National
ក្រសួងយុត្តិធម៌ជំរុញការដោះស្រាយសំណុំរឿងអាទិភាព ៥ ប្រភេទ ដើម្បីពង្រឹងគុណភាពយុត្តិធម៌ និងជំនឿសាធារណជន

ក្រសួងយុត្តិធម៌ជំរុញការដោះស្រាយសំណុំរឿងអាទិភាព ៥ ប្រភេទ ដើម្បីពង្រឹងគុណភាពយុត្តិធម៌ និងជំនឿសាធារណជន
ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានណែនាំឱ្យសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការចាត់ការសំណុំរឿងអាទិភាពចំនួន ៥ ប្រភេទ រួមមាន អត្រានុកូលដ្ឋាន, គ្រោះថ្នាក់ចរាចរណ៍, ក្មេងទំនើង, គ្រឿងញៀន និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពសេវាយុត្តិធម៌ និងពង្រឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋលើប្រព័ន្ធយុត្តិធម៌។
ការណែនាំនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលរយៈពេល ៦ ខែ ឆ្នាំ២០២៦ នៃការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ ព្រមទាំងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងយុត្តិធម៌ ក្រោមអធិបតីភាពរបស់ឯកឧត្តម កើត រិទ្ធ ក្នុងនាមជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ។
កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងយុត្តិធម៌ ព្រមទាំងថ្នាក់ដឹកនាំសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស ដើម្បីពិនិត្យវាយតម្លៃវឌ្ឍនភាព និងដោះស្រាយបញ្ហាប្រឈមក្នុងការអនុវត្តយុទ្ធនាការទាំងពីរ។
ដោយផ្អែកលើរបាយការណ៍លទ្ធផលអនុវត្តការងារ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលយន្តការអនុវត្តយុទ្ធនាការ សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់សម្រេចបានក្នុងរយៈពេល ៦ ខែ ដោយបង្ហាញពីស្មារតីទទួលខុសត្រូវ និងភាពម្ចាស់ការខ្ពស់ក្នុងការបំពេញភារកិច្ច។
ជាមួយគ្នានេះ ឯកឧត្តមក៏បានណែនាំឱ្យគ្រប់ភាគីពាក់ព័ន្ធ បន្តខិតខំពន្លឿនការដោះស្រាយពាក្យបណ្តឹង និងពាក្យសុំអន្តរាគមន៍របស់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ហ្មត់ចត់ និងត្រឹមត្រូវ ដោយផ្តោតលើការពង្រឹងគុណភាពសេវាយុត្តិធម៌ និងការបង្កើនជំនឿទុកចិត្តរបស់សាធារណជនចំពោះវិស័យយុត្តិធម៌។
ប្រភព៖ ក្រសួងយុត្តិធម៌
https://www.facebook.com/share/p/1CvivDKZeo/
រាយការណ៍ដោយ ៖ The Khmer Today



