International
ថៃរឹតបន្តឹងការដឹកអាវុធទៅមីយ៉ាន់ម៉ា ខណៈក្រុមការ៉េនផ្លាស់ទីជនឆបោករាប់ពាន់នាក់

[ភ្នំពេញ] 11 សីហា 2026៖ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វិរៈកុល (Anutin Charnvirakul) បានបញ្ជាឱ្យក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ រឹតបន្តឹងការត្រួតពិនិត្យការដឹកជញ្ជូនអាវុធ និងសម្ភារៈពីប្រទេសថៃទៅកាន់ក្រុមប្រដាប់អាវុធនៅមីយ៉ាន់ម៉ា បន្ទាប់ពីមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) បានស្នើឱ្យថៃជួយបិទបណ្តាញផ្គត់ផ្គង់អាវុធទាំងនេះ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Bangkok Post។

លោក អនុទីន បានចាត់ទុកសំណើរបស់លោក មីន អ៊ុងឡាំង ថា «សមហេតុផល» និងបានបញ្ជាឱ្យពង្រឹងការត្រួតពិនិត្យនៅតាមច្រកព្រំដែនផ្លូវការ និងច្រកព្រំដែនធម្មជាតិ។ វិធានការនេះកើតឡើង ខណៈជម្លោះប្រដាប់អាវុធរវាងរបបយោធាមីយ៉ាន់ម៉ា និងក្រុមប្រឆាំងនៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ា នៅតែបន្តមានភាពតានតឹង។
ជាមួយគ្នានេះ មុនពេលលោក មីន អ៊ុងឡាំង ធ្វើដំណើរទៅកាន់ប្រទេសថៃ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ក្រុមប្រដាប់អាវុធការ៉េន DKBA ត្រូវបានរាយការណ៍ថា បានផ្លាស់ទីជនជាតិចិនរាប់ពាន់នាក់ចេញពីមជ្ឈមណ្ឌលឆបោកនៅតាមបណ្តោយទន្លេ Moei ទៅកាន់តំបន់ជ្រៅក្នុងរដ្ឋ Karen ដូចជា Shwe Kokko, Thitkatae, Taung Ni និង Wa Mee Hta។
ប្រភពដែលបានរាយការណ៍បានអះអាងថា ក្បួនរថយន្តយោធាមីយ៉ាន់ម៉ាបានជួយដឹកជញ្ជូនជនជាតិចិនជិត ១.០០០នាក់ ខណៈអ្នកទាំងនោះមិនត្រូវបានចងជើងចងដៃ ឬឃាត់ខ្លួនឡើយ។ ទន្ទឹមនឹងនេះ សហភាពជាតិការ៉េន (KNU) បានបដិសេធការអះអាងរបស់របបយោធាដែលថា បានបង្ក្រាបមជ្ឈមណ្ឌលឆបោក និងចាប់ខ្លួនជនសង្ស័យចំនួន ៧៧៧នាក់ ដោយអះអាងថា ទីតាំងមួយចំនួនស្ថិតក្រោមការការពាររបស់ក្រុមប្រដាប់អាវុធដែលមានទំនាក់ទំនងជាមួយរបបយោធា។
ការផ្លាស់ទីមជ្ឈមណ្ឌលឆបោកកើតឡើង ខណៈសម្ពាធអន្តរជាតិលើបណ្តាញឆបោកតាមអនឡាញនៅមីយ៉ាន់ម៉ាកាន់តែខ្លាំងឡើង។ ស្ថានការណ៍នេះបង្ហាញពីភាពស្មុគស្មាញនៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ា ដែលបញ្ហាសន្តិសុខ ជម្លោះប្រដាប់អាវុធ និងឧក្រិដ្ឋកម្មឆ្លងដែន កំពុងប្រសព្វគ្នា ខណៈថៃព្យាយាមរឹតបន្តឹងការគ្រប់គ្រងលំហូរអាវុធ និងសកម្មភាពខុសច្បាប់ឆ្លងកាត់ព្រំដែនបន្ថែម។
ប្រភព៖ The Irrawaddy
https://web.facebook.com/share/p/1CGoBhJeq3/
bang kokpost
https://www.bangkokpost.com/thailand/general/3298209/pm-beefs-up-border-controls
Myanmar (CRPH)
រាយការណ៍ដោយ ៖ The Khmer Today


