International
រញ្ជួយដីនៅឥណ្ឌូណេស៊ី ឆក់យកជីវិតមនុស្ស៥៣នាក់ ខណៈមនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀស

ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦៖ រញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ បានវាយប្រហារតំបន់កោះហ្វ្លូរ៉េស ភាគខាងកើតប្រទេសឥណ្ឌូណេស៊ី កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៥៣នាក់ស្លាប់ និងមនុស្សជាច្រើននាក់ផ្សេងទៀតរងរបួស ខណៈប្រជាពលរដ្ឋរាប់ពាន់នាក់ត្រូវបានជម្លៀសទៅកាន់ទីជម្រកបណ្តោះអាសន្ន ដើម្បីគេចចេញពីហានិភ័យនៃការរញ្ជួយបន្ត។
តាមការរាយការណ៍ អ្នកជំងឺនៅតាមមន្ទីរពេទ្យមួយចំនួនក្នុងតំបន់រងគ្រោះ ត្រូវបានជម្លៀសចេញពីអគារ និងទទួលការព្យាបាលនៅក្នុងតង់បណ្តោះអាសន្ន ដោយសារអគាររងការខូចខាតពីកម្លាំងរញ្ជួយ។ ទន្ទឹមនោះ ផ្ទះសម្បែង សាលារៀន មន្ទីរពេទ្យ និងអគារសាធារណៈជាច្រើនកន្លែងក៏ត្រូវបានរាយការណ៍ថា រងការខូចខាត ខណៈក្រុមសង្គ្រោះកំពុងបន្តស្វែងរកជនរងគ្រោះ និងវាយតម្លៃទំហំនៃការខូចខាត។
អាជ្ញាធរឥណ្ឌូណេស៊ីបានបង្កើនកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ និងផ្តល់ជំនួយដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ខណៈមនុស្សប្រមាណ ៥,០០០នាក់ត្រូវបានជម្លៀសទៅកាន់ទីជម្រកសុវត្ថិភាព។ ក្រុមសង្គ្រោះក៏ត្រូវប្រឈមនឹងបញ្ហាផ្លូវធ្វើដំណើរមួយចំនួនដែលត្រូវបានកាត់ផ្តាច់ និងការរញ្ជួយបន្តបន្ទាប់ ដែលធ្វើឱ្យប្រជាពលរដ្ឋជាច្រើននៅតែមានការព្រួយបារម្ភ និងមិនទាន់ហ៊ានត្រឡប់ទៅផ្ទះវិញ។
ឥណ្ឌូណេស៊ីស្ថិតនៅតំបន់ «ខ្សែក្រវាត់ភ្លើងប៉ាស៊ីហ្វិក» (Pacific Ring of Fire) ដែលជាតំបន់មានសកម្មភាពភូគព្ភសាស្ត្រខ្លាំង និងជួបប្រទះរញ្ជួយដីជាញឹកញាប់។ អាជ្ញាធរបានបន្តតាមដានស្ថានការណ៍ និងអំពាវនាវឱ្យប្រជាពលរដ្ឋនៅតំបន់រងគ្រោះ បន្តប្រុងប្រយ័ត្ន និងអនុវត្តតាមការណែនាំរបស់ក្រុមសង្គ្រោះ និងអាជ្ញាធរមូលដ្ឋាន។
ប្រភព៖ Reuters និង Associated Press (AP).
https://apnews.com/article/indonesia-flores-earthquake-landslide-bf1d024bdec7727094f8dc73d7dd5e34
រាយការណ៍ដោយ៖ The Khmer Today


