National
ទូរទស្សន៍អាមេរិក Bloomberg TV សម្ភាសថ្នាក់ដឹកនាំកម្ពុជា ៤ រូប លើបញ្ហាព្រំដែន ថាមពល និងការវិនិយោគ នៅថ្ងៃនេះ

ទូរទស្សន៍អាមេរិក Bloomberg TV សម្ភាសថ្នាក់ដឹកនាំកម្ពុជា ៤ រូប លើបញ្ហាព្រំដែន ថាមពល និងការវិនិយោគ នៅថ្ងៃនេះ
ភ្នំពេញ៖ ទូរទស្សន៍សេដ្ឋកិច្ចអន្តរជាតិ Bloomberg TV របស់សហរដ្ឋអាមេរិក នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំកម្មវិធីផ្សាយពិសេសអំពីកម្ពុជា ដោយផ្សាយចេញពីទីស្នាក់ការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ កម្មវិធីនេះមានបទសម្ភាសន៍ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាចំនួន ៤ រូប ដោយផ្តោតលើបញ្ហាព្រំដែន ការទូត ថាមពល ការវិនិយោគ ពាណិជ្ជកម្ម និងទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា។ នេះបើយោងតាមការបង្ហោះរបស់ឯកឧត្តម នេត្រ ភត្រា លើទំព័រផ្លូវការរបស់លោក។
តាមកាលវិភាគផ្សាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងផ្ដល់បទសម្ភាសន៍នៅវេលាម៉ោង ៧:០០នាទីព្រឹក ដោយលើកឡើងពីគោលជំហររបស់រាជរដ្ឋាភិបាលលើបញ្ហាព្រំដែន ការទូត និងទំនាក់ទំនងអន្តរជាតិ។ បន្ទាប់មក ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នឹងផ្ដល់បទសម្ភាសន៍នៅម៉ោង ៩:៤០នាទីព្រឹក ដោយផ្តោតលើការអភិវឌ្ឍវិស័យថាមពល និងការធានាសន្តិសុខថាមពល ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច។
នៅវេលាម៉ោង ១០:៣០នាទីព្រឹក លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នឹងពន្យល់អំពីស្ថានភាពពាណិជ្ជកម្ម ការពង្រីកទីផ្សារនាំចេញ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលកម្ពុជាកំពុងអនុវត្ត។ ដោយឡែក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នឹងផ្ដល់បទសម្ភាសន៍នៅម៉ោង ១១:៣០នាទីព្រឹក ដោយផ្តោតលើបរិយាកាសវិនិយោគ កំណែទម្រង់នានា និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការទាក់ទាញវិនិយោគិនអន្តរជាតិ។
ការជ្រើសរើស Bloomberg TV ដែលជាបណ្តាញព័ត៌មានសេដ្ឋកិច្ចឈានមុខរបស់សហរដ្ឋអាមេរិក សម្រាប់ផ្សាយបទសម្ភាសន៍ថ្នាក់ដឹកនាំកម្ពុជាលើកនេះ ត្រូវបានចាត់ទុកថា ជាឱកាសមួយក្នុងការបង្ហាញគោលជំហរ និងសក្តានុពលរបស់កម្ពុជាទៅកាន់ទស្សនិកជនអន្តរជាតិ ជាពិសេសវិនិយោគិន ស្ថាប័នហិរញ្ញវត្ថុ និងអ្នកបង្កើតគោលនយោបាយ។ កម្មវិធីនេះក៏ត្រូវបានរំពឹងថា នឹងជួយបង្កើនការយល់ដឹងអំពីស្ថានភាពជាក់ស្តែងនៅកម្ពុជា ព្រមទាំងលើកកម្ពស់ទំនុកចិត្តលើបរិយាកាសវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស។
ប្រភព៖ Neth Pheaktra
https://www.facebook.com/share/14nWWrvRCa7/?mibextid=wwXIfr
រាយការណ៍ដោយ៖ The Khmer Today

