National
ភ្លៀង ខ្យល់កន្ត្រាក់ និងផ្គររន្ទះ អាចកើតមាននៅទូទាំងប្រទេស ខណៈព្យុះទី១២ «ណូល» កំពុងបង្កឥទ្ធិពល

ភ្លៀង ខ្យល់កន្ត្រាក់ និងផ្គររន្ទះ អាចកើតមាននៅទូទាំងប្រទេស ខណៈព្យុះទី១២ «ណូល» កំពុងបង្កឥទ្ធិពល
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា ឥទ្ធិពលព្យុះទី១២ ឈ្មោះ «ណូល (Noul) T2612» កំពុងជះឥទ្ធិពលលើប្រព័ន្ធអាកាសធាតុនៅក្នុងតំបន់ ដែលនឹងធ្វើឱ្យប្រទេសកម្ពុជា អាចមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងផ្គររន្ទះនៅតំបន់ជាច្រើន ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦។ ទោះជាយ៉ាងណា កម្ពុជាមិនស្ថិតនៅក្នុងគន្លងផ្លូវដើរផ្ទាល់របស់ព្យុះនេះឡើយ។
បើតាមក្រសួង ព្យុះទី១២ «ណូល» បានកកើតពីសម្ពាធទាបនៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ហើយបានបង្កឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ដែលបក់គ្របដណ្តប់លើសមុទ្រអង់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា។ ឥទ្ធិពលនេះនឹងធ្វើឱ្យតំបន់វាលទំនាបប្រមាណ ៥០ភាគរយ និងតំបន់ខ្ពង់រាប ព្រមទាំងតំបន់មាត់សមុទ្រប្រមាណ ៧០ភាគរយ អាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈនៅតំបន់មាត់សមុទ្រ រលកសមុទ្រអាចមានកម្ពស់ពី ០,៥០ម៉ែត្រ ដល់ ១,៧៥ម៉ែត្រ។
ស្ថានភាពអាកាសធាតុនេះ អាចបង្កហានិភ័យដល់ការធ្វើដំណើរ ការប្រកបរបរនេសាទ និងសកម្មភាពនៅទីវាល ជាពិសេសក្នុងតំបន់ដែលមានភ្លៀងខ្លាំង ខ្យល់កន្ត្រាក់ និងផ្គររន្ទះ។ ដូច្នេះ ប្រជាពលរដ្ឋគួរតែបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ដែលអាចកើតមានពីបាតុភូតធម្មជាតិទាំងនេះ។
ក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវឱ្យសាធារណជន តាមដានសេចក្តីជូនដំណឹង និងព័ត៌មានព្យាករណ៍អាកាសធាតុជាប្រចាំ ដើម្បីត្រៀមវិធានការបង្ការ និងកាត់បន្ថយហានិភ័យដែលអាចបណ្តាលមកពីភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈមន្ត្រីជំនាញនឹងបន្តតាមដានស្ថានភាពព្យុះ និងជូនដំណឹងបន្ថែម ប្រសិនបើមានការប្រែប្រួលថ្មី។
ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម
https://web.facebook.com/share/p/18zQmNdqSP/
រាយការណ៍ដោយ៖ The Khmer Today

