International

August 10, 2026 at 10:16 AM
Melea_Sovannary

ឥណ្ឌូណេស៊ីរឹបអូស Ketamine ១.៣ តោន ដែលសង្ស័យដឹកចេញពីថៃ ដោយប្រើប្រាស់ការ៉ុងអង្កររបស់កម្ពុជា

ឥណ្ឌូណេស៊ីរឹបអូស Ketamine ១.៣ តោន ដែលសង្ស័យដឹកចេញពីថៃ ដោយប្រើប្រាស់ការ៉ុងអង្កររបស់កម្ពុជា

អាជ្ញាធរឥណ្ឌូណេស៊ីបានរឹបអូសថ្នាំ Ketamine ប្រមាណ ១.៣ តោន ដែលមានតម្លៃប្រមាណ ២.០៧ ទ្រីលានរូពី ឬស្មើនឹងជាង ១១៦ លានដុល្លារអាម៉េរិក ពីនាវាដែលមានទង់ជាតិបរទេស ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដ៏ធំបំផុតមួយរបស់ប្រទេស។

ប្រធានទីភ្នាក់ងារជាតិប្រឆាំងគ្រឿងញៀនឥណ្ឌូណេស៊ី លោក Suyudi Ario Seto បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា អាជ្ញាធរបានទទួលព័ត៌មានស៊ើបការណ៍តាំងពីខែកុម្ភៈថា នាវា MV King Sun កំពុងធ្វើដំណើរពីប្រទេសថៃឆ្ពោះទៅកាន់ប្រទេសឥណ្ឌូណេស៊ី ដោយមានទំនិញគួរឲ្យសង្ស័យនៅលើនាវា។

ប្រភពរូបភាព៖ Pusat Penerangan TNI (Facebook Page)
ប្រភពរូបភាព៖ Pusat Penerangan TNI (Facebook Page)

បន្ទាប់ពីតាមដានអស់រយៈពេលជាច្រើនខែ នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌូណេស៊ីបានស្ទាក់ចាប់នាវានេះ កាលពីថ្ងៃព្រហស្បតិ៍ ខណៈពេលដែលវាចូលក្នុងដែនទឹកឥណ្ឌូណេស៊ី។

នៅថ្ងៃទី៧ ខែសីហា ក្រុមការងារចម្រុះបានរកឃើញ បាវចំនួន ៦៥ ដែលត្រូវបានលាក់ទុកនៅក្នុងនាវា។ បន្ទាប់ពីធ្វើតេស្ត អាជ្ញាធរបានបញ្ជាក់ថា សារធាតុនៅក្នុងបាវទាំងនោះគឺជា Ketamine ដែលមានទម្ងន់សរុបប្រមាណ ១.៣ តោន។

តាមទីភ្នាក់ងារព័ត៌មានរដ្ឋ Antara នាវា MV King Sun ត្រូវបានចុះបញ្ជីក្រោមទង់ជាតិ តង់ហ្សានី ហើយត្រូវបានស្ទាក់ចាប់នៅក្នុងដែនទឹកជុំវិញខេត្ត Riau Islands ដែលស្ថិតនៅក្បែរប្រទេសសិង្ហបុរី។

អាជ្ញាធរបានឃាត់ខ្លួនសមាជិកនាវិកចំនួន ៨នាក់ ក្នុងនោះមានជនជាតិមីយ៉ាន់ម៉ា ៧នាក់ និងជនជាតិតៃវ៉ាន់ម្នាក់។

លោក Suyudi បានបញ្ជាក់ថា អាជ្ញាធរកំពុងបន្តស៊ើបអង្កេត ដើម្បីស្វែងរកប្រភពដើមនៃថ្នាំញៀននេះ កំពង់ផែគោលដៅ ព្រមទាំងអ្នកផ្ញើ និងអ្នកទទួល។

Ketamine ជាថ្នាំសន្លប់ដែលមានប្រសិទ្ធភាពឆាប់រហ័សក្នុងវិស័យវេជ្ជសាស្ត្រ ប៉ុន្តែត្រូវបានប្រើប្រាស់ខុសច្បាប់ជាគ្រឿងញៀនសម្រាប់ការកម្សាន្ត។ ការចែកចាយ និងប្រើប្រាស់សារធាតុនេះត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងនៅក្នុងប្រទេសឥណ្ឌូណេស៊ី។

កាលពីខែមុន អាជ្ញាធរឥណ្ឌូណេស៊ីក៏បានរឹបអូស កញ្ឆា ៣.៣៧ តោន ក្នុងការបង្ក្រាបការប៉ុនប៉ងនាំចូលពីប្រទេសថៃ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ១២នាក់។

ឥណ្ឌូណេស៊ីជាប្រទេសមួយដែលមានច្បាប់ប្រឆាំងគ្រឿងញៀនតឹងរ៉ឹងបំផុតក្នុងពិភពលោក ដោយអ្នកជួញដូរគ្រឿងញៀនអាចប្រឈមនឹង ទោសប្រហារជីវិត។ ទោះជាយ៉ាងណា ប្រទេសនេះបានផ្អាកការអនុវត្តទោសប្រហារជីវិតជាបណ្តោះអាសន្នអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ប្រភព​៖

Mizzima - Myanmar News - English Edition

https://www.facebook.com/share/p/1HipjkZB1D/

The Straits Times

https://www.straitstimes.com/asia/se-asia/indonesia-seizes-1-3-tonnes-of-ketamine-worth-millions-in-major-bust

Pusat Penerangan TNI

https://www.facebook.com/Pen.TNI/posts/pfbid038NHAxqs5FfjKFm9Nzc6EEye8oWnk2exexZD9gVimuW83Bo3a9k4PUgQ6Ptqwr7n1l

រាយការណ៍ដោយ៖ The Khmer Today