National
កម្ពុជាលាតត្រដាងស្ថានភាព និងដំណើរការការងារព្រំដែនជាមួយថៃ ជូនអ្នកសង្កេតការណ៍អាស៊ាន

កម្ពុជាលាតត្រដាងស្ថានភាព និងដំណើរការការងារព្រំដែនជាមួយថៃ ជូនអ្នកសង្កេតការណ៍អាស៊ាន
ភ្នំពេញ៖ កម្ពុជាបានលាតត្រដាងស្ថានភាព និងដំណើរការការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនជាមួយប្រទេសថៃ ជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (ASEAN Observer Team - Cambodia: AOT-KH) ដើម្បីបង្ហាញពីការអនុវត្តការងារជាក់ស្តែង គោលជំហររបស់រាជរដ្ឋាភិបាល និងការប្តេជ្ញាបន្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងយន្តការទ្វេភាគីដែលមានស្រាប់។
ការធ្វើបទបង្ហាញនេះ បានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ដោយលោក ព្រំសឿន វឌ្ឍនៈ ប្រធានក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ នៃរដ្ឋលេខាធិការកិច្ចការព្រំដែន ជូនគណៈប្រតិភូ AOT-KH ដឹកនាំដោយឧត្តមនាវីត្រី GLENN Z. DIZON។ បទបង្ហាញបានពន្យល់អំពីដំណើរការការងាររបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ និងស្ថានភាពការងារវាស់វែងព្រំដែននៅលើដីជាក់ស្តែង។
ក្នុងឱកាសនោះ ភាគីកម្ពុជាបានជម្រាបថា បន្ទាប់ពីកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះ (JSTs) នៃប្រទេសទាំងពីរបានគ្រោងបន្តការវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននៅតំបន់មួយចំនួន។ ប៉ុន្តែការងារទាំងនេះត្រូវបានអាក់ខាន និងជាប់គាំង ដោយភាគីកម្ពុជាអះអាងថា បណ្តាលមកពីការវាយប្រហារ និងការបន្តកាន់កាប់តំបន់មួយចំនួនតាមបណ្តោយព្រំដែនដោយកងកម្លាំងប្រដាប់អាវុធថៃ ទោះបីកម្ពុជាបានផ្ញើកំណត់ទូតតវ៉ាជាបន្តបន្ទាប់ក៏ដោយ។
ទន្ទឹមនឹងការបង្ហាញពីស្ថានភាពការងារ កម្ពុជាក៏បានបញ្ជាក់ជូនអ្នកសង្កេតការណ៍អាស៊ានថា នឹងបន្តជំរុញឱ្យភាគីថៃចាត់បញ្ជូនក្រុមវាស់វែងចម្រុះចុះអនុវត្តការងារនៅលើដីជាក់ស្តែងឡើងវិញ ព្រមទាំងពន្លឿនការរៀបចំកិច្ចប្រជុំគណៈកម្មការ JBC និងកិច្ចប្រជុំបច្ចេកទេសពាក់ព័ន្ធ ដើម្បីបន្តការងារខណ្ឌសីមា និងបោះបង្គោលព្រំដែន ស្របតាមកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពរួចមកហើយ និងឈានទៅរកសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។
ជាមួយគ្នានេះ កម្ពុជាបានអះអាងថា នឹងបន្តការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដោយផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា ផែនទី និងឯកសារពាក់ព័ន្ធដែលមានជាធរមាន ហើយមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយដែលកើតឡើងដោយការប្រើប្រាស់កម្លាំង ឬការកាន់កាប់ទឹកដីដោយខុសច្បាប់ឡើយ។ កម្ពុជាក៏បានបញ្ជាក់ថា នឹងបន្តប្រើប្រាស់យន្តការច្បាប់ និងការទូត ដើម្បីការពារបូរណភាពទឹកដី និងជំរុញការងារខណ្ឌសីមាព្រំដែនឱ្យបន្តទៅមុខ។
ប្រភព៖ ក្រសួងការពារជាតិ
https://web.facebook.com/share/p/192Mr3yHxo/
រាយការណ៍ដោយ៖ The Khmer Today



