International

July 29, 2026 at 11:53 AM
Melea_Sovannary

ជប៉ុនជម្លៀសប្រជាពលរដ្ឋជិត៣០ម៉ឺននាក់ទៅកាន់កន្លែងសុវត្ថិភាព ក្រោយរញ្ជួយដីសម្លាប់មនុស្សយ៉ាងតិច១៣នាក់

ជប៉ុនជម្លៀសប្រជាពលរដ្ឋជិត៣០ម៉ឺននាក់ទៅកាន់កន្លែងសុវត្ថិភាព ក្រោយរញ្ជួយដីសម្លាប់មនុស្សយ៉ាងតិច១៣នាក់

ជប៉ុនជម្លៀសប្រជាពលរដ្ឋជិត៣០ម៉ឺននាក់ទៅកាន់កន្លែងសុវត្ថិភាព ក្រោយរញ្ជួយដីសម្លាប់មនុស្សយ៉ាងតិច១៣នាក់

តូក្យូ៖ អាជ្ញាធរជប៉ុនបានណែនាំឱ្យប្រជាពលរដ្ឋជិត ៣០ម៉ឺននាក់ ជម្លៀសទៅកាន់មជ្ឈមណ្ឌលសុវត្ថិភាព បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦.៨ បានវាយប្រហារខេត្តគូម៉ាម៉ូតុ (Kumamoto) លើកោះគ្យូស៊ូ (Kyushu) ភាគខាងត្បូងប្រទេស កាលពីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ដោយបានសម្លាប់មនុស្សយ៉ាងតិច ១៣នាក់ និងបណ្តាលឱ្យមនុស្សរាប់រយនាក់រងរបួស។

នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអេ តាកាអ៊ីជី (Sanae Takaichi) បានថ្លែងថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងស្ថិតក្នុងដំណាក់កាល «ប្រណាំងនឹងពេលវេលា» ខណៈនៅមានមនុស្សមួយចំនួនបន្តបាត់ខ្លួន និងជាប់ក្រោមគំនរបាក់បែក។ រដ្ឋាភិបាលបានដាក់ពង្រាយកងកម្លាំងការពារជាតិប្រមាណ ៣,៦០០នាក់ រួមទាំងយន្តហោះ ២០គ្រឿង ដើម្បីវាយតម្លៃការខូចខាត និងគាំទ្រប្រតិបត្តិការជួយសង្គ្រោះ។

ការរញ្ជួយដីដែលមានអាំងតង់ស៊ីតេដល់កម្រិត ៧ តាមមាត្រដ្ឋាន Shindo របស់ជប៉ុន បានបង្កការខូចខាតនៅតំបន់ជាច្រើន។ បំពង់ផ្សែងរោងចក្រក្រដាសមួយបានដួលរលំ ខណៈមានកម្មករមួយចំនួនរងគ្រោះ និងបាត់ខ្លួន។ ជាមួយគ្នានេះ ក៏មានការផ្ទុះនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម Aeon មួយកន្លែង បណ្តាលឱ្យស្ត្រីវ័យ២០ឆ្នាំពីរនាក់ស្លាប់ ខណៈមូលហេតុនៃការផ្ទុះកំពុងស្ថិតក្រោមការស៊ើបអង្កេត។

ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានព្រមានថា តំបន់ដែលរងការរញ្ជួយខ្លាំងនៅតែប្រឈមនឹងការរញ្ជួយដីបន្តបន្ទាប់ និងការរអិលបាក់ដីក្នុងរយៈពេលប្រហែលមួយសប្តាហ៍។ គិតត្រឹមព្រឹកថ្ងៃទី២៩ ខែកក្កដា អាជ្ញាធរបានកត់ត្រាការរញ្ជួយតូចៗជាង ៦០លើក ខណៈគ្រួសារជិត ៥ម៉ឺនខ្នងផ្ទះដាច់ចរន្តអគ្គិសនី និងប្រមាណ ១៤ម៉ឺនខ្នងផ្ទះខ្វះទឹកប្រើប្រាស់។

គ្រោះរញ្ជួយដីនេះក៏បានបង្អាក់សេវាសាធារណៈ និងសកម្មភាពសេដ្ឋកិច្ចផងដែរ ដោយសេវារថភ្លើងល្បឿនលឿន និងជើងហោះហើរមួយចំនួនត្រូវបានផ្អាក ខណៈក្រុមហ៊ុនធំៗដូចជា TSMC, Sony និង Fujifilm បានជម្លៀសបុគ្គលិកចេញពីរោងចក្រនៅតំបន់រងគ្រោះ។ ទោះបីមានការខូចខាតយ៉ាងធ្ងន់ធ្ងរក៏ដោយ អាជ្ញាធរបញ្ជាក់ថា សំណង់ភាគច្រើននៅតែអាចទប់ទល់នឹងការរញ្ជួយបាន ដោយសារជប៉ុនអនុវត្តស្តង់ដារសំណង់ធន់នឹងគ្រោះរញ្ជួយដីយ៉ាងតឹងរ៉ឹងអស់ជាច្រើនទសវត្សរ៍មកហើយ។

ប្រភព៖ The GuarDian

https://www.theguardian.com/world/2026/jul/29/japan-earthquake-death-aftershocks

រាយការណ៍ដោយ៖ The Khmer Today

រូបភាពពី The GuarDian
រូបភាពពី The GuarDian
រូបភាពពី The GuarDian
រូបភាពពី The GuarDian
រូបភាពពី The GuarDian
រូបភាពពី The GuarDian
រូបភាពពី The GuarDian
រូបភាពពី The GuarDian