National
ហេតុអ្វីពលរដ្ឋកម្ពុជាជាង ២០,០០០ នាក់ នៅតែជាប់ក្នុងជំរំបណ្តោះអាសន្ន ក្រោយបទឈប់បាញ់ជាង ៧ ខែ?

ភ្នំពេញ៖ ទោះបីជាជាង ៧ ខែបានកន្លងផុតទៅ ចាប់តាំងពីកម្ពុជា និងថៃបានឯកភាពលើសេចក្តីប្រកាសរួមនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ (Extraordinary GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលរួមមានការបញ្ឈប់ការបាញ់ប្រហារ និងការប្តេជ្ញាធានាឱ្យជនស៊ីវិលអាចវិលត្រឡប់ទៅលំនៅឋានដោយសុវត្ថិភាពក៏ដោយ ក៏ប្រជាពលរដ្ឋកម្ពុជាជាង ២០,០០០ នាក់ នៅតែបន្តរស់នៅក្នុងជំរំបណ្តោះអាសន្ន និងមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនបាននៅឡើយ។
យោងតាមការបង្ហោះរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា នៅលើគេហទំព័រផ្លូវការរបស់លោក មូលហេតុដែលពលរដ្ឋមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន គឺដោយសារកងទ័ពថៃនៅតែបន្តកាន់កាប់ផ្នែកខ្លះនៃទឹកដីកម្ពុជា និងអនុវត្តវិធានការមួយចំនួន ដូចជាការរាយលួសបន្លា ដាក់ទូកុងតឺន័របិទផ្លូវ និងរារាំងការចូលទៅកាន់ភូមិរបស់ប្រជាពលរដ្ឋ។ ឯកឧត្តម ក៏បានអះអាងថា មានការកម្ទេចផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដែលផ្ទុយនឹងខ្លឹមសារនៃសេចក្តីប្រកាសរួម។

ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា សេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បានកំណត់ថា ការព្រមព្រៀងរវាងភាគីទាំងពីរ មិនត្រូវប៉ះពាល់ដល់ដំណើរការខណ្ឌសីមាព្រំដែនអន្តរជាតិឡើយ ហើយបញ្ហាព្រំដែនត្រូវបន្តដោះស្រាយតាមរយៈគណៈកម្មការចម្រុះព្រំដែន (JBC) ស្របតាមកិច្ចព្រមព្រៀង និងច្បាប់អន្តរជាតិ មិនមែនតាមរយៈការប្រើប្រាស់កម្លាំង ឬការបង្កើតស្ថានភាពថ្មីនៅលើដីនោះទេ។
ក្នុងការបង្ហោះដដែល លោកបានអំពាវនាវឱ្យភាគីថៃអនុវត្តដោយស្មោះត្រង់នូវសេចក្តីប្រកាសរួមដែលបានចុះហត្ថលេខា ដោយបញ្ឈប់ការរារាំងការវិលត្រឡប់របស់ប្រជាពលរដ្ឋ និងសហការជាមួយគណៈកម្មការចម្រុះព្រំដែន ដើម្បីធានាឱ្យប្រជាពលរដ្ឋអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញ។ លោកក៏បានលើកឡើងថា អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្ស និងឯកអគ្គរដ្ឋទូតចិន បានសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋកម្ពុជាទាំងនេះគួរតែអាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញ ស្របតាមច្បាប់អន្តរជាតិ។
ប្រភព៖ ឯកឧត្តម នេត្រ ភក្រ្តា
https://www.facebook.com/share/p/1BbMGizwtj/
រាយការណ៍ដោយ ៖ The Khmer Today


