National
ក្រសួងធនធានទឹកបញ្ជូនម៉ាស៊ីនបូមទឹក ៤គ្រឿង ជួយសង្គ្រោះស្រូវប្រជាកសិករនៅស្រុកបវេល និងស្រុកបាណន់ ខេត្តបាត់ដំបង

ក្រសួងធនធានទឹកបញ្ជូនម៉ាស៊ីនបូមទឹក ៤គ្រឿង ជួយសង្គ្រោះស្រូវប្រជាកសិករនៅស្រុកបវេល និងស្រុកបាណន់ ខេត្តបាត់ដំបង
បាត់ដំបង៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជូនម៉ាស៊ីនបូមទឹកចំនួន ៤គ្រឿង ទៅចុះអន្តរាគមន៍ជាបន្ទាន់ ដើម្បីជួយសង្គ្រោះដំណាំស្រូវរបស់ប្រជាកសិករ នៅស្រុកបវេល និងស្រុកបាណន់ ខេត្តបាត់ដំបង ដែលកំពុងប្រឈមនឹងការខ្វះខាតទឹកសម្រាប់ស្រោចស្រព។
ការចុះអន្តរាគមន៍នេះ ធ្វើឡើងតាមការបញ្ជាផ្ទាល់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដោយក្រុមការងាររបស់ក្រសួង សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បាននាំយកម៉ាស៊ីនបូមទឹកទៅដំឡើងនៅក្បាលប្រឡាយអូរដូនពៅ ដើម្បីបូមទឹកចេញពី ស្ទឹងមង្គលបុរី (ស្ទឹងបវេល) បញ្ជូនចូលប្រឡាយមេ សម្រាប់ផ្គត់ផ្គង់ទឹកស្រោចស្រពជូនប្រជាកសិករ ក្នុងឃុំឃ្លាំងមាស ស្រុកបវេល និងឃុំតាគ្រាម ស្រុកបាណន់។
គិតមកដល់ពេលនេះ ម៉ាស៊ីនបូមទឹកចំនួន ២គ្រឿង ត្រូវបានដាក់ឱ្យដំណើរការរួចរាល់ ខណៈក្រុមការងារកំពុងដំឡើងម៉ាស៊ីនបូមទឹក ២គ្រឿង បន្ថែមទៀត ដើម្បីបង្កើនសមត្ថភាពបូមទឹក និងពន្លឿនការផ្គត់ផ្គង់ទឹកឱ្យបានទាន់ពេលវេលា។
បើតាមក្រសួងធនធានទឹក និងឧតុនិយម ការអន្តរាគមន៍នេះ ធ្វើឡើងក្រោយស្ថានភាពទឹកក្នុងស្ទឹងបានស្រកចុះ ធ្វើឱ្យដំណាំស្រូវនៅតំបន់ទាំងពីរប្រឈមនឹងការខ្វះខាតទឹកស្រោចស្រព។ ការបូមទឹកចេញពីស្ទឹងមង្គលបុរីចូលប្រឡាយមេ នឹងអនុញ្ញាតឱ្យប្រជាកសិករបន្តបូមទឹកទៅស្រោចស្រពស្រែរបស់ខ្លួន និងកាត់បន្ថយហានិភ័យនៃការខូចខាតដំណាំ។
ការដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនបូមទឹកទាំង ៤គ្រឿងនេះ បានបង្កើនក្តីសង្ឃឹមដល់ប្រជាកសិករនៅស្រុកបវេល និងស្រុកបាណន់ ខណៈពួកគេរំពឹងថា ការអន្តរាគមន៍ទាន់ពេលវេលារបស់ក្រសួង នឹងជួយរក្សាទុកផ្ទៃដីស្រូវ កាត់បន្ថយការខូចខាត និងធានាឱ្យដំណាំស្រូវអាចបន្តលូតលាស់រហូតដល់រដូវប្រមូលផល។
ក្នុងឱកាសចុះអន្តរាគមន៍នោះដែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ និងលើកទឹកចិត្តដល់ក្រុមការងារដែលកំពុងបំពេញបេសកកម្ម ដើម្បីធានាថាប្រជាកសិករទទួលបានទឹកស្រោចស្រពសម្រាប់សង្គ្រោះដំណាំស្រូវឱ្យបានទាន់ពេលវេលា។
ប្រភព៖ ក្រសួងធនធានទឹក
https://web.facebook.com/share/p/18CZqjLE2c/
រាយការណ៍ដោយ៖ រាយការណ៍ដោយ៖ The Khmer Today



