International
ថៃ ជាប្រទេសកាន់កាប់អាវុធស៊ីវិលច្រើនជាងគេនៅអាស៊ាន ចំពេលការព្រួយបារម្ភពីបញ្ហាសន្តិសុខកើនឡើង

ភ្នំពេញ៖ បញ្ហាអសន្តិសុខ និងអំពើហិង្សាដោយសារការប្រើប្រាស់អាវុធកាំភ្លើងនៅក្នុងប្រទេសថៃ កំពុងក្លាយជាប្រធានបទដ៏ក្តៅគគុក និងជាក្តីកង្វល់យ៉ាងខ្លាំងដល់សាធារណជន។ ការព្រួយបារម្ភផ្នែកសុវត្ថិភាពសង្គមនេះបានកើនឡើងជាបន្តបន្ទាប់ បន្ទាប់ពីហេតុការណ៍បាញ់ប្រហារធំៗជាច្រើនបានកើតឡើងជាញឹកញាប់ រួមទាំងការបាញ់ប្រហារនៅមជ្ឈមណ្ឌលថែទាំកុមារតូចក្នុងខេត្ត Nong Bua Lamphu កាលពីឆ្នាំ ២០២២ និងហេតុការណ៍បាញ់ប្រហារនៅឯផ្សារទំនើប Siam Paragon ក្នុងទីក្រុងបាងកក កាលពីឆ្នាំ ២០២៣ ដែលត្រូវបានរាយការណ៍យ៉ាងទូលំទូលាយដោយបណ្តាញសារព័ត៌មានអន្តរជាតិធំៗ ដូចជា CNN, BBC និង Reuters។
យោងតាមទិន្នន័យផ្លូវការពីរាយការណ៍ស្រាវជ្រាវ «Estimating Global Civilian-held Firearms Numbers» របស់ស្ថាប័ន Small Arms Survey ដែលមានមូលដ្ឋាននៅក្រុងហ្សឺណែវ បានបង្ហាញថា ប្រទេសថៃមានចំនួនអាវុធស៊ីវិលសរុបប្រហែល ១០.៣ លានដើម។ ចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នេះបានធ្វើឱ្យថៃជាប់ឈ្មោះជាប្រទេសដែលមានការកាន់កាប់អាវុធស៊ីវិលច្រើនជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) និងឈរនៅលំដាប់ថ្នាក់ទី ១៣ លើពិភពលោក។

ប្រភពដដែលបានគូសបញ្ជាក់ថា ក្នុងចំណោមអាវុធសរុបទាំង ១០.៣ លានដើមនោះ មានអាវុធប្រមាណជាង ៤ លានដើមត្រូវបានប៉ាន់ប្រមាណថាជាអាវុធខុសច្បាប់ ឬគ្មានការចុះបញ្ជីត្រឹមត្រូវឡើយ។ បញ្ហានេះត្រូវបានរុញច្រានដោយសារភាពងាយស្រួលក្នុងការទិញលក់អាវុធតាមទីផ្សារងងឹត និងបណ្តាញអ៊ីនធឺណិត ដែលធ្វើឱ្យអត្រានៃការកាន់កាប់អាវុធរបស់ស៊ីវិលកើនឡើងដល់ប្រមាណ ១៥ ដើម ក្នុងប្រជាជន ១០០ នាក់។
ស្របពេលជាមួយគ្នានេះ របាយការណ៍ស៊ើបអង្កេតរបស់សារព័ត៌មាន Bangkok Post និង Reuters ក៏បានរាយការណ៍ផងដែរថា អត្រាឃាតកម្មដោយប្រើប្រាស់អាវុធកាំភ្លើងនៅប្រទេសថៃមានកម្រិតខ្ពស់ជាងគេមួយក្នុងតំបន់អាស៊ីអាគ្នេយ៍។ ការកើនឡើងនៃបទល្មើសប្រើប្រាស់អាវុធកែច្នៃ និងការជួញដូរអាវុធខុសច្បាប់តាមអនឡាញ បានបង្កើតជាសម្ពាធយ៉ាងខ្លាំងដល់អាជ្ញាធរមានសមត្ថកិច្ចក្នុងការរៀបចំសណ្តាប់ធ្នាប់សង្គមឡើងវិញ។
ដើម្បីឆ្លើយតបទៅនឹងវិបត្តិអសន្តិសុខសង្គម និងការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ ក្រសួងមហាផ្ទៃថៃបានប្រកាសដាក់ចេញនូវវិធានការរឹតបន្តឹងច្បាប់គ្រប់គ្រងអាវុធជាបន្តបន្ទាប់។ វិធានការទាំងនោះរួមមានការផ្អាកចេញអាជ្ញាប័ណ្ណនាំចូលអាវុធថ្មីៗ ការចុះបង្ក្រាបការទិញលក់អាវុធច្នៃ ឬ Blank Guns តាមប្រព័ន្ធអ៊ីនធឺណិត និងការរៀបចំប្រមូលអាវុធខុសច្បាប់មកវិញ ដើម្បីស្តារទំនុកចិត្តលើផ្នែកសន្តិសុខ និងសុវត្ថិភាពជូនសាធារណជន។
ប្រភព: SPACEBAR
រាយការណ៍ដោយ៖ The Khmer Today


