International
អនុទីនពង្រឹងការទូតជាមួយមីយ៉ាន់ម៉ា ខណៈការទូតថៃ-កម្ពុជាកំពុងប្រឈមភាពតានតឹង និងជាប់គាំង

បាងកក៖ នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ចាន់វិរៈគុល (Anutin Charnvirakul) កំពុងជំរុញការទូតរបស់ប្រទេសថៃជាមួយមីយ៉ាន់ម៉ា តាមរយៈការបើកទ្វារទំនាក់ទំនងជាមួយរបបយោធារបស់លោក មីន អ៊ុងឡាំង ខណៈទំនាក់ទំនងការទូតរវាងថៃ និងកម្ពុជាកំពុងប្រឈមភាពតានតឹង និងជាប់គាំង ពាក់ព័ន្ធនឹងបញ្ហាព្រំដែន និងការចោទប្រកាន់គ្នានៅលើឆាកអន្តរជាតិ។
ជុំវិញបញ្ហារកាំរកូសនេះ លោក អានុទីន បែរជាអញ្ជើញលោក មីន អ៊ុងឡាំង មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា មកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃទៅវិញ ដែលជាលើកដំបូងចាប់តាំងពីយោធាមីយ៉ាន់ម៉ាដណ្តើមអំណាចក្នុងឆ្នាំ២០២១។ ការផ្លាស់ប្តូរនេះត្រូវបានមើលឃើញថា ជាផ្នែកមួយនៃគោលនយោបាយមួយរបស់ថៃ ដើម្បីរក្សាបណ្តាញទំនាក់ទំនង និងជំរុញឱ្យមីយ៉ាន់ម៉ាវិលត្រឡប់ចូលរួមក្នុងកិច្ចការតំបន់វិញ ខណៈការទូតថៃ-កម្ពុជានៅតែបន្តស្ថិតក្នុងស្ថានភាពតានតឹង និងជាប់គាំង។
ក្នុងចំណោមប្រទេសសមាជិកអាស៊ាន ថៃត្រូវបានគេចាត់ទុកថា ជាប្រទេសដែលរក្សាទំនាក់ទំនងជិតស្និទ្ធជាងគេជាមួយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បើទោះបីរបបនេះត្រូវបានកាត់បន្ថយតួនាទីក្នុងកិច្ចប្រជុំកំពូលអាស៊ានចាប់តាំងពីឆ្នាំ២០២១ ដោយសារមិនបានអនុវត្តគោលការណ៍ឯកភាព ៥ចំណុច (Five-Point Consensus) របស់អាស៊ានក៏ដោយ។ លោក អានុទីន បានអះអាងថា ការរក្សាការសន្ទនាជាមួយមីយ៉ាន់ម៉ា គឺជាវិធីមួយដើម្បីបង្កើតបរិយាកាសសហប្រតិបត្តិការ និងដោះស្រាយបញ្ហាឆ្លងដែនដែលប៉ះពាល់ដល់ប្រទេសក្នុងតំបន់។

ទន្ទឹមនឹងការពង្រឹងទំនាក់ទំនងជាមួយមីយ៉ាន់ម៉ា ក្រឡេកមកមើលពីទំនាក់ទំនងការទូតរវាងថៃ និងកម្ពុជាវិញ កំពុងប្រឈមនឹងភាពស្មុគស្មាញ និងជាប់គាំង ដោយសារបញ្ហាជម្លោះព្រំដែន និងការមិនទទួលស្គាល់ការពិតនៃភាគីថៃ។ បញ្ហានេះបាននាំឱ្យភាគីទាំងពីរប្រើប្រាស់យន្តការការទូត និងវេទិកាអន្តរជាតិ ដើម្បីបង្ហាញជំហររៀងៗខ្លួន ខណៈកិច្ចខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយការទូតនៅតែបន្ត។
ជាមួយគ្នានេះ ការផ្លាស់ប្តូរទិសដៅការទូតរបស់ថៃ ក៏កំពុងទទួលការចាប់អារម្មណ៍ពីអ្នកវិភាគមួយចំនួន ដែលយល់ថា បាងកកកំពុងព្យាយាមពង្រឹងតួនាទីរបស់ខ្លួនក្នុងតំបន់ តាមរយៈការធ្វើជាស្ពានភ្ជាប់រវាងមីយ៉ាន់ម៉ា និងអាស៊ាន។ ទោះជាយ៉ាងណា អ្នករិះគន់ខ្លះបានព្រមានថា ការបើកទំនាក់ទំនងជិតស្និទ្ធជាមួយរបបយោធាមីយ៉ាន់ម៉ា អាចនាំឱ្យថៃប្រឈមការរិះគន់ពីសហគមន៍អន្តរជាតិ ប្រសិនបើមិនមានការធានាអំពីការរីកចម្រើនផ្នែកសន្តិភាព និងសិទ្ធិមនុស្ស។
ស្ថានការណ៍នេះបង្ហាញថា នយោបាយការទូតរបស់ថៃកំពុងស្ថិតក្នុងដំណាក់កាលស្វែងរកតុល្យភាព រវាងការរក្សាផលប្រយោជន៍ជាតិ ការដោះស្រាយបញ្ហាសន្តិសុខតាមព្រំដែន និងការរក្សាទំនាក់ទំនងជាមួយប្រទេសជិតខាងក្នុងតំបន់អាស៊ាន ខណៈបញ្ហាការទូតជាមួយកម្ពុជានៅតែស្ថិតក្នុងភាពតានតឹង និងជាប់គាំងមិនទាន់អាចឈានទៅរកការបន្ធូរបន្ថយបាន។
ប្រភព៖ nationtv
https://www.nationtv.tv/news/politics/378981203
The Irrawaddy
https://www.irrawaddy.com/opinion/analysis/the-risks-of-thailands-open-door-to-min-aung-hlaing.html
រាយការណ៍ដោយ៖ The Khmer Today


