International
ថៃជួបគ្រោះអាសន្ន! ទឹកជំនន់ហូរភ្លាមៗពីលើភ្នំបុកលិចតំបន់មួយក្នុងខេត្តឈៀងរ៉ៃ

ឈៀងរ៉ៃ៖ ភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតំបន់ដើមទឹក បានបង្កឱ្យមានទឹកជំនន់ហូរភ្លាមៗពីលើភ្នំ (Flash Flood) បុកលិចតំបន់មួយក្នុងឃុំ ឆូកឆៃ (Chok Chai) ស្រុក ដយហ្លួង (Doi Luang) ខេត្ត ឈៀងរ៉ៃ (Chiang Rai) ភាគខាងជើងប្រទេសថៃ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ បណ្តាលឱ្យផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនខ្នងរងការជន់លិច និងបង្កការលំបាកដល់ការរស់នៅ ខណៈអាជ្ញាធរបានចុះអន្តរាគមន៍ និងតាមដានស្ថានការណ៍ជាបន្ទាន់។

តាមរបាយការណ៍របស់ការិយាល័យព័ត៌មានប្រជាសម្ព័ន្ធ តំបន់ទី៣ នៃនាយកដ្ឋានព័ត៌មានប្រជាសម្ព័ន្ធថៃ បានឱ្យដឹងថា ទឹកជំនន់បានចាប់ផ្តើមហូរចូលតំបន់លំនៅឋាននៅវេលាប្រមាណម៉ោង ៤:០០ ទៀបភ្លឺ បន្ទាប់ពីភ្លៀងធ្លាក់សន្សំខ្លាំងនៅតំបន់ភ្នំ ធ្វើឱ្យអូរ ហួយណាំង៉ាម (Huai Nam Ngam) និង ហួយឃុនម៉ែប៉ុង (Huai Khun Mae Pong) ហក់ឡើងយ៉ាងគំហុក ហើយហូរលិចភូមិដនង៉ាម និងភូមិថ្មីដនង៉ាម ដែលស្ថិតនៅតំបន់ទំនាបក្បែរផ្លូវទឹក។
ក្រោយកើតហេតុ អាជ្ញាធរមូលដ្ឋាន មន្ត្រីការពារ និងបង្ការគ្រោះមហន្តរាយ ព្រមទាំងក្រុមសង្គ្រោះ បានចុះពិនិត្យការខូចខាត តាមដានកម្រិតទឹក និងជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ភ្លាមៗ។ រហូតមកដល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍អំពីអ្នកស្លាប់ ឬបាត់ខ្លួននៅឡើយទេ ប៉ុន្តែអាជ្ញាធរបានត្រៀមកម្លាំង និងសម្ភារសង្គ្រោះ ដើម្បីឆ្លើយតបប្រសិនបើស្ថានភាពកាន់តែធ្ងន់ធ្ងរ។
អាជ្ញាធរខេត្តឈៀងរ៉ៃបានព្រមានថា នៅតំបន់ដើមទឹកនៅតែមានឱកាសទទួលរងភ្លៀងធ្លាក់បន្ថែម ដែលអាចធ្វើឱ្យកម្រិតទឹកកើនឡើងយ៉ាងឆាប់រហ័ស។ ប្រជាពលរដ្ឋដែលរស់នៅក្បែរអូរ តំបន់ទំនាប និងតំបន់ប្រឈមហានិភ័យ ត្រូវបានណែនាំឱ្យតាមដានសេចក្តីជូនដំណឹងពីអាជ្ញាធរ រៀបចំជម្លៀសទ្រព្យសម្បត្តិទៅកាន់ទីទួលមានសុវត្ថិភាព និងជៀសវាងការធ្វើដំណើរឆ្លងកាត់តំបន់ដែលមានចរន្តទឹកហូរខ្លាំង។
ខេត្តឈៀងរ៉ៃ គឺជាតំបន់ដែលតែងរងគ្រោះដោយទឹកជំនន់ហូរភ្លាមៗក្នុងរដូវវស្សា ដោយសារមានជួរភ្នំ និងអូរធម្មជាតិជាច្រើន។ អាជ្ញាធរថៃបានអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងអនុវត្តតាមការណែនាំរបស់មន្ត្រីជំនាញ ដើម្បីការពារសុវត្ថិភាពអាយុជីវិត និងកាត់បន្ថយការខូចខាតទ្រព្យសម្បត្តិ ខណៈស្ថានភាពអាកាសធាតុនៅតែអាចប្រែប្រួលក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។
ប្រភព៖ AMARIN
https://www.amarintv.com/news/social/553702
matichon
https://www.matichon.co.th/region/news_5832475
រាយការណ៍ដោយ៖ The Khmer Today


