International
សាលារៀននៅថៃមួយទៀតហើយ ត្រូវបានបិទទ្វារ ក្រោយលោកគ្រូម្នាក់បានបង្ហោះរូបភាពអាវុធគំរាមកំហែងដល់នាយកសាលា

សុងខ្លា (Songkhla)៖ សាលាមធ្យមសិក្សា ហាតយ៉ៃវិទ្យាល័យ (Hatyaiwittayalai School) ក្នុងខេត្តសុងខ្លា ភាគខាងត្បូងប្រទេសថៃ បានសម្រេចផ្លាស់ប្តូរការសិក្សាទៅតាមប្រព័ន្ធអនឡាញនៅថ្ងៃទី១០ និងទី១១ ខែសីហា ដើម្បីធានាសុវត្ថិភាពដល់សិស្ស និងបុគ្គលិក បន្ទាប់ពីអតីតគ្រូបរទេសម្នាក់បានបង្ហោះរូបភាពកាំភ្លើង ពាក់ព័ន្ធនឹងការបញ្ចប់ការងាររបស់លោក។ សាលានេះមានសិស្សប្រមាណ ៣,៦០០នាក់ និងគ្រូបង្រៀន ព្រមទាំងបុគ្គលិកប្រមាណ ២៥០នាក់។ នេះបើយោងតាមការផ្សាយរបស់កាសែតបាងកកផុស (Bangkok Post)។
បុរសដែលពាក់ព័ន្ធនឹងករណីនេះ គឺលោក ភីទ័រ ចូហានណេស ដ្រាយអឺ (Pieter Johannes Dreyer) អតីតគ្រូបង្រៀនភាសាអង់គ្លេសនៅសាលា ដែលសាលាបានបញ្ចប់កិច្ចសន្យាការងាររបស់លោកកាលពីថ្ងៃទី២៤ ខែកក្កដា ដោយសារការរំលោភលក្ខខណ្ឌកិច្ចសន្យា។ ក្រោយមក លោកត្រូវបានរាយការណ៍ថា បានបង្ហោះរូបភាពកាន់អាវុធ រួមជាមួយសារ និងឃ្លីបសំឡេងក្នុងក្រុម LINE ដែលមានសមាជិកប្រមាណ ៥,០០០នាក់ ព្រមទាំងមានរូបភាពថ្នាក់ដឹកនាំសាលាផងដែរ។ សាលាបានចាត់ទុកខ្លឹមសារទាំងនេះថា ជាការគំរាមកំហែង និងបានដាក់ពាក្យបណ្តឹងទៅប៉ូលិស ហាតយ៉ៃ (Hat Yai Police)។ ចំណែកលោក ដ្រាយអឺ បានទាក់ទងទៅមេធាវី អាម សុវណ្ណារ៉ាក់សា-សុងខ្លា (Arm Suwannaraksa-Songkhla) ដោយផ្តល់ឯកសារ និងភស្តុតាងមួយចំនួនឱ្យពិនិត្យផ្ទៀងផ្ទាត់។

តាមការលើកឡើងរបស់មេធាវី អតីតគ្រូរូបនេះធ្លាប់អះអាងអំពីបញ្ហាមួយចំនួនពាក់ព័ន្ធនឹងការអនុវត្តផ្នែកហិរញ្ញវត្ថុរបស់សាលា សិទ្ធិការងារ និងការរើសអើងពូជសាសន៍ដែលលោកអះអាងថាបានកើតឡើងនៅក្នុងសាលា។ ទោះជាយ៉ាងណា សាលាបានបដិសេធចំពោះការចោទប្រកាន់ទាំងនេះ។
មេធាវី អាម បានឱ្យដឹងថា លោក ដ្រាយអឺ មានឆន្ទៈសុំទោសចំពោះសកម្មភាពណាមួយដែលអាចបង្កបញ្ហា ឬធ្វើឱ្យមានការព្រួយបារម្ភ ប៉ុន្តែការចោទប្រកាន់ផ្សេងៗគួរត្រូវបានកំណត់តាមភស្តុតាង។ លោកមេធាវីនឹងពិនិត្យឯកសារ និងភស្តុតាងដែលទទួលបាន មុនផ្តល់យោបល់អំពីនីតិវិធីផ្លូវច្បាប់សមស្រប។
ជាមួយគ្នានេះ សាលាបានបង្កើនវិធានការសន្តិសុខនៅបរិវេណសាលា ខណៈប៉ូលិសបានចុះល្បាតជាប្រចាំ។ ប៉ូលិសបានឱ្យដឹងថា លោក ដ្រាយអឺ ជាជនជាតិអាហ្វ្រិកខាងត្បូង និងបានចាកចេញពីប្រទេសថៃតាំងពីថ្ងៃទី១៩ ខែកក្កដា តាមច្រកព្រំដែន ប៉ាដាងបេសារ (Padang Besar) ក្នុងស្រុក សាដាវ (Sadao) ខេត្តសុងខ្លា ហើយមិនបានត្រឡប់ចូលប្រទេសវិញទេ។ មន្ត្រីអន្តោប្រវេសន៍ថៃក៏បានបញ្ជាក់ថា លោកត្រូវបានដាក់ក្នុងបញ្ជីហាមចូលប្រទេសថៃរួចហើយ។ ខណៈភាគីទាំងពីរមានការលើកឡើងខុសគ្នាពាក់ព័ន្ធនឹងបញ្ហានេះ ការពិតនៃការចោទប្រកាន់នានានៅតែស្ថិតក្រោមការពិនិត្យផ្ទៀងផ្ទាត់តាមនីតិវិធីច្បាប់។
ប្រភព៖ bang kokpost
រាយការណ៍ដោយ៖ The Khmer Today


