National
រដ្ឋមន្ត្រី ៣ ក្រសួង បើកវេទិកាជាតិលើកទី១ ជំរុញការប្រើប្រាស់ផលិតផលសិប្បកម្មទេសចរណ៍ និងវត្ថុអនុស្សាវរីយ៍ខ្មែរ

សៀមរាប៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ហែម វណ្ឌឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើក វេទិកាជាតិលើកទី១ ស្តីពីការជំរុញផលិតផលសិប្បកម្មទេសចរណ៍ និងវត្ថុអនុស្សាវរីយ៍ខ្មែរ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខា សៀមរាប។
វេទិកានេះត្រូវបានរៀបចំឡើងក្នុងទម្រង់ជាជំនួបផ្គូផ្គងធុរកិច្ច (Business Matching) រវាងអ្នកផលិត ដែលជាសិប្បករ និងសហគមន៍មូលដ្ឋាន ជាមួយអ្នកចែកចាយ រួមមានសណ្ឋាគារ ប្រតិបត្តិករទេសចរណ៍ និងហាងលក់វត្ថុអនុស្សាវរីយ៍ ដើម្បីពង្រឹងកិច្ចសហការ បង្កើតឱកាសទីផ្សារថ្មី និងជំរុញការប្រើប្រាស់ផលិតផលខ្មែរឱ្យកាន់តែទូលំទូលាយ។

បន្ទាប់ពីពិធីបើក ថ្នាក់ដឹកនាំបានអញ្ជើញទស្សនាស្តង់តាំងបង្ហាញផលិតផលសិប្បកម្មទេសចរណ៍ និងវត្ថុអនុស្សាវរីយ៍ ដែលជាស្នាដៃកូនខ្មែរ ព្រមទាំងជួបសំណេះសំណាល និងលើកទឹកចិត្តដល់សិប្បករ សហគមន៍ និងសហគ្រាសក្នុងស្រុក ឱ្យបន្តអភិវឌ្ឍផលិតផលប្រកបដោយគុណភាព ស្តង់ដារ និងអត្តសញ្ញាណជាតិ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវទេសចរ និងពង្រីកទីផ្សារទាំងក្នុង និងក្រៅប្រទេស។
ក្រសួងទេសចរណ៍បានបញ្ជាក់ថា វេទិកាជាតិលើកទី១នេះ គឺជាយន្តការដ៏សំខាន់ក្នុងការតភ្ជាប់អ្នកផលិត និងអ្នកចែកចាយ លើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូលដល់សហគមន៍ និងសិប្បករ ព្រមទាំងរួមចំណែកលើកស្ទួយអត្តសញ្ញាណជាតិ និងអនុវត្តចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយគុណភាព ចីរភាព និងបរិយាបន្ន។
ប្រភព៖ ក្រសួងទេសចរណ៍
https://web.facebook.com/share/p/1G37cKERfQ/
រាយការណ៍ដោយ៖ The Khmer Today


