National

August 7, 2026 at 1:19 PM
Melea_Sovannary

AOT ចុះពិនិត្យការខូចខាត ខណៈ UN ឆ្លើយតបការជំទាស់របស់ថៃជុំវិញតួលេខជនភៀសសឹកកម្ពុជា

AOT ចុះពិនិត្យការខូចខាត ខណៈ UN ឆ្លើយតបការជំទាស់របស់ថៃជុំវិញតួលេខជនភៀសសឹកកម្ពុជា

ភ្នំពេញ៖ ខណៈក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (ASEAN Observer Team – Cambodia: AOT-KH) បានចុះពិនិត្យ និងផ្ទៀងផ្ទាត់ការខូចខាតនៅតំបន់រស់នៅរបស់ប្រជាពលរដ្ឋស៊ីវិលក្នុងភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ អង្គការសហប្រជាជាតិ (UN) ក៏បានចេញមកឆ្លើយតបនឹងការជំទាស់របស់ភាគីថៃ ពាក់ព័ន្ធនឹងតួលេខប្រជាពលរដ្ឋកម្ពុជាដែលភៀសខ្លួនដោយសារជម្លោះនៅតាមព្រំដែនកម្ពុជា-ថៃ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ក្រុម AOT-KH បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍នៅទីតាំងដែលកម្ពុជាអះអាងថា ជាតំបន់ស៊ីវិលរងការវាយប្រហារពីកងកម្លាំងយោធាថៃ កាលពីខែធ្នូ ឆ្នាំ២០២៥។ ក្រសួងការពារជាតិបានបញ្ជាក់ថា ទីតាំងដែលក្រុមអ្នកសង្កេតការណ៍ចុះពិនិត្យ មិនមែនជាទីតាំងយោធានោះទេ ប៉ុន្តែជាលំនៅឋានរបស់ប្រជាពលរដ្ឋស៊ីវិល ដែលបានរងការខូចខាតលើផ្ទះសម្បែង ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធ។

រូបភាពពី : SRC
រូបភាពពី : SRC

ស្របពេលជាមួយគ្នានេះ លោក ថម អ៊ែនឌ្រូ (Tom Andrews) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានបញ្ជាក់ថា តួលេខប្រជាពលរដ្ឋកម្ពុជាប្រមាណ ៦៥ម៉ឺននាក់ ដែលបានភៀសខ្លួនដោយសារជម្លោះព្រំដែន គឺផ្អែកលើរបាយការណ៍ផ្លូវការរបស់អង្គការសហប្រជាជាតិ មិនមែនជាការប៉ាន់ស្មានផ្ទាល់របស់លោកឡើយ។ ការបញ្ជាក់នេះ ធ្វើឡើងបន្ទាប់ពីភាគីថៃបានជំទាស់ចំពោះតួលេខខាងលើ និងចោទជាសំណួរអំពីប្រភពទិន្នន័យ។

តាមការបង្ហោះលើទំព័រ Special Rapporteur Cambodia និងគណនីបណ្ដាញសង្គម X របស់លោក កាលពីថ្ងៃទី៦ ខែសីហា លោក ថម អ៊ែនឌ្រូ ក៏បានឱ្យដឹងថា លោកបានផ្ញើសេចក្តីព្រាងសេចក្តីថ្លែងការណ៍ទៅអាជ្ញាធរថៃពិនិត្យជាមុន ប៉ុន្តែមិនទទួលបានការឆ្លើយតបនោះទេ។ ទោះជាយ៉ាងណា លោកបានអំពាវនាវឱ្យកម្ពុជា និងថៃ បន្តដោះស្រាយជម្លោះដោយសន្តិវិធី និងផ្តល់អាទិភាពដល់ការការពារប្រជាពលរដ្ឋស៊ីវិល ដើម្បីឱ្យអ្នកដែលបានភៀសខ្លួនអាចវិលត្រឡប់ទៅកាន់លំនៅឋានវិញដោយសុវត្ថិភាព និងស្តារជីវភាពរស់នៅឡើងវិញ។

ប្រភព៖ Special Rapporteur Cambodia

https://web.facebook.com/share/p/1GKXaJx1V8/

ក្រសួងការពារជាតិ

https://web.facebook.com/share/p/1GDQBCBuE9/

រាយការណ៍ដោយ៖ The Khmer Today

រូបភាពពី :ក្រសួងការពារជាតិ
រូបភាពពី :ក្រសួងការពារជាតិ
រូបភាពពី :ក្រសួងការពារជាតិ
រូបភាពពី :ក្រសួងការពារជាតិ
រូបភាពពី :ក្រសួងការពារជាតិ
រូបភាពពី :ក្រសួងការពារជាតិ