National

August 4, 2026 at 4:20 PM
Melea_Sovannary

កម្ពុជា ទទួលបានឥណទានសម្បទាន ២៥០លានដុល្លារ ពី ADB ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច

កម្ពុជា ទទួលបានឥណទានសម្បទាន ២៥០លានដុល្លារ ពី ADB ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានទទួលឥណទានសម្បទានក្នុងទំហំទឹកប្រាក់ ២៥០លានដុល្លារអាមេរិក ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សម្រាប់អនុវត្ត កម្មវិធីអន្តរាគមន៍បន្ទាន់ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច (Resilient and Inclusive Stabilization for Economic Recovery – RISE) ក្នុងគោលបំណងជួយរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បង្កើនភាពធន់របស់សេដ្ឋកិច្ច និងឆ្លើយតបផលប៉ះពាល់ពីភាពមិនមានស្ថិរភាពនៃសេដ្ឋកិច្ចសកល។

ប្រភព៖ ក្រសួងសេដ្ឋកិច្ច
ប្រភព៖ ក្រសួងសេដ្ឋកិច្ច

កិច្ចព្រមព្រៀងឥណទានសម្បទាននេះ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ រវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយ លោកស្រី យ៉ាស៊ីន ស៊ូហ្ស៊ីនី នាយិកាស្ថានតំណាង ADB ប្រចាំកម្ពុជា ដោយមានការចូលរួមពីចម្ងាយពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ ADB។

គួរបញ្ជាក់ផងដែរថា កម្មវិធី RISE ត្រូវបានរៀបចំឡើងក្រោមក្របខណ្ឌ Countercyclical Support Facility (CSF) ដើម្បីជួយកម្ពុជាទប់ទល់នឹងផលប៉ះពាល់ពីពហុវិបត្តិ និងការប្រែប្រួលនៃសេដ្ឋកិច្ចពិភពលោក ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។

តាមការបញ្ជាក់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កម្មវិធីនេះផ្តោតលើលទ្ធផលសំខាន់ៗចំនួនបី រួមមាន ការកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលតម្លៃប្រេងឥន្ធនៈលើសេដ្ឋកិច្ច ការផ្តល់ជំនួយហិរញ្ញវត្ថុចំគោលដៅ និងការគាំទ្រវិស័យកសិកម្មដល់គ្រួសារងាយរងគ្រោះ ព្រមទាំងការពន្លឿនការផ្លាស់ប្តូរទៅរកសេដ្ឋកិច្ចបៃតង ដើម្បីពង្រឹងភាពធន់ និងការឆ្លើយតបចំពោះវិបត្តិថាមពលនាពេលអនាគត។

ក្នុងឱកាសនោះ ភាគីទាំងពីរក៏បានគូសបញ្ជាក់ថា កម្ពុជា គឺជាប្រទេសសមាជិកទី១ របស់ ADB ដែលទទួលបានការគាំទ្រក្រោមកម្មវិធី RISE ដែលឆ្លុះបញ្ចាំងពីការជឿទុកចិត្តរបស់ ADB លើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការថែរក្សាស្ថិរភាពសេដ្ឋកិច្ច និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណដល់ ADB ដែលតែងតែជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ក្នុងការគាំទ្រកម្ពុជាឆ្លើយតបនឹងវិបត្តិនានា ហើយបានស្នើឱ្យ ADB បន្តផ្តល់ហិរញ្ញប្បទានសម្បទានដែលមានភាពបត់បែនខ្ពស់បន្ថែមទៀត ដើម្បីគាំទ្រកម្ពុជាក្នុងដំណើរការអន្តរកាលឆ្ពោះទៅការចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច (LDC Graduation) ប្រកបដោយចីរភាព។

ប្រភព៖ ក្រសួងសេដ្ឋកិច្ច

https://www.facebook.com/share/p/1Aam1uCf7T/?mibextid=wwXIfr

រាយការណ៍ដោយ៖ The Khmer Today

ប្រភព៖ ក្រសួងសេដ្ឋកិច្ច
ប្រភព៖ ក្រសួងសេដ្ឋកិច្ច
ប្រភព៖ ក្រសួងសេដ្ឋកិច្ច
ប្រភព៖ ក្រសួងសេដ្ឋកិច្ច
ប្រភព៖ ក្រសួងសេដ្ឋកិច្ច
ប្រភព៖ ក្រសួងសេដ្ឋកិច្ច