National
ក្រសួងទេសចរណ៍ បើកឱកាសឱ្យនិស្សិតប្រកួតស្នាដៃអត្ថបទស្រាវជ្រាវឆ្នើម ឆ្នាំ២០២៦ ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានប្រកាសបើកឱកាសឱ្យនិស្សិតទូទាំងប្រទេស ចូលរួមប្រកួតស្នាដៃអត្ថបទស្រាវជ្រាវឆ្នើមក្នុងវិស័យទេសចរណ៍ ប្រចាំឆ្នាំ២០២៦ ក្រោមប្រធានបទ «ការគ្រប់គ្រងវិបត្តិ និងការរៀបចំកែច្នៃក្នុងវិស័យទេសចរណ៍កម្ពុជា» ដើម្បីលើកកម្ពស់សមត្ថភាពស្រាវជ្រាវ ជំរុញគំនិតច្នៃប្រឌិត និងរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែមានភាពធន់ ចីរភាព និងស្របតាមនិន្នាការអភិវឌ្ឍថ្មីៗ។
ការប្រកួតនេះ បើកចំហសម្រាប់និស្សិតសញ្ជាតិខ្មែរ ដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ដោយអាចចូលរួមជាលក្ខណៈបុគ្គល ឬជាក្រុមមិនលើសពី ៣នាក់។ បេក្ខជនត្រូវរៀបចំអត្ថបទស្រាវជ្រាវបែបអនុវត្តថ្មី (Action/Applied Research) ដែលជាស្នាដៃផ្ទាល់ខ្លួន មានប្រវែងពី ១០ ដល់ ១៥ទំព័រ ជាភាសាខ្មែរ និងផលិតវីដេអូខ្លីមិនលើសពី ៣នាទី ដើម្បីសង្ខេបខ្លឹមសារស្រាវជ្រាវ ព្រមទាំងបង្ហោះលើគណនីបណ្តាញសង្គមផ្ទាល់ខ្លួន។

ក្រសួងទេសចរណ៍នឹងវាយតម្លៃស្នាដៃដោយផ្អែកលើគុណភាពអត្ថបទស្រាវជ្រាវ វិធីសាស្ត្រស្រាវជ្រាវ រចនាបថអត្ថបទ ខ្លឹមសារវីដេអូ និងការធ្វើបទបង្ហាញនៅវគ្គផ្តាច់ព្រ័ត្រ។ ម្ចាស់ជ័យលាភីលេខ១ នឹងទទួលបានរង្វាន់ ៤លានរៀល លេខ២ ទទួលបាន ៣លានរៀល និងលេខ៣ ទទួលបាន ២លានរៀល ព្រមទាំងពានរង្វាន់ និងវិញ្ញាបនបត្រ ខណៈរង្វាន់លើកទឹកចិត្តចំនួន ១២រង្វាន់ ដែលមានតម្លៃ ១លានរៀលក្នុងមួយរង្វាន់ ក៏នឹងត្រូវប្រគល់ជូនផងដែរ។
ដំណើរការចុះឈ្មោះចូលរួម នឹងបន្តរហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ខណៈការទទួលអត្ថបទស្រាវជ្រាវ និងតំណភ្ជាប់វីដេអូខ្លី នឹងបិទនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។ លទ្ធផលបឋមគ្រោងប្រកាសនៅសប្តាហ៍ទី១ ខែវិច្ឆិកា ចំណែកម្ចាស់ជ័យលាភីវគ្គផ្តាច់ព្រ័ត្រ នឹងប្រកាសនៅសប្តាហ៍ទី១ ខែធ្នូ មុនពេលរៀបចំពិធីប្រគល់រង្វាន់នៅសប្តាហ៍ទី២ ខែធ្នូ ឆ្នាំ២០២៦។ ក្រសួងទេសចរណ៍បានអំពាវនាវឱ្យនិស្សិតដែលមានចំណាប់អារម្មណ៍ ចុះឈ្មោះចូលរួមតាមរយៈ QR Code ដែលមាននៅលើសេចក្តីជូនដំណឹងផ្លូវការរបស់ក្រសួង។
ប្រភព៖ ក្រសួងទេសចរណ៍
https://web.facebook.com/share/p/1EpdKiQg2E/
រាយការណ៍ដោយ ៖ The Khmer Today


