ប្រទេសចិន៖ មន្ត្រីជំនាញនៃមន្ទីរពិសោធន៍គ្រឿងញៀនកម្ពុជាចំនួន ២រូប ទទួលបានការកោតសរសើរពីភាគីចិន បន្ទាប់ពីបានបញ្ចប់វគ្គបណ្ដុះបណ្ដាលស្ដីពី «វិធីសាស្ត្រវិភាគគ្រឿងញៀនតាមលំដាប់លំដោយនៃក្បួនបច្ចេកទេសកោសល្យវិច័យ» និងប្រឡងវាស់ស្ទង់សមត្ថភាពដោយជោគជ័យ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។
មន្ត្រីជំនាញទាំងពីររូប រួមមាន លោកវរសេនីយ៍ទោ យឹម វណ្ណៈ អនុប្រធានមន្ទីរពិសោធន៍គ្រឿងញៀន និងលោកអនុសេនីយ៍ទោ ហេង លីកា មន្ត្រីនៃមន្ទីរពិសោធន៍គ្រឿងញៀន បានទទួលវិញ្ញាបនបត្របញ្ជាក់ការបញ្ចប់វគ្គបណ្ដុះបណ្ដាល បន្ទាប់ពីឆ្លងកាត់ការសិក្សា និងការប្រឡងតេស្តសមត្ថភាពដោយទទួលបានលទ្ធផលល្អប្រសើរ។
ពិធីបិទវគ្គបណ្ដុះបណ្ដាល និងប្រគល់វិញ្ញាបនបត្រ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកបណ្ឌិត ZHANG HONGJIAN ប្រធានមន្ទីរពិសោធន៍ជាតិប្រឆាំងគ្រឿងញៀន នៃមជ្ឈមណ្ឌលប្រចាំតំបន់ជឺជាំង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និងមន្ត្រីជំនាញនៃមន្ទីរពិសោធន៍ជាតិប្រឆាំងគ្រឿងញៀនរបស់ប្រទេសចិន។
ក្នុងឱកាសនោះ លោកបណ្ឌិត ZHANG HONGJIAN បានថ្លែងកោតសរសើរចំពោះមន្ត្រីជំនាញកម្ពុជាទាំងពីររូប ដែលបានបង្ហាញពីការខិតខំប្រឹងប្រែង សិក្សារៀនសូត្រយ៉ាងយកចិត្តទុកដាក់ រហូតទទួលបានលទ្ធផលគួរជាទីមោទនៈ។ លោកបានបង្ហាញជំនឿថា ចំណេះដឹង និងជំនាញដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះ នឹងក្លាយជាធនធានដ៏មានតម្លៃសម្រាប់ការបំពេញភារកិច្ច លើកកម្ពស់សមត្ថភាពមន្ទីរពិសោធន៍គ្រឿងញៀន និងរួមចំណែកដល់ការអភិវឌ្ឍវិស័យកោសល្យវិច័យគ្រឿងញៀននៅកម្ពុជា។
វគ្គបណ្ដុះបណ្ដាលនេះ បានផ្ដោតលើបច្ចេកទេសវិភាគគុណភាព និងបរិមាណភាពសុទ្ធ (Qualitative and Quantitative Analysis) នៃសារធាតុញៀន សារធាតុគីមីផ្សំ សារធាតុមិនស្គាល់អត្តសញ្ញាណ និងសំណាកជីវសាស្ត្រ ដូចជា សក់ និងទឹកមូត្រ ដែលជាចំណេះដឹងសំខាន់សម្រាប់ការងារកោសល្យវិច័យ និងការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនតាមស្តង់ដារអន្តរជាតិ។
ជាមួយគ្នានេះ លោកបណ្ឌិត ZHANG HONGJIAN បានសង្កត់ធ្ងន់ថា វគ្គបណ្ដុះបណ្ដាលនេះ មិនត្រឹមតែជួយពង្រឹងសមត្ថភាពមន្ត្រីជំនាញកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានសម្រាប់ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន លើវិស័យកោសល្យវិច័យគ្រឿងញៀន តាមរយៈការបន្តផ្លាស់ប្ដូរចំណេះដឹង បទពិសោធន៍ និងបច្ចេកវិទ្យាទំនើប ដើម្បីរួមគ្នាបង្កើនប្រសិទ្ធភាពការបង្ការ និងបង្ក្រាបបទល្មើសគ្រឿងញៀននាពេលអនាគត។
ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
https://web.facebook.com/share/p/18HAmSv3GW/
រាយការណ៍ដោយ៖ The Khmer Today



