International
ទាហានថៃ ៥ នាក់ស្លាប់ ក្នុងការវាយប្រហារលើប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខ នៅខេត្តណារ៉ាធីវ៉ាត

ទាហានថៃ ៥ នាក់ស្លាប់ ក្នុងការវាយប្រហារលើប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខ នៅខេត្តណារ៉ាធីវ៉ាត
រាជធានីភ្នំពេញ, ថ្ងៃទី២៣ ខែកក្កដា — ទាហានថៃចំនួន ៥ នាក់បានស្លាប់ និងជនស៊ីវិល ៦ នាក់ទៀតរងរបួស បន្ទាប់ពីក្រុមប្រដាប់អាវុធបានបើកការវាយប្រហារលើប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខមួយ នៅខេត្តណារ៉ាធីវ៉ាត ភាគខាងត្បូងប្រទេសថៃ កាលពីល្ងាចថ្ងៃពុធ នេះបើតាមការបញ្ជាក់របស់កងទ័ពថៃ។
កងទ័ពបាននិយាយថា សមាជិកនៃកងវរសេនាធំពិសេសលេខ ៤៥ កំពុងបំពេញកាតព្វកិច្ច ការពារប្រជាជនក្នុងតំបន់នៅចំណុច ត្រួតពិនិត្យ ប៊ូកេសាមី នៅពេលដែលក្រុមវាយប្រហារបានបើកការបាញ់ប្រហារ និងគប់គ្រាប់បែកបំពង់ (Pipe Bombs) ទៅលើ ទីតាំងនោះ។
អាជ្ញាធរខេត្តណារ៉ាធីវ៉ាតបានបញ្ជាក់ថា ជនស៊ីវិលចំនួន ៦ នាក់បានរងរបួសក្នុងហេតុការណ៍នេះ។ រហូតមកដល់ពេលនេះ មិនទាន់មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវនោះទេ ហើយសមត្ថកិច្ចក៏មិនទាន់ចាប់ខ្លួនជនសង្ស័យណាម្នាក់បានដែរ។
ខេត្តណារ៉ាធីវ៉ាត គឺជាខេត្តមួយក្នុងចំណោមខេត្តភាគខាងត្បូងដែលមានប្រជាជនភាគច្រើនកាន់សាសនាឥស្លាម និងបានប្រឈមនឹងជម្លោះបំបែកខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍។ ចាប់តាំងពីឆ្នាំ២០០៤ មក ជម្លោះនេះបានបណ្តាលឱ្យមនុស្សជាង ៧,០០០ នាក់ បាត់បង់ជីវិត ដោយការវាយប្រហារភាគច្រើនផ្តោតលើកម្លាំងសន្តិសុខ។
ហេតុការណ៍នេះត្រូវបានចាត់ទុកថា ជាការវាយប្រហារដ៏សាហាវបំផុតមួយលើកម្លាំងសន្តិសុខថៃ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ប្រភពពី៖
The Nation Thailand
https://www.facebook.com/share/p/17tpB1qgxA/
NST News
https://www.nst.com.my/world/region/2026/07/1495290/five-thai-soldiers-killed-attack-narathiwat-watch
រាយការណ៍ដោយ៖ The Khmer Today



