International
សាឡាងឥណ្ឌូនេស៊ីឆេះកណ្ដាលសមុទ្រ បណ្ដាលឱ្យមនុស្សម្នាក់ស្លាប់ និងជាង ២០០នាក់ត្រូវជួយសង្គ្រោះ

ភ្នំពេញ ថ្ងៃទី13 ខែសីហា ឆ្នាំ2026៖ មនុស្សម្នាក់បានស្លាប់ និងមនុស្សជាង ២០០នាក់ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីសាឡាង Putri Yasmin បានឆាបឆេះកាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅក្នុងច្រកសមុទ្រ Lombok ក្បែរកោះបាលី ប្រទេសឥណ្ឌូនេស៊ី ខណៈសាឡាងកំពុងធ្វើដំណើរពីកំពង់ផែ Padang Bai ទៅកាន់កំពង់ផែ Lembar លើកោះ Lombok។ អគ្គិភ័យបានចាប់ផ្តើមប្រហែលម៉ោង ៤៖១៥នាទីព្រឹក ហើយអាជ្ញាធរបានបញ្ជូនក្រុមសង្គ្រោះទៅកាន់កន្លែងកើតហេតុភ្លាមៗ។
តាម Associated Press ក្រុមសង្គ្រោះបានជម្លៀសមនុស្ស ២១១នាក់ ចេញពីសាឡាងដែលកំពុងឆេះ និងបានរកឃើញសាកសពស្ត្រីជនជាតិឥណ្ឌូនេស៊ីម្នាក់ អាយុ១៩ឆ្នាំ។ ក្នុងចំណោមអ្នកដែលត្រូវបានជួយសង្គ្រោះ មានភ្ញៀវទេសចរអូស្ត្រាលី ២នាក់ ខណៈអ្នកដំណើរយ៉ាងហោចណាស់ ២នាក់បានរងរបួស និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅក្បែរនោះ។
មុនពេលកើតហេតុ បញ្ជីផ្លូវការរបស់សាឡាងបានកត់ត្រាថា មានមនុស្ស ១៣១នាក់ រួមទាំងនាវិក ១៧នាក់ ព្រមទាំងរថយន្ត ៤៤គ្រឿង និងម៉ូតូ ៥៣គ្រឿង។ ប៉ុន្តែចំនួនមនុស្សដែលត្រូវបានជួយសង្គ្រោះមានច្រើនជាងចំនួនក្នុងបញ្ជី ដែលធ្វើឱ្យអាជ្ញាធរត្រូវបន្តពិនិត្យ និងរាប់ចំនួនអ្នកដំណើរឱ្យបានច្បាស់លាស់។ តាមការរាយការណ៍បឋម អគ្គិភ័យអាចពាក់ព័ន្ធនឹងរថយន្តមួយគ្រឿងដែលស្ថិតនៅលើសាឡាង ប៉ុន្តែមូលហេតុផ្លូវការនៅមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។
ប្រតិបត្តិការជួយសង្គ្រោះត្រូវបានធ្វើឡើងក្នុងស្ថានភាពលំបាក ដោយសារសមុទ្រមានរលកខ្លាំង រហូតដល់ប្រមាណ ៤ម៉ែត្រ។ កងទ័ពជើងទឹក នាវាល្បាត នាវាសង្គ្រោះ និងឧទ្ធម្ភាគចក្រ ត្រូវបានដាក់ពង្រាយ ដើម្បីស្វែងរក និងជួយអ្នកដំណើរ។ អាជ្ញាធរបានបញ្ជាក់ថា ប្រតិបត្តិការនឹងបន្តរហូតដល់ការរាប់ចំនួនអ្នករងគ្រោះ និងការស្វែងរកអ្នកដែលអាចបាត់ខ្លួនត្រូវបានបញ្ចប់។
ហេតុការណ៍នេះកើតឡើងមិនដល់ពីរសប្តាហ៍ផង បន្ទាប់ពីសាឡាង Mutiara Sentosa 2 មួយផ្សេងទៀតបានឆេះនៅដែនទឹកក្បែរកោះជ្វា បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៥នាក់ស្លាប់។ ឥណ្ឌូនេស៊ីជាប្រទេសប្រជុំកោះដែលមានកោះជាង ១៧,០០០កោះ ហើយសាឡាងគឺជាមធ្យោបាយដឹកជញ្ជូនដ៏សំខាន់។ ឧបទ្ទវហេតុផ្លូវទឹកកើតឡើងជាបន្តបន្ទាប់ ដោយបញ្ហាសុវត្ថិភាព និងការអនុវត្តបទប្បញ្ញត្តិមិនបានតឹងរ៉ឹង ត្រូវបានលើកឡើងជាបញ្ហាប្រឈមសម្រាប់វិស័យនេះ។
ប្រភព៖ AP news
https://apnews.com/article/indonesia-bali-lombok-ferry-fire-ab527cf29730147f86c4c82f341584eb
រាយការណ៍ដោយ៖ The Khmer Today


