National
យោធិនបំពេញកាតព្វកិច្ចយោធា នឹងទទួលបានប្រាក់ឧបត្ថម្ភ ៤០ម៉ឺនរៀលក្នុង១ខែ និងរបបផ្សេងៗ

ភ្នំពេញ៖ យោធិនដែលបំពេញកាតព្វកិច្ចយោធា នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ៤០ម៉ឺនរៀលក្នុងម្នាក់ ព្រមទាំងគោលរបប និងការឧបត្ថម្ភផ្សេងៗស្រដៀងនឹងយោធិនអាជីព។ នេះបើយោងតាមអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ដែលចេញដោយរាជរដ្ឋាភិបាលកម្ពុជា។
អនុក្រឹត្យនេះមានគោលបំណងកំណត់លក្ខខណ្ឌ និងបែបបទនៃការធ្វើជំរឿន ការជ្រើសរើស ការអញ្ជើញ ការពន្យារពេល ការផ្តល់ប្រាក់ឧបត្ថម្ភ និងគោលរបបផ្សេងៗ ព្រមទាំងការលើកទឹកចិត្ត និងនីតិវិធីសម្រាប់ប្រជាពលរដ្ឋដែលបានបញ្ចប់កាតព្វកិច្ចយោធា ក្នុងការចូលបម្រើការងារ ឬបន្តការសិក្សាឡើងវិញ។ វិធានការទាំងនេះមានគោលដៅធានាឱ្យការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធាប្រព្រឹត្តទៅដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព។
តាមអនុក្រឹត្យ ការធ្វើជំរឿនយុវជននឹងចាប់ផ្តើមពី ដើមខែតុលា ដល់ខែធ្នូ ជារៀងរាល់ឆ្នាំ លើយុវជនដែលស្ថិតក្នុងអាយុដែលច្បាប់កំណត់។ អ្នកដែលត្រូវបានជ្រើសរើសនឹងត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ខែ ឬ២ឆ្នាំ។ ក្នុងអំឡុងពេលបំពេញកាតព្វកិច្ច យោធិននឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ៤០ម៉ឺនរៀល ព្រមទាំងប្រាក់ម្ហូបប្រចាំថ្ងៃ ប្រាក់អាហារបំប៉នបន្ថែមពេលហ្វឹកហាត់ និងរបបអង្ករប្រចាំថ្ងៃ។
ក្រៅពីនេះ យោធិនបំពេញកាតព្វកិច្ចក៏នឹងទទួលបានគោលរបបផ្សេងៗដូចយោធិនអាជីព រួមមាន ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារ និងកូន របបឯកសណ្ឋានប្រយុទ្ធ និងបរិក្ខារចាំបាច់មួយចំនួន។ ការផ្តល់របបទាំងនេះត្រូវបានរំពឹងថា នឹងជួយធានាជីវភាព និងលើកទឹកចិត្តដល់យុវជនដែលចូលរួមបំពេញកាតព្វកិច្ចយោធាជូនជាតិ។
គួរបញ្ជាក់ថា ច្បាប់ស្តីពីកាតព្វកិច្ចយោធា ត្រូវបានប្រកាសឱ្យប្រើកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីត្រូវបានរដ្ឋសភា និងព្រឹទ្ធសភាអនុម័ត។ ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរដែលមានអាយុចាប់ពី ១៨ ដល់ ២៥ឆ្នាំ តាមការកំណត់នៃច្បាប់ ខណៈការបំពេញកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋខ្មែរជាស្ត្រី ត្រូវផ្អែកលើ គោលការណ៍ស្ម័គ្រចិត្ត។
ប្រភព ៖ ក្រសួងការពារជាតិ/អនុក្រឹត្យ ស្តីពី ការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា
https://www.facebook.com/share/p/1KgnKJ16Kt/
រាយការណ៍ដោយ៖ The Khmer Today


