National
អាជ្ញាធររឹបអូសត្រីប្រា ១៨តោន ខណៈជនសង្ស័យ ២នាក់រត់គេចខ្លួន នៅស្រុករវៀង ខេត្តព្រះវិហារ

អាជ្ញាធររឹបអូសត្រីប្រា ១៨តោន ខណៈជនសង្ស័យ ២នាក់រត់គេចខ្លួន នៅស្រុករវៀង ខេត្តព្រះវិហារ
ព្រះវិហារ៖ អាជ្ញាធរជំនាញបានរឹបអូសត្រីប្រាចំនួន ១៨តោន ក្នុងប្រតិបត្តិការបង្ក្រាបការនាំចូលត្រីខុសច្បាប់មួយ នៅស្រុករវៀង ខេត្តព្រះវិហារ ខណៈជនសង្ស័យចំនួន ២នាក់ បានរត់គេចខ្លួនចូលព្រៃ និងកំពុងត្រូវបានសមត្ថកិច្ចស្រាវជ្រាវស្វែងរក ដើម្បីចាត់ការតាមច្បាប់។
ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ដឹកនាំដោយលោក ភួង ទីណា ប្រធាននាយកដ្ឋានអធិការកិច្ចជលផល នៃអគ្គនាយកដ្ឋានជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ។
បើតាមអគ្គនាយកដ្ឋានជលផល កម្លាំងចម្រុះបានចុះបង្ក្រាបនៅភូមិរំចេក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ ដោយឃាត់បានរថយន្តម៉ាក HYUNDAI ពាក់ស្លាកលេខ រតនគិរី 3A-9055 ដែលដឹកជញ្ជូនត្រីប្រាចំនួន ១៨តោន។ ក្នុងពេលសមត្ថកិច្ចចុះអនុវត្តវិធានការ ជនសង្ស័យទាំង២នាក់បានបោះបង់រថយន្ត និងរត់គេចខ្លួនចូលព្រៃ។
បច្ចុប្បន្ន វត្ថុតាងរួមមានត្រីប្រាចំនួន ១៨តោន និងរថយន្តដែលប្រើប្រាស់ក្នុងការដឹកជញ្ជូន ត្រូវបានមន្ត្រីជំនាញរក្សាទុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ជាមួយគ្នានេះ ឯកឧត្តមព្រះរាជអាជ្ញា បានបញ្ជាឱ្យមន្ត្រីជំនាញកសាងសំណុំរឿង និងបន្តស្រាវជ្រាវស្វែងរកជនសង្ស័យដែលបានរត់គេចខ្លួន ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន។
ដោយឡែក តាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋានជលផល មិនបានបញ្ជាក់ថា ត្រីប្រាទាំង ១៨តោន ដែលត្រូវបានរឹបអូសនេះ ត្រូវបាននាំចូលមកពីប្រទេសណាឱ្យបានច្បាស់លាស់នៅឡើយទេ។ អាជ្ញាធរបានបញ្ជាក់ថា សំណុំរឿងកំពុងស្ថិតក្រោមការស៊ើបអង្កេត និងស្រាវជ្រាវបន្ថែម ដើម្បីកំណត់ប្រភពនៃការនាំចូល និងស្វែងរកអ្នកពាក់ព័ន្ធទាំងអស់ យកមកអនុវត្តតាមនីតិវិធីច្បាប់។
ប្រភព៖ អគ្គនាយកដ្ឋានជលផល
https://www.facebook.com/share/1D8x6gn5eo/?mibextid=wwXIfr
រាយការណ៍ដោយ៖ The Khmer Today


