International
នាយករដ្ឋមន្ត្រីថៃ អនុទីន ត្រូវបានប៉ូលិសឃាត់ស្វែងរកអាវុធ និងគ្រឿងញៀននៅបុរីរ៉ាំ

ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦៖ អាជ្ញាធររដ្ឋបាល និងសមត្ថកិច្ចនគរបាលថៃ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ បានរួមគ្នាដាក់ប៉ុស្តិ៍ត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ដើម្បីស្វែងរកអាវុធ និងគ្រឿងញៀន នៅស្រុកបានដាន់ ខេត្តបុរីរ៉ាំ ព្រមទាំងតំបន់មួយចំនួនទៀតទូទាំងខេត្ត។ ប្រតិបត្តិការនេះធ្វើឡើងស្របតាមគោលនយោបាយរបស់នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ លោក អនុទីន ចាន់វីរ៉ាគុល (Anutin Charnvirakul) ដើម្បីពង្រឹងការគ្រប់គ្រងអាវុធ និងទប់ស្កាត់ការរីករាលដាលអាវុធនៅក្នុងសង្គម។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺលោក អនុទីន ចាន់វីរ៉ាគុល ដែលកំពុងបំពេញបេសកកម្មការងារនៅក្នុងតំបន់នោះ ក៏ត្រូវបានមន្ត្រីឃាត់ឱ្យឆ្លងកាត់ការត្រួតពិនិត្យដូចប្រជាពលរដ្ឋទូទៅផងដែរ។ នៅពេលនោះ លោកបានសួរមន្ត្រីថា «តើរកឃើញអ្វីទេ?» ខណៈមន្ត្រីបានឆ្លើយថា «មិនមានអ្វីទេ»។ បន្ទាប់មក លោក អនុទីន បានបញ្ជាក់ថា លោកចង់សួរអំពីលទ្ធផលត្រួតពិនិត្យនៅតាមប៉ុស្តិ៍ជុំវិញតំបន់នេះ ហើយមន្ត្រីបានឆ្លើយថា «យើងរកឃើញតែគ្រឿងញៀនប៉ុណ្ណោះ»។
ការរឹតបន្តឹងការត្រួតពិនិត្យអាវុធនេះ កើតឡើងខណៈសង្គមថៃបានប្រឈមនឹងហេតុការណ៍ហិង្សាដោយប្រើអាវុធជាបន្តបន្ទាប់ រួមមានករណីបាញ់ប្រហារនៅសាលារៀន ដែលត្រូវបានចោទប្រកាន់ថាពាក់ព័ន្ធនឹងយុវជនអាយុ១៤ឆ្នាំ និងករណីកូនរបស់អ្នកនយោបាយល្បីម្នាក់ ត្រូវបានចោទប្រកាន់ថាបានប្រើកាំភ្លើងវាយសិស្សរួមថ្នាក់ម្នាក់។ ក្រៅពីនេះ ក៏មានករណីបាញ់លោកវរសេនីយ៍ឯក ថងឆៃ យ៉េនប្រាសឺត (Thongchai Yenprasert) អតីតប្រធានអង្គការរដ្ឋបាលខេត្តនន្ទបុរី (Nonthaburi Provincial Administrative Organization) ដែលត្រូវបានចោទប្រកាន់ថាពាក់ព័ន្ធនឹងអតីតអ្នកនយោបាយ ឆាឡុង រៀវរ៉េង (Chalong Riawreng)។
ជាផ្នែកមួយនៃវិធានការទប់ស្កាត់ លោក អនុទីន ក៏បានបញ្ជាឱ្យផ្អាកការចេញលិខិតអនុញ្ញាតទិញអាវុធ និងលិខិតអនុញ្ញាតកាន់កាប់អាវុធ រហូតដល់មានការសម្រេចផ្សេងទៀតពីគណៈរដ្ឋមន្ត្រី។ លោកក៏បានណែនាំឱ្យក្រសួងមហាផ្ទៃបញ្ឈប់ការផ្តល់អាវុធជារង្វាន់ដល់មេឃុំ និងមេភូមិ ដោយមានគោលដៅកាត់បន្ថយការចូលដល់អាវុធ និងទប់ស្កាត់អំពើហិង្សា ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។
ប្រភព៖ Khaosod English
រាយការណ៍ដោយ៖ The Khmer Today


