International
មិនចាញ់ជប៉ុនប៉ុន្មានទេ! វៀតណាមបញ្ចប់ការសាងសង់ផ្លូវរត់យន្តហោះថ្មីត្រឹម ៨ ខែ ខណៈគម្រោងស្រដៀងគ្នាជាធម្មតាប្រើពេល ២-៣ ឆ្នាំ

មិនចាញ់ជប៉ុនប៉ុន្មានទេ! វៀតណាមបញ្ចប់ការសាងសង់ផ្លូវរត់យន្តហោះថ្មីត្រឹម ៨ ខែ ខណៈគម្រោងស្រដៀងគ្នាជាធម្មតាប្រើពេល ២-៣ ឆ្នាំ
ភូកុក, វៀតណាម៖ ខណៈប្រទេសអភិវឌ្ឍន៍ដូចជាជប៉ុនតែងតែត្រូវបានគេស្គាល់ថាមានសមត្ថភាពខ្ពស់ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗប្រកបដោយល្បឿន និងគុណភាព វៀតណាមក៏កំពុងបង្ហាញថាខ្លួនអាចអនុវត្តគម្រោងអាកាសចរណ៍ក្នុងល្បឿនមិនចាញ់ប្រទេសឈានមុខនៅអាស៊ីដែរ។ ជាក់ស្តែង Runway No.2 នៅអាកាសយានដ្ឋានអន្តរជាតិ Phu Quoc (ភូកុក) ត្រូវបានសាងសង់រួចរាល់ក្នុងរយៈពេលត្រឹមតែ ៨ ខែ ដើម្បីត្រៀមទទួលកិច្ចប្រជុំកំពូល APEC 2027 (អេភិក ឆ្នាំ២០២៧)។
អ្វីដែលធ្វើឱ្យគម្រោងនេះទាក់ទាញការចាប់អារម្មណ៍ មិនមែនត្រឹមតែទំហំរបស់ Runway ដែលមានប្រវែង ៣,៣០០ ម៉ែត្រ និងទទឹង ៤៥ ម៉ែត្រប៉ុណ្ណោះទេ ប៉ុន្តែជាពិសេសគឺ ល្បឿននៃការសាងសង់។ តាមការលើកឡើងរបស់អ្នកជំនាញអាកាសចរណ៍ លោក Trinh Nhu Long (ទ្រីញ ញូឡុង) គម្រោង Runway ដែលមានទំហំប្រហាក់ប្រហែលគ្នានៅវៀតណាម ដូចជា Long Thanh (ឡុងថាញ់) និង Van Don (វ៉ាន់ដុន) ជាធម្មតាត្រូវការពេលពី ២ ទៅ ៣ ឆ្នាំ ដើម្បីបញ្ចប់។ នោះមានន័យថា គម្រោងនៅ Phu Quoc (ភូកុក) បានបញ្ចប់លឿនជាងកាលវិភាគធម្មតាប្រមាណ ៣ ដង ទោះបីជាការសាងសង់នៅលើកោះមានភាពស្មុគស្មាញជាងការសាងសង់លើដីគោកក៏ដោយ។
សមិទ្ធផលនេះក៏ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរយ៉ាងឆាប់រហ័សរបស់វៀតណាមក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វៀតណាមបានបង្កើនការវិនិយោគលើអាកាសយានដ្ឋាន កំពង់ផែ ផ្លូវល្បឿនលឿន និងបណ្ដាញដឹកជញ្ជូន ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ច និងទាក់ទាញវិនិយោគបរទេស។ ការបញ្ចប់ Runway ថ្មីនៅ Phu Quoc ក្នុងរយៈពេលខ្លី បង្ហាញពីសមត្ថភាពកាន់តែប្រសើរឡើងក្នុងការគ្រប់គ្រងគម្រោងធំៗ និងការសម្របសម្រួលរវាងស្ថាប័នពាក់ព័ន្ធ។
ល្បឿនសាងសង់តែមួយមុខមិនគ្រប់គ្រាន់នោះទេ។ គម្រោងនេះក៏រួមមានការដំឡើងប្រព័ន្ធបច្ចេកវិទ្យាអាកាសចរណ៍ទំនើប ដូចជា CAT II Lighting System (ខេត ទូ ឡាយធីង ស៊ីស្ទឹម), ILS/DME (អាយអិលអេស/ឌីអឹមអ៊ី), ភ្លើងអាកាសយានដ្ឋានជិត ១,៥០០ គ្រាប់ និងស្លាកសញ្ញាជិត ៤០០ ដែលត្រូវការភាពជាក់លាក់ខ្ពស់ក្នុងការកំណត់ទីតាំង កម្ពស់ និងទិសដៅបញ្ចេញពន្លឺ។ បន្ទាប់ពីការធ្វើ Calibration Flight (កាលីប្រេសិន ហ្វ្លាយ) ប្រព័ន្ធទាំងមូលនឹងត្រូវវាយតម្លៃ មុនទទួលបានអាជ្ញាបណ្ណប្រតិបត្តិការ។
ការបញ្ចប់ការសាងសង់ Runway No.2 នៅ Phu Quoc ក្នុងរយៈពេលត្រឹម ៨ ខែ មិនត្រឹមតែជាសមិទ្ធផលផ្នែកវិស្វកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ក្លាយជានិមិត្តរូបនៃមហិច្ឆតារបស់វៀតណាមក្នុងការពន្លឿនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឱ្យស្របតាមស្តង់ដារអន្តរជាតិ។ សមិទ្ធផលនេះត្រូវបានគេចាត់ទុកថា ជាមោទនភាពមួយសម្រាប់ប្រទេស ដែលឆ្លុះបញ្ចាំងពីសមត្ថភាពក្នុងការអនុវត្តគម្រោងធំៗប្រកបដោយប្រសិទ្ធភាព និងការរៀបចំផែនការយ៉ាងមានប្រព័ន្ធ។ ស្របពេលបណ្តាប្រទេសអាស៊ីអាគ្នេយ៍កំពុងប្រកួតប្រជែងលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការទាក់ទាញវិនិយោគ វៀតណាមក៏កំពុងបង្ហាញខ្លួនជាប្រទេសមួយដែលមានសន្ទុះអភិវឌ្ឍន៍លឿន និងមានសក្តានុពលកាន់តែខ្លាំងក្នុងការឈានមុខលើវិស័យអាកាសចរណ៍ និងឡូជីស្ទិកក្នុងតំបន់។
ប្រភព៖ VNexpress
https://e.vnexpress.net/news/news/vietnam-s-largest-island-phu-quoc-builds-wide-body-runway-in-8-months-ahead-of-apec-summit-5102171.html
រាយការណ៍ដោយ៖ The Khmer Today



