National
ស្រុកខ្សាច់កណ្តាល ត្រៀមទទួលរោងចក្រដំឡើងរថយន្ត JETOUR ថ្មី ក្រោមទុនវិនិយោគ ២៨ លានដុល្លារ នៅលើផ្ទៃដី ១០ហិកតា

ស្រុកខ្សាច់កណ្តាល ត្រៀមទទួលរោងចក្រដំឡើងរថយន្ត JETOUR ថ្មី ក្រោមទុនវិនិយោគ ២៨ លានដុល្លារ នៅលើផ្ទៃដី ១០ហិកតា
ខេត្តកណ្តាល៖ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលជាតំបន់ប្រមូលផ្តុំសក្ដានុពលសេដ្ឋកិច្ចផ្នែកឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ ត្រៀមខ្លួនទទួលយកសមិទ្ធផលថ្មីស្រឡាងមួយទៀត តាមរយៈការបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តលំដាប់ខ្ពស់ JETOUR ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ។
គម្រោងដ៏ធំនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន KNN Group ដែលជាអ្នកនាំចូល និងចែកចាយផ្លូវការនូវរថយន្ត JETOUR នៅកម្ពុជា ក្នុងទំហំទឹកប្រាក់រហូតដល់ ២៨ លានដុល្លារអាមេរិក ដោយលាតសន្ធឹងលើផ្ទៃដីសរុប ១០ ហិកតា។ ការសម្រេចចិត្តវិនិយោគដ៏ស្កឹមស្កៃនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់អំពីទំនុកចិត្តយ៉ាងមុតមាំរបស់វិនិយោគិន មកលើស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់ប្រទេសកម្ពុជា។
តាមរយៈវត្តមាននៃរោងចក្រថ្មីនៅក្នុងស្រុកខ្សាច់កណ្តាល វានឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញវិស័យឧស្សាហកម្មយានយន្តក្នុងស្រុកឱ្យកាន់តែមានភាពប្រកួតប្រជែង។ រោងចក្រនេះនឹងបំពាក់នូវបច្ចេកវិទ្យាតម្លើងរថយន្តទំនើបតាមស្តង់ដារអន្តរជាតិ ដើម្បីធានាបាននូវគុណភាពខ្ពស់ជូនអ្នកប្រើប្រាស់ ព្រមទាំងចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការបង្កើតឱកាសការងារយ៉ាងច្រើន និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់កម្លាំងពលកម្មក្នុងស្រុក។
ក្រុមហ៊ុន KNN Group រំពឹងថា គម្រោងសាងសង់រោងចក្រនេះ នឹងចូលរួមលើកកម្ពស់មោទនភាពជាតិ និងរួមចំណែកប្រែក្លាយកម្ពុជាឱ្យទៅជាមជ្ឈមណ្ឌលដំឡើងរថយន្តដ៏ទាក់ទាញនៅក្នុងតំបន់។ បន្ថែមពីនេះ គម្រោងនេះក៏ជាសញ្ញាណវិជ្ជមានមួយទៀត ក្នុងការទាក់ទាញវិនិយោគិនអន្តរជាតិឱ្យមកបណ្តាក់ទុនកាន់តែច្រើន ក្នុងវិស័យឧស្សាហកម្មផលិតកម្មនៅកម្ពុជា។
ប្រភព៖ ក្រសួងព័ត៌មាន
https://www.information.gov.kh/articles/198837
រាយការណ៍ដោយ៖ The Khmer Today

